តាមរយៈកិច្ចប្រជុំតាមអនឡាញរវាងដំណាងក្រុមហ៊ុន Walmart ជាមួយនឹងឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣ ក្រុមហ៊ុនលក់រាយដ៏ល្បីឈ្មោះនៅសហរដ្ឋអាមេរិកមួយនេះកំពុងស្វែងរកឱកាសវិនិយោគនៅកម្ពុជា ។
លោកស្រី Anbinh Phan ដំណាងក្រុមហ៊ុន Walmart បានលើកឡើងថា លោកស្រីមានការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការគ្រប់គ្រងស្ថានភាពជំងឺកូវីដ-១៩នៅកម្ពុជាជាខ្លាំង ។ ក្រុមមានបំណងពង្រីកអាជីវកម្មរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ ។
ជាមួយគ្នានេះផងដែរឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មបានវាយតម្លៃខ្ពស់នូវការបញ្ជាទិញរបស់ក្រុមហ៊ុន Walmart នូវផលិតផលសំលៀកបំពាក់ និងសម្ភារៈធ្វើដំណើរពីកម្ពុជា ។ លើសពីនេះ ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងនូវសេចក្តីរីករាយ និងគាំទ្រពេញទំហឹង ចំពោះគោលបំណងរបស់ក្រុមហ៊ុន Walmart ក្នុងការទិញទំនិញពីកម្ពុជាបន្ថែមទៀត ដូចជាផលិតផលគ្រឿងសង្ហារឹម អេឡិចត្រូនិក និងជាពិសេសផលិតផលកសិកម្មសំខាន់ៗពីកម្ពុជា ដែលបំពេញបានតាមស្តង់ដារអន្តរជាតិ ។ ការជំរុញទិញផលិតផលបន្ថែមពីកម្ពុជាគឺសំដៅរួមចំណែកក្នុងការបង្កើតការងារ កាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា ។
ឯកឧត្តមលើកឡើងថា ក្រសួងពាណិជ្ជកម្ម នឹងបន្តកិច្ចសហការជាមួយក្រុមហ៊ុន Walmart វិស័យឯកជន និងក្រសួង-ស្ថាប័ន ពាក់ព័ន្ធនានា ដើម្បីជំរុញការនាំចេញផលិតផលកសិកម្មពីកម្ពុជា ទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ៕
Comments