+855 92 92 1000
Logo
World Bank ៖ សេដ្ឋកិច្ចកម្ពុជាកំពុងងើបឡើងវិញ ប៉ុន្តែនៅអាចជួបឧបសគ្គច្រើនទៀត
Updated on: December 8, 2022, 9:25 a.m.
Published on: December 8, 2022, 9:25 a.m.

World Bank ៖ សេដ្ឋកិច្ចកម្ពុជាកំពុងងើបឡើងវិញ ប៉ុន្តែនៅអាចជួបឧបសគ្គច្រើនទៀត


រាជធានីភ្នំពេញ ៖ របាយការណ៍របស់ធនាការពិភពលោកបានចេញផ្សាយនិយាយថា សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាកំពុងងើបឡើងវិញបានល្អបន្ទាប់ពីការផ្ទុះជំងឺ​កូវីដ-១៩ ប៉ុន្តែកត្តាអវិជ្ជមាននានាដែលកំពុងកើតឡើងលើសកលលោក អាចបង្កហានិភ័យដល់ទស្សនវិស័យវិជ្ជមានសម្រាប់កំណើនក្នុងរយៈពេលប៉ុន្មានខែនា​ពេល​ខាងមុខ ។

នៅក្នុងរបាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជាសម្រាប់ខែធ្នូ ឆ្នាំ២០២២ ធនាគារពិភពលោកព្យាករថា កម្ពុជាមានកំណើនសេដ្ឋកិច្ច៤,៨ភាគរយ នៅក្នុងឆ្នាំ២០២២ ក្នុងនោះការងើបឡើងវិញនៃសេដ្ឋកិច្ចក្រោយសម័យមានជំងឺរាតត្បាតមានសន្ទុះកើនឡើងមួយផ្នែកដោយសារការស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍ ។

ឧស្សាហកម្មកាត់ដេរ ទំនិញធ្វើដំនើរ និងការនាំចេញស្បែកជើងរបស់កម្ពុជានៅរក្សាបានភាពស្វិតស្វាញរបស់ខ្លួន ។ វិស័យសេវាកម្ម ជាពិសេសផ្នែកធ្វើដំណើរ និងទេសចរណ៍មានដំណើរការបានល្អក្រោយពេលរដ្ឋាភិបាលដាក់ចេញនូវយុទ្ធសាស្ត្រ «រស់នៅជាមួយកូវីដ-១៩» នាចុងឆ្នាំ២០២១ ហើយចំនួនសរុបនៃការមកដល់របស់ភ្ញៀវអន្តរជាតិបានកើនឡើងជាលំដាប់រហូតដល់ទៅ១,២លាននាក់ក្នុងរយៈពេលបួនខែដំបូងនៃឆ្នាំ២០២២ ។ ទំនុកចិត្តរបស់ធុរកិច្ច និងអ្នកប្រើប្រាស់បានកើនឡើង អមដោយការកើនឡើងនៃការវិនិយោគក្នុងប្រទេស និងពីក្រៅប្រទេសផងដែរ ។

កំណើនសេដ្ឋកិច្ចត្រូវបានព្យាករថានឹងកើន៥,២ភាករយនៅឆ្នាំ២០២៣ ព្រោះថាកំណើននៃការជួលមនុស្សធ្វើការនឹងកាន់តែជួយដល់ការកើនឡើងនៃការទទួលទានប្រើប្រាស់ក្នុងស្រុក អមដោយការធ្លាក់ចុះនៃអតិផរណា ។ ទោះជាយ៉ាងណាក៏ដោយ ទស្សនវិស័យសម្រាប់មានកំណើនលឿនជាងនេះ នៅប្រឈមមុខនឹងហានិភ័យធ្ងន់ធ្ងរដោយសារតែការវិវត្តសភាពការណ៍នៅក្រៅព្រំដែនរបស់កម្ពុជា ។

កម្ពុជាមានសេដ្ឋកិច្ចទំហំតូច ដែលបើកចំហចំពោះការធ្វើពាណិជ្ជកម្មនៅខាងក្រៅ និងការវិនិយោគពីបរទេស ហើយទស្សនវិស័យកំណើនពិភពលោក នៅមានសភាពអាប់អួរ។ កំណើនពាណិជ្ជកម្មសកល បានថយចុះនៅឆមាសទីពីរនៃឆ្នាំ២០២២ ហើយត្រូវបានព្យាករថា នឹងថយចុះយ៉ាងខ្លាំងនៅឆ្នាំ២០២៣។ សេដ្ឋកិច្ចនៃប្រទេសកំពុងអភិវឌ្ឍន៍ដូចជា កម្ពុជាងាយរងគ្រោះណាស់ ជាពិសេសនៅពេលអតិផរណាកើន, ពិភពលោកមានកំណើនសេដ្ឋកិច្ចយឺត, ការផ្គត់ផ្គង់ថាមពលធ្លាក់ចុះ និងអត្រាការប្រាក់ឡើងកាន់តែខ្ពស់។

