+855 92 92 1000
Logo
ចំ​ណតយាន​យន្ត​​ក្រោម​ដី​ត្រូវ​បង្កើន​ដើម្បី​កាត់​បន្ថយ​ការ​កក​ស្ទះ
Updated on: June 6, 2022, 5:02 p.m.
Published on: July 10, 2019, 2:31 a.m.

ចំ​ណតយាន​យន្ត​​ក្រោម​ដី​ត្រូវ​បង្កើន​ដើម្បី​កាត់​បន្ថយ​ការ​កក​ស្ទះ


រថយន្តកំពុងធ្វើដំណើរនៅក្នុងទីក្រុង

លោកនាយក​រដ្ឋ​មន្រ្តី​ ហ៊ុន សែន កាល​ពី​ថ្មីៗនេះ​បាន​​​ជំ​រុញ​ឲ្យ​មាន​ការ​បង្កើត​ទី​ចំ​ណត​យានយន្ត​សាធារណៈក្រោម​ដី​​ឲ្យ​កាន់​តែ​ច្រើន ដើម្បី​ដោះ​ស្រាយ​បញ្ហា​កក​ស្ទះ​នៅ​ទី​ក្រុង​ភ្នំពេញ​។

ថ្លែង​​ក្នុងឱកាស​ជួប​សំណេះសំណាល​ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​ស្វី​ស កាល​ពី​​ថ្ងៃទី​៤​ ខែ​កក្កដា លោក​នាយ​ក​រដ្ឋ​មន្រ្តី​ ហ៊ុន សែន បាន​ថ្លែង​​​ថា​​កង្វះ​​ចំណតរថយន្តបាន​ក្លាយ​ជា​​បញ្ហា​ចម្បង​មួយ​ក្នុង​ចំ​ណោម​បញ្ហា​ផ្សេងៗ​ទៀត​​នា​ពេល​បច្ចុប្បន្ន​ដែលត្រូវ​ពន្លឿន​កា​រ​ដោះ​ស្រាយ។

លោក​នាយ​ក​រដ្ឋ​មន្រ្តី បាន​ណែនាំ​ឲ្យ​រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី និង​អភិបាល​រាជធានី​ភ្នំពេញ ពិនិត្យ​បង្កើត​ចំណតរថយន្ត​បន្ថែម ជា​ពិសេស​ចំណត​ក្រោម​ដី ដើម្បី​បញ្ចៀស​ការប្រើ​ចិញ្ចើមផ្លូវ​សម្រាប់​ចំណត​យានតយន្ត​។​

លោក​នាយ​ក​រដ្ឋ​មន្រ្តី​ថ្លែង​ថា​៖​«​សួន​ច្បារ​មួយ​ចំ​នួន​ [យើង​អាច​] ប្រើ​ប្រាស់​ផ្នែក​ខាង​ក្រោម​ ពីរ​បី​ជាន់​ខាង​ក្រោម​​ដើម្បីធ្វើ​ចំ​ណត​រថ​យន្ត​ បើ​មិន​អ៊ីចឹង​ទេ ចិញ្ចឹម​ផ្លូវ​របស់​យើង​ចត​ដោយ​រថ​យន្ត»។ លោក​បន្ត​ថា​៖​«​ភ្នំពេញ​បើ​សិន​ជា​រថយន្ត​ចេញ​តែ​ ៥០ ភាគរយ​​ មធ្យោ​បាយ​ធ្វើ​ដំ​ណើរកក​ទាំង​អស់​។ គាំង​ភ្នំពេញ»។

ស្ថាន​ភាព​ជីវភាពរបស់​ប្រ​ជា​ជន​នៅ​ភ្នំពេញ​មាន​ភាព​ប្រ​សើរ​ជាង​មុន​ ហើយ​ដោយ​សារ​ការ​ប្រើ​ប្រាស់​មធ្យោ​បាន​ផ្ទាល់​ខ្លួន​នៅ​តែ​មាន​ប្រ​ជា​ប្រិយ​ខ្លាំង​ក្នុង​ចំ​ណោម​ប្រ​ជាជន​កម្ពុជា ចំ​នួន​រថយន្ត​បាន​កើន​ឡើង​យ៉ាង​ខ្លាំង​។

កំ​ណើន​នេះ​ ស្រប​ពេល​ដែល​​រាជធានីភ្នំពេញមានកន្លែងចតយានយន្តតិចតួចណាស់ទាំងសាធារណៈ និង​ចំ​ណត​​ឯកជន។

