បច្ចុប្បន្នលោក យ៉ន សុភារិទ្ធិគឺជាស្ថាបនិក និងជានាយកគ្រប់គ្រងរបស់គេហទំព័រ BizKhmer ដែលជាប្រព័ន្ធផ្សព្វផ្សាយឌីជីថលប្រកបដោយវិជ្ជាជីវៈផ្ដោតសំខាន់ទៅលើអត្ថបទសហគ្រិនភាព អប់រំ អាជីវកម្ម និងអចលនទ្រព្យ និងកំពុងតែរៀបចំបង្កើតអាជីវកម្មជួយជ្រោមជ្រែងអាជីវកម្មខ្នាតតូចនិងមធ្យមមួយទៀតដែលផ្ដោតទៅលើការផ្ដល់ដំណោះស្រាយលើការរៀបចំប្រព័ន្ធគ្រប់គ្រងនិងអភិវឌ្ឍន៍។
ដើម្បីស្វែងយល់ឲ្យកាន់តែច្បាស់បទពិសោធន៍ និងឬសគល់នៃការតស៊ូក្នុងវិស័យអនឡាញជាង១០ឆ្នាំកន្លងមកនេះហើយបានឈានដល់ការបង្កើតក្រុមហ៊ុនផងនោះ Realestate.com.kh បានសម្ភាសន៍ជាមួយលោក សុភារិទ្ធិ ដោយផ្ទាល់ដើម្បីបកស្រាយពីចំណុចទាំងនេះ។
លោក សុភារិទ្ធិ បានធ្វើការនៅក្នុងប្រព័ន្ធផ្សព្វផ្សាយទំនាក់ទំនងបណ្តុះបណ្តាលប្រឹក្សាយោបល់ និងបានបង្រៀននៅក្នុងវិស័យនេះជិត១០ឆ្នាំមកហើយមុនពេលលោក និងដៃគូចាប់ផ្តើមបង្កើតគេហទំព័រ BizKhmer នៅចុងឆ្នាំ២០១៥។
ក្នុងបទពិសោធន៍ការងាររបស់លោក លោកធ្លាប់ធ្វើការនៅក្រុមហ៊ុនអនឡាញធំជាងគេនៅកម្ពុជា Sabay និងក្រុមហ៊ុនអនឡាញមួយចំនួនទៀត និងចុងក្រោយបំពេញការងារជាប្រធានផ្នែកទំនាក់ទំនងនៅក្រុមហ៊ុន Phnom Penh City Center ដែលជាក្រុមហ៊ុនវិនិយោគអចលនទ្រព្យដ៏ធំបំផុតនៅកម្ពុជា។
ចាប់តាំងពីឆ្នាំ២០១៤មកដល់បច្ចុប្បន្ន លោកក៏បានធ្វើជាគ្រូបង្រៀននៅតាមសាកលវិទ្យាល័យមួយចំនួននៅកម្ពុជាដោយបណ្តុះបណ្តាល មុខវិជ្ជាពាក់ព័ន្ធទៅនឹងយុទ្ធសាស្ត្រនៃការគ្រប់គ្រង សហគ្រិនអន្តរជាតិ ការធ្វើផែនការបង្កើតអាជីវកម្ម សេដ្ឋកិច្ច មីក្រូសេដ្ឋកិច្ច ម៉ាក្រូសេដ្ឋកិច្ច ការបកប្រែប្រព័ន្ធផ្សព្វផ្សាយសិល្បៈនៃការការសេរសេរសេចក្តីប្រកាសព័ត៌មាន ការធ្វើទីផ្សារបែបទំនើប និងជំនាញផ្សេងៗទៀតដែលពាក់ព័ន្ធនឹងអាជីវកម្ម និងឌីជីថល។ លោកក៏ បានបង្រៀនផ្នែកអាជីវកម្ម និងប្រព័ន្ធផ្សព្វផ្សាយឌីជីថលដល់ម្ចាស់សហគ្រាសខ្នាតតូចជាច្រើនទាំងនៅភ្នំពេញ និងនៅតាមបណ្ដាខេត្តជាច្រើនផងដែរ។
ទាក់ទងនឹងការសិក្សាវិញ លោកសុភារិទ្ធិ បានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតសហគ្រិនភាពដើម្បីសង្គមនិងវប្បធម៌ (Social and Cultural Entrepreneurship) សាកលវិទ្យាល័យ Université Lumière Lyon 2 និងផ្នែកសហគ្រិនភាព និងការគ្រប់គ្រងនវានុវត្តន៍ពីសាកលវិទ្យាល័យ University of Lille I នៅក្នុងឆ្នាំ ២០១៦ ។
លោកសុភារិទ្ធិ បានឲ្យដឹងថាក្នុងជីវិតការងារនៅក្នុងវិស័យប្រព័ន្ធផ្សព្វផ្សាយ និងអចលនទ្រព្យក៏ដូចជាការធ្វើអាជីវកម្មនៅក្នុងប្រព័ន្ធផ្សព្វផ្សាយ និងប្រឹក្សាយោបល់គឺតែងតែមានការប្រកួតប្រជែង និងវិវត្តន៍ទៅមុខជានិច្ច ហើយរឹតតែខ្លាំងឡើងៗថែមទៀតផង។ លោកនិយាយថា “រយៈពេលប្រមាណជា ៤ឆ្នាំចុងក្រោយនេះ ខ្ញុំបានប្តេជ្ញាចិត្ត ក្នុងការចែករំលែកអំពី ការទំនាក់ទំនង និងកិច្ចការជាច្រើន ក្នុងវិស័យប្រព័ន្ធផ្សព្វផ្សាយ ការរៀបចំផែនការអាជីវកម្ម បណ្ដាញសង្គម និងយុទ្ធសាស្ត្រពាណិជ្ជកម្ម និងជួយប្រឹក្សាយោបល់ដល់ម្ចាស់សហគ្រាសខ្នាតតូច និងមធ្យម និងបង្រៀនជំនាញសារព័ត៌មានដល់និស្សិតដែលនឹងក្លាយទៅជាអ្នកសារព័ត៌មាននាពេលឆាប់ៗខាងមុខនេះ” ។
