រាជរដ្ឋាភិបាលសម្រេចលុបបំបាត់ការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ និងការផ្តល់សេវាអ៊ីនធឺណិតផ្តាច់មុខ ព្រមទាំងជំរុញឱ្យប្រតិបត្តិករផ្តល់សេវាទូរសព្ទចល័ត និងអ៊ីនធឺណិតបង្កើតគុណភាពសេវាតាមបុរី អគារសហកម្មសិទ្ធិ និងទីប្រជុំជននានា ។ នេះបើយោងតាមលិខិតជូនដំណឹងរបស់និយ័តករទូរគមនាគមន៍កម្ពុជា ។
តាមរយៈលិខិតរបស់និយ័តករទូរគមនាគមន៍កម្ពុជាដែលជូនដំណឹងទៅកាន់អ្នកឧកញ៉ាប្រធានសមាគមអ្នកអភិវឌ្ឍលំនៅដ្ឋានកម្ពុជាបានឱ្យដឹងថា រាជរដ្ឋាភិបាលបានសម្រេចលុបបំបាត់ការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធទូរគមនាគម៍ និងការផ្តល់សេវាអ៊ីនធឺណិតផ្តាច់មុខនៅតាមបុរី អគារសហកម្មសិទ្ធិ និងទីប្រជុំជននានា ។
លិខិតដដែលក៏បានឱ្យដឹងផងដែរថា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានបង្កើតក្រុមការងារលើកកម្ពស់គុណភាពសេវាទូរគមនាគមន៍តាមបុរីដែលដឹកនាំផ្ទាល់ដោយឯកឧត្តមរដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ដើម្បីសម្របសម្រួល និងអនុវត្តខ្លឹមសារនៃការសម្រេចរបស់រាជរដ្ឋាភិបាលនេះ ។
ក្នុងខ្លឹមសារលិខិតរបស់និយ័តករទូរគមនាគមន៍កម្ពុជាដែលដាក់ជូនប្រធានសមាគមអ្នកអភិវឌ្ឍលំនៅដ្ឋានកម្ពុជា ស្នើទៅដល់ម្ចាស់បុរីនីមួយៗដើម្បីសហការ និងចូលរួមអនុវត្តតាមការសម្រេចរបស់រាជរដ្ឋាភិបាល និងបញ្ឈប់រាល់ការអនុញ្ញាតការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធទូរគមន៍ទាំងអស់នៅក្នុងបុរីដោយគ្មានការអនុញ្ញាតជាមុនពីនិយ័តករទូរគមនាគមន៍កម្ពុជា ដើម្បីទុកលទ្ធភាពឱ្យក្រុមការងារនៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ធ្វើការងារជាមួយប្រតិបត្តិករទូរគមនាគមន៍តាមបុរី អគាសហកម្មសិទ្ធិ និងទីប្រជុំជន ៕
លោកអ្នកអាចព្រឹក្សាយោបល់អំពីការ ទិញ លក់ និងជួល អចលនទ្រព្យនានាបានគ្រប់ពេលដោយគ្រាន់តែទំនាក់ទំនងមកកាន់យើងខ្ញុំឥឡូវនេះបានតាមរយៈប៊ូតុងខាងក្រោម !!!