+855 92 92 1000
Logo
រដ្ឋបាលរាជធានីភ្នំពេញ ប្រកាសអនុញ្ញាតឱ្យម្ចាស់អាជីវម្មសហគ្រាស ដាក់ពាក្យស្នើសុំលិខិតអនុញ្ញាតធ្វើដំណើរ កំលុងពេលបិទខ្ទប់
Updated on: June 6, 2022, 1:58 p.m.
Published on: April 20, 2021, 6:51 a.m.

រដ្ឋបាលរាជធានីភ្នំពេញ ប្រកាសអនុញ្ញាតឱ្យម្ចាស់អាជីវម្មសហគ្រាស ដាក់ពាក្យស្នើសុំលិខិតអនុញ្ញាតធ្វើដំណើរ កំលុងពេលបិទខ្ទប់


រូបភាព (RFI)៖ សាលារាជធានីភ្នំពេញ

យោងតាមក្រុមតេឡេក្រាម “ឯកសារមន្ត្រីសាធារណៈ” នៅថ្ងៃថ្ងៃច័ន្ទ ទី១៩ ខែមេសា ឆ្នាំ២០២១នេះ រដ្ឋបាលរាជធានីភ្នំពេញបានប្រកាសអនុញ្ញាតឱ្យម្ចាស់អាជីវកម្ម និងសហគ្រាសដែលត្រូវបានអនុញ្ញាតឱ្យប្រតិបត្តិការកំលុងពេលបិទខ្ទប់ យោងតាមប្រការ៣ នៃអក្រឹត្យ៥៥សសរ ចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ ដាក់ពាក្យស្នើសុំលិខិតធ្វើដំណើរ សម្រាប់បុគ្គលិករបស់ខ្លួន កំលុងពេលបិទខ្ទប់រាជធានីភ្នំពេញ ដែលត្រូវបានចាប់ផ្ដើមអនុវត្តចាប់តាំងពីថ្ងៃទី១៥ ខែមេសា ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១។

អាជីវកម្ម និងសហគ្រាសដែលត្រូវបានអនុញ្ញាតឱ្យបន្តប្រតិបត្តិការត្រូវបានបែងចែងជាបីករណី រួមមាន៖ ១) ករណីមិនត្រូវអនុញ្ញាតឱ្យកាត់បន្ថយបុគ្គលិក ២) ករណីអាជ្ញាធរជាអ្នកកំណត់ចំនួនបុគ្គលិក និង៣) ករណីតម្រូវឱ្យកាត់បន្ថយបុគ្គលិកត្រឹមកំរិត២%។

ករណីមិនតម្រូវឱ្យកាត់បន្ថយបុគ្គលិក រួមមានសេវាសង្គ្រោះបន្ទាន់ សេវាសុខាភិបាល និងឱសថស្ថាន, រោងចក្រ សហគ្រាស សិប្បកម្ម ឬទីកន្លែងផលិតម្ហូបអាហារ និងគ្រឿងឧបភោគបរិភោគ, រោងចក្រ សហគ្រាស សិប្បកម្ម ឬទីកន្លែងផលិតឱសថ និងសម្ភារៈបរិក្ខាពេទ្យ រួមទាំងម៉ាស អាកុល អុកស៊ីសែន, ផ្សារលក់ដុំ និងផ្សារឬទីតាំងលក់ដូរគ្រឿងឧបភោគបរិភោគដែលមានសណ្ដាប់ធ្នាប់, ស្ថានីយប្រេងឥន្ធនៈ-ហ្គាស និងទីតាំងលក់ហ្គាស, សេវាកម្មដឹកជញ្ជូនម្ហូបអាហារ ឬគ្រឿងឧបភោគបរិភោគ (មិនត្រូវដឹកជញ្ជូនមនុស្សឡើយ) និងសេវាដឹកជញ្ជូនទំនិញទូទៅចេញចូល ឬឆ្លងកាត់ភូមិសាស្ត្រដែលត្រូវបានបិទខ្ទប់ដើម្បីបម្រើឱ្យវិស័យសង្គម-សេដ្ឋកិច្ច (មិនត្រូវដឹកជញ្ជូនមនុស្សឡើយ)។

