ជិតលែងស្ទះហើយ ! ស្ពានថ្មីឆ្លងកាត់ទន្លេសាបក្នុងខណ្ឌឬស្សីកែវសម្រេចបាន៩៣%ហើយ
January 16, 2023, 7:30 a.m.
ការដ្ឋានសាងសង់ស្ពានបេតុងឆ្លងកាត់ទន្លេសាបស្របនឹងស្ពានបាឡេនៅចំណុចមុខឃ្លាំងសាំងស្ថិតក្នុងខណ្ឌឫស្សីកែវ តភ្ជាប់ទៅតំបន់អភិវឌ្ឍន៍ជ្រោយចង្វា ខណ្ឌជ្រោយចង្វា ដែលសាងសង់ដោយក្រុមហ៊ុន OCIC បានឈានដល់ការតភ្ជាប់តួស្ពានហើយ ដោយនៅព្រឹកនេះ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីក្នុងពិធីភ្ជាប់ស្ពានបេតុងខ្សែកាបនេះ ។បើតាមការឱ្យដឹងពីលោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ គិតត្រឹមថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ នេះការដ្ឋានសាងសង់ស្ពានបេតុងខ្សែកាបឫស្សីកែវសម្រេចបាន៩៣% ហើយគ្រោងនឹងបញ្ចប់ទាំងស្រុងនៅដើមខែមេសា ឆ្នាំ២០២៣ ខាងមុខនេះ ។សូមបញ្ជាក់ផងដែរថា ស្ពាននេះសាងសង់ដោយក្រុមហ៊ុន OCIC ដោយប្រើរយៈពេល ២៨ខែ ដែលជាប្រភេទស្ពានបេតុងខ្សែកាប មានប្រវែង៩២២ម៉ែត្រ ទទឹង២០,៥ម៉ែត្រ ចិញ្ចើមស្ពានសម្រាប់ថ្មើរជើងមានទទឹង១,២៥ម៉ែត្រសងខាង កម្ពស់សរសរស្ពានសម្រាប់ព្យួរខ្សែកាបធៀបនឹងកម្រាលស្ពាន៣៤ម៉ែត្រ ។សរសរសម្រាប់ព្យួរខ្សែកាបមានសរសរចំនួន៤, គន្លងខ្សែយានយន្តទទឹង ៣.៧៥ម៉ែត្រ, គន្លងធ្វើចរាចរ ២ខ្សែ ទៅ និង២ខ្សែ មក, កម្ពស់នាវាចរក្រោមស្ពានអតិបរមានៅរដូវវស្សា ១០.៥ម៉ែត្រ, កម្ពស់នាវាចរ ក្រោមស្ពាន អប្បរមា នៅរដូវប្រាំង ២០,៥ម៉ែត្រ បំពាក់បង្គោលភ្លើងបំភ្លឺ និងដាក់ស្លាកសញ្ញាចរាចរ ។ក្រោយការស្ថាបនារួចរាល់ ស្ពានបេតុងខ្សែកាបនេះនឹងបង្កើតលំហូរចរាចរថ្មីតភ្ជាប់ពីផ្លូវជាតិលេខ៥ នៃខណ្ឌឫស្សីកែវ និងផ្លូវជាតិលេខ៦ នៃខណ្ឌជ្រោយចង្វា ហើយក៏ជាការបង្កើតផ្លូវថ្មីតភ្ជាប់ចរាចរក្នុងទីក្រុងទៅពហុកីឡដ្ឋានជាតិមរតកតេជោផងដែរ ៕ កំពុងស្វែងរកទិញ-លក់ ឬជួលអចលនទ្រព្យមែនទេ? ពួកយើងអាចជួយលោកអ្នក !