ទន្ទឹមនឹងវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាកំពុងតែមានសន្ទុះកើនឡើងជាបន្តបន្ទាប់ ក្នុងនោះវិស័យដីធ្លីត្រូវបានគេមើលឃើញថាហាក់ត្រូវប៉ាន់ខ្លាំងជាងគេ ដោយមានបណ្តាវិនិយោគិនជាច្រើនបានបណ្តាក់ទុនទិញដីគ្រប់ទំហំរួចពុះជាឡូត៍សម្រាប់លក់ជាដើម ។ ប៉ុន្តែប្រសិនបើចង់វិនិយោគ ឬទិញដីដើម្បីអាចទទួលបានផលចំណេញខ្ពស់ តើត្រូវជ្រើសរើសទិញដីប្រភេទណា?
ជាក់ស្តែងដីមានច្រើនប្រភេទដូចជា ដីសម្រាប់កសិកម្ម, ដីសម្រាប់ទេសចរណ៍ និងដីផ្សេងៗទៀត ប៉ុន្តែសម្រាប់ដីដែលទិញហើយឆាប់ទទួលបានផលចំណេញខ្ពស់គឺជាប្រភេទដីលំនៅឋាន ដែលវាជាដីដែលឆាប់ចំណេញ និងងាយស្រួលក្នុងការទិញលក់ ។ នេះបើយោងតាមប្រសាសន៍របស់លោកឧកញ៉ា គីម ហ៊ាង ។
លោកឧកញ៉ា គីម ហ៊ាង ក៏បានបន្តឱ្យដឹងផងដែរថា ដីសម្រាប់ឧស្សាហកម្ម គឺដីដែលអាចធ្វើរោងចក្រ សហគ្រាសបានវាជាប្រភេទដីដែលឡើងថ្លៃលឿន ដោយសារការសាងសង់រោងចក្រនាំមកនូវលំហូរមនុស្ស នោះសកម្មភាពសេដ្ឋកិច្ចក៏មានច្រើន នោះដីប្រាកដជាឡើងថ្លៃ ។
ក្នុងនោះលោកឧកញ៉ាក៏បានផ្តល់ជាមតិផងដែរថា បើសិនបងប្អូនទិញដីដែលនៅចាប់ផ្លូវល្បឿនលឿននោះមិនសូវមានផលចំណេញនោះទេវាអាចនឹងជាប់គាំង ព្រោះអីព្រោះផ្លូវល្បឿនលឿនមិនអនុញ្ញាតឱ្យមានការឈប់សម្រាកឡើយ ។ ចំណែកឯដីដែលនៅតំបន់ព្រលានយន្តហោះវិញ ការទិញដីនៅតំបន់នោះហាក់ពិបាកទទួលបានផលចំណេញ ព្រោះព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីឆ្ងាយខ្លាំងពីរាជធានីភ្នំពេញ និងមិនទាន់មានហេដ្ឋារចនាសម្ព័ន្ធអ្វីគ្រប់គ្រាន់នៅឡើយ ៕