ករណីអាជ្ញាធរជាអ្នកកំណត់ចំនួនបុគ្គលិកមានដូចជា ផ្សារម៉ាត និងភោជនីយដ្ឋាន-អាហារដ្ឋានដែលលក់ជាអាហារវេចខ្ចប់, ការដឹកជញ្ជូនបុគ្គលិកដែលបានបញ្ចប់ការធ្វើចត្តាឡីស័ក និងអ្នកជម្ងឺចេញពីមន្ទីរពេទ្យ ឬកន្លែងសម្រាកព្យាបាល, សេវាកម្មសណ្ឋាគារ និងផ្ទះសំណាក់ដែលបម្រើឱ្យការធ្វើចត្តាឡីស័ក និងបុគ្គលិកប្រចាំការសម្រាប់គ្រប់គ្រង និងថែររក្សាឃ្លាំងស្តុកទំនិញ ឬគ្រឿងឧបភោគបរិភោគ។

ករណីតម្រូវឱ្យកាត់បន្ថយបុគ្គលិកត្រឹមកម្រិត២% មានដូចជាសេវាធនាគារ និងហរិញ្ញវត្ថុ, សេវាប្រៃសនីយ៍ និងទូរគមនាគមន៍, សេវាកម្មសណ្ឋាគារ និងផ្ទះសំណាក់ និងសកម្មភាពការងារ មុខរបរ និងអាជីវកម្មដែលដំណើរការតាមប្រព័ន្ធអនឡាញ។

ម្ចាស់អាជីវកម្ម ឬសហគ្រាសដែលស្ថិតនៅក្នុងករណីណាមួយ ក្នុងចំណោមករណីទាំង៣ខាងលើ ត្រូវបានតម្រូវឱ្យរៀបចំ និងបំពេញឯកសារ ដាក់មកសាលារាជធានីភ្នំពេញ ឬរដ្ឋបាលខ័ណ្ឌទាំង១៤ ដែលឯកសារទាំងនោះរួមមាន ១)លិខិតស្នើសុំការអនុញ្ញាតធ្វើដំណើរសម្រាប់បុគ្គលិកក្រុមហ៊ុន (ក្រុមហ៊ុនរៀបចំលិខិតនេះដោយខ្លួនឯង) ២)បំពេញទម្រង់៖ ពិព័ណ៌នាអំពីក្រុមហ៊ុន និងបុគ្គលិក ៣)បំពេញទម្រង់៖ បញ្ជីររាយនាមបុគ្គលិកដែលត្រូវស្នើសុំលិខិតធ្វើដំណើរ ៤)បំពេញទម្រង់៖ លិខិតអនុញ្ញាតឱ្យធ្វើដំណើរ និង៥)ភ្ជាប់ឯកសារសំខាន់ៗមកជាមួយនូវ៖ វិញ្ញាបនបត្រចុះបញ្ជីក្រុមហ៊ុន និងលិខិតអនុញ្ញាតប្រកបអាជីវកម្ម។ ម្ចាស់សហគ្រាសអាជីវកម្ម អាចធ្វើការដាក់ស្នើឯកសារទាំងនេះ ទៅសាលារាជធានីភ្នំពេញ ឬរដ្ឋបាលខ័ណ្ឌទាំង១៤ តាមរយៈក្រុមតេឡេក្រាមរបស់សាលារាជធានីភ្នំពេញ ឬរដ្ឋបាលខ័ណ្ឌទាំង១៤ ដែលអាជីវកម្មសហគ្រាសតាំងនៅ។

បំពេញទម្រង់៖ ពិព័ណ៌នាអំពីក្រុមហ៊ុន និងបុគ្គលិក

បំពេញទម្រង់៖ បញ្ជីររាយនាមបុគ្គលិកដែលត្រូវស្នើសុំលិខិតធ្វើដំណើរ

បំពេញទម្រង់៖ លិខិតអនុញ្ញាតឱ្យធ្វើដំណើរ

Comments