មូលហេតុដែលលោក នៅតែប្រឹងប្រែងនៅក្នុងវិស័យនេះ គឺដោយសារតែលោកមើលឃើញថាបច្ចុប្បន្ននេះចំនួនអ្នកប្រើប្រាស់អ៊ីនធើណិតនៅកម្ពុជាកំពុងតែកើនឡើងក្នុងសន្ទុះដ៏ខ្លាំងក្លាជាក់ស្ដែងត្រឹមដើមឆ្នាំ២០១៨នេះ ៥០%នៃប្រជាជនកម្ពុជាអាចប្រើប្រាស់អ៊ីនធឺណិតបាន។ អីចឹងហើយជាយើងសង្កេតឃើញថាគ្រប់គ្នាចាប់ផ្តើមចំណាយពេលវេលាច្រើនលើប្រព័ន្ធអនឡាញជាងការអានកាសែត ស្តាប់វិទ្យុ ឬមើលទូរស្សន៍។ ដោយសារតែនិន្នាការនេះនឹងបន្តកើនឡើងទៅមុខទៀត ហើយស្របពេលដែលគេហទំព័រជាច្រើនផ្ដោតទៅលើការកម្សាន្ត និងព័ត៌មានសន្តិសុខសង្គមទូទៅដូចនេះទើបនៅចុងឆ្នាំ២០១៥យើងបានសម្រេចចាប់ផ្តើមដំណើរគេហទំព័រ Bizkhmer ជាផ្លូវការក្នុងគោលដៅផ្ដល់នូវអត្ថបទជាលក្ខណៈអប់រំរាល់គ្រប់ទម្រង់ដើម្បីចូលរួមចំណែកបន្តិចបន្តួចដល់ការផ្លាស់ប្ដូរការគិតរបស់យុវជនយើង។
លោក សុភារិទ្ធិ បានលើកឡើងថា គេហទំព័រ Bizkhmer ផ្តោតសំខាន់លើការផ្តល់ចំណេះដឹង ដែលមានប្រយោជន៍ដល់អ្នកអាន ជាពិសេសគ្របដណ្តប់លើអាជីព ចំណេះដឹងទូទៅ និងអាជីវកម្ម។
ជាដំបូន្មានសម្រាប់សហគ្រិន និងយុវជនជំនាន់ក្រោយដែលចាប់អារម្មណ៍ក្នុងការចាប់ផ្តើមអាជីវកម្ម ឬអាជីពនៅក្នុងប្រព័ន្ធឌីជីថល លោក សុភារិទ្ធិបានលើកទឹកចិត្តឲ្យមានការប្តេជ្ញាចិត្ត ខ្ពស់ ដោយហេតុថា ការចាប់ផ្ដើមអាជីវកម្មណាមួយមិនងាយស្រួលនោះឡើយ ហើយថែមទាំងពិបាកជាងអ្វីដែលយើងបានធ្វើផែនការ និងគិតទៅទៀត។ ទន្ទឹមនឹងការលះបង់យើងត្រូវចេះច្នៃប្រឌិតនិងបង្កើតឱ្យបាននូវគុណតម្លៃ (value proposition) សម្រាប់អតិថិជន និងបុគ្គលដែលពាក់ព័ន្ធក្នុងអាជីវកម្មរបស់យើង។
ទោះជាយ៉ាងណា លោក សុភារិទ្ធិ បានលើកឡើង៣ចំណុចជាគន្លឹះសម្រាប់អ្នកដែលពិតជាចង់ក្លាយជាសហគ្រិនជាពិសេសនៅក្នុងវិស័យឌីជីថល។ អ្នកត្រូវមានផែនការអាជីវកម្មត្រឹមត្រូវ និងច្បាស់លាស់មួយដែលបង្ហាញពីទិសដៅនៃអាជីវកម្មរបស់អ្នកទៅអនាគត ក៏ដូចជាវិធីសាស្រ្តដែលធ្វើឲ្យផែនការទំាងនោះឆ្ពោះទៅរកភាពជោគជ័យ។
លើសពីនេះគំនិតច្នៃប្រឌិតក៏ដើរតួយ៉ាងសំខាន់ដែលមានន័យថាអ្នកត្រូវតែមានអ្វីដែលថ្មី និងប្លែកពីគេដើម្បីអាចប្រកួតប្រជែងទីផ្សារបាន។ កត្តាដែលសំខាន់មួយទៀតគឺអ្នកត្រូវតែ "ខិតខំធ្វើការឲ្យអស់កំលាំងកាយនិងកំលាំងចិត្ត"។ ដើម្បីសម្រេចក្តីសុបិន្តរបស់អ្នកការធ្វើការនៅក្នុងវិស័យមួយនេះបានទាមទារអោយអ្នកចំណាយពេលវេលាច្រើនបំផុតសូម្បីតែនៅថ្ងៃចុងសប្តាហ៍ និងថ្ងៃឈប់សម្រាកក៏ដោយ៕
ស្វែងរកព័ត៌មានចុងក្រោយបំផុតអំពីអចលនទ្រព្យកម្ពុជាតាមរយៈ Realestate.com.kh!
Comments