វិស័យផលិតកម្មរបស់កម្ពុជា ពឹងផ្អែកលើទីផ្សារនាំចេញដើម្បីរីកចម្រើន ហើយវានឹងរងផលប៉ះពាល់ជាអវិជ្ជមានខ្លាំង កាលណាកំណើនយឺតៗ កាន់តែអូសបន្លាយពេលនៅក្នុងទីផ្សារនាំចេញដ៏ធំបំផុតពីររបស់ខ្លួន គឺសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប។ ដូចគ្នានេះដែរ ការវិនិយោគនិងលំហូរមូលធនទំនងជានឹងថយចុះ ដោយសារការធ្លាក់ចុះបន្តិចម្តងៗ នូវទុនពីប្រទេសចិន ដែលជាប្រភពនៃការវិនិយោគផ្ទាល់ ពីបរទេសធំបំផុតរបស់កម្ពុជាមកទល់ពេលនេះ។

លោកស្រី ម៉ារៀម ស័រមែន នាយិកាធនាគារពិភពលោកប្រចាំប្រទេសមីយ៉ាន់ម៉ា កម្ពុជា និងឡាវ បានថ្លែងថា ដើម្បីការពារសេដ្ឋកិច្ចរបស់ខ្លួនពីផលប៉ះទង្គិចពីការធ្លាក់ចុះ នៃតម្រូវការនៅក្រៅប្រទេស កម្ពុជាគួរចាត់វិធានការដើម្បីពង្រឹងជំហរសារពើពន្ធរបស់ខ្លួន និងលើកកម្ពស់សេដ្ឋកិច្ចក្នុងស្រុក ជាពិសេសឧស្សាហកម្មទេសចរណ៍ដ៏ទាក់ទាញរបស់ខ្លួនសម្រាប់ពិភពលោក។

លោកស្រី ស័រមែន បានថ្លែងបន្តថា «ប្រាក់ចំណូលបានកើនឡើង ដោយសារការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ច និងភាពប្រសើរឡើងនៃផ្នែករដ្ឋបាល។ ការពង្រីកមូលដ្ឋានពន្ធនឹងជួយធានាបាននូវធនធានចាំបាច់សម្រាប់លើកកម្ពស់សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា និងសម្រាប់ទប់ទល់សភាពការណ៍នៅពេលមានការធ្លាក់ចុះសេដ្ឋកិច្ចក្នុងចំណោមដៃគូពាណិជ្ជកម្មធំៗ។ វិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ច គឺជាផ្នែកដ៏មានសក្ដានុពលសម្រាប់កំណើនទៅថ្ងៃមុខ»។

ឆ្ពោះទៅអនាគតវែងឆ្ងាយ សេដ្ឋកិច្ចរបស់កម្ពុជាត្រូវបានគេរំពឹងថា នឹងបន្តឈានទៅដល់អត្រាកំណើនប្រហែល ៦ភាគរយ នៅពេលដែលទេសចរណ៍អន្តរជាតិ និងក្នុងស្រុកបង្កើនអនុភាពកាន់តែរឹងមាំ។ ការចូលរួមរបស់កម្ពុជា នៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដែលបានចុះហត្ថលេខាកាលពីពេលថ្មីៗនេះ ក៏អាចជំរុញវិស័យកសិកម្ម និងឧស្សាហកម្មកែច្នៃកសិផល ឲ្យកាន់តែមានសន្ទុះឡើងទៀតដែរ។

ផ្នែកផ្តោតពិសេសនៃរបាយការណ៍នេះ បានពិនិត្យមើលផលប៉ះពាល់នៃអតិផរណាទៅលើភាពក្រីក្រ។ ផ្នែកនេះរំលេចពីតម្រូវការ ដើម្បីការពារជនងាយរងគ្រោះបំផុត ជាមួយគ្នានឹងការពង្រីកកម្មវិធីគាំពារសង្គម បណ្តោះអាសន្ន ដែលបានកំណត់គោលដៅយ៉ាងប្រុងប្រយ័ត្ន។ របាយការណ៍បច្ចុប្បនភាពសេដ្ឋកិច្ចកម្ពុជា ផ្តោតសំខាន់លើការវិវត្តនៃស្ថានភាពម៉ាក្រូសេដ្ឋកិច្ច ក្នុងរយៈពេលខ្លី និងមធ្យម ហើយចេញផ្សាយពីរដងក្នុងមួយឆ្នាំ៕

Comments