ការកើនឡើងនៃចំនួនយានតយន្ត

យោងតាមតួលេខដែលទទួលបានពីក្រសួងសាធារណការនិងដឹកជញ្ជូន គិត​ត្រឹម​ដំ​ណាច់​ឆ្នាំ ២០១៦ មាន​យានយន្តចំនួន ៤៤ ម៉ឺន​គ្រឿង​ និងម៉ូតូចំនួន ១.៦ លាន​គ្រឿង​ គ្រឿងដែលបានចុះបញ្ជីនៅក្នុងប្រទេសកម្ពុជា។​

មន្រ្តី​ក្រសួង​សាធារណៈ​ការ​បាន​បញ្ជាក់​ថា ចំ​នួន​រថយន្ត​ចុះ​បញ្ជី​បាន​កើន​ឡើង​ជា​ប្រ​ចាំ​ឆ្នាំ​ដែល​មាន​ការ​ចុះ​បញ្ជី​ថ្មី​ចន្លោះ​ពី ៣០ ម៉ឺន​គ្រឿង ទៅ ៤០ ម៉ឺន​គ្រឿង​ក្នុង​មួយ​ឆ្នាំៗ។

លោក មេត ​មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បាន​ឲ្យ​ដឹង​ថា​ភ្នំពេញ កំពុងប្រឈមនឹង​ការ​ខ្វះ​ខាត​ទីកន្លែងចតយានយន្តសាធារណៈដោយសារតែចំនួនរថយន្តបាន​​កើនឡើងលឿន​រហ័ស។

លោកភក្តី បានឲ្យ​ដឹង​ថា​រា​ជធានីភ្នំពេញនា​ពេល​នេះ​មាន​ចំណតរថយន្ត​ក្រោមដីចំនួនពី​រ​កន្លែង​ដែល​កំ​ពុង​ដំ​ណើរការ​ និង​មាន​បី​ ទៅ បួន​កន្លែង​ទៀត​កំ​ពុង​ត្រូវ​បាន​សាង​សង់​​។ តែ​លោក​សូម​មិន​ទាន់​​ផ្តល់ព័ត៌មានលម្អិតអំពីគម្រោងដែល​កំ​ពុង​សាង​សង់​នៅ​ឡើយ​។​

លោក​បន្ត​ថា​៖​«​​ចំណត​យានត​យន្ត​ក្រោមដីគឺជាការវិនិយោគត្រូវ​ការ​លុយ​ច្រើន​។ យើងតែងតែលើកទឹកចិត្តដល់ការវិនិយោគឯកជនសម្រាប់គម្រោងប្រភេទនេះ ដើម្បី​​ពន្លឿនការអភិវឌ្ឍនិងជួយដោះស្រាយបញ្ហាកកស្ទះ»​។

ចំណតឯកជន

យោងតាមលោកភក្តី ក្រុមហ៊ុន Overseas Cambodia Investment Corporation (OCIC) បានសាងសង់ចំណតរថយន្តក្រោមដីដំ​បូង​គេ​​នៅភ្នំពេញ ដែល​មាន​ទី​តាំង​ក្រោម​​សួនចន្លោះពី​អគារវឌ្ឍនៈ និងអគារកាណាឌីយ៉ា។

ចំណ​ត​រថយន្ត​ OCIC មានទំហំ ៨,៧០៤ ម៉ែត្រ​ការ៉េ មាន​ពីរជាន់ និងអាចផ្ទុករថយន្តជាង ៣០០ គ្រឿង។

លោក ទូច សំណាង នាយកប្រតិបត្តិរបស់ក្រុមហ៊ុន OCIC បាននិយាយថាចំ​ណត​យានយន្ត​ក្រោម​ដី​​នេះ បានបើកដំណើរការតាំងពីដើមឆ្នាំ ២០១៨។ លោកបានអះអាងថារចនាសម្ព័ន្ធក្រោមដីបានជួយកាត់បន្ថយការកកស្ទះនៅក្នុងតំបន់នេះហើយបានរក្សាទុកចរាចរណ៍តាមដងផ្លូវ។

លោក​បន្ត​​ថា៖​«​​បើគ្មានកន្លែងចតរថយន្តសមស្របទេ អ្នក​បើក​បរ​ចត​យាន​យន្ត​ពួកគេនៅតាមផ្លូវសាធារណៈហើយបង្កឱ្យមានការកកស្ទះចរាចរណ៍ធ្ងន់ធ្ងរ»​។ លោក​បញ្ជាក់​ថា​៖​«​វាតែងតែជាដំណោះស្រាយដ៏ល្អក្នុង​ការ​​សាងសង់​ចំណតក្រោមដីពីព្រោះឥ​លូវ​នៅ​លើ​ដី​លែង​មាន​​កន្លែងទំនេរច្រើន​ទៀត​ហើយ​»។

ចំណត​​ក្រោមដីមួយ​ផ្សេងទៀតដែល​កំពុង​ដំណើរការ​គឺ​ចំណត​របស់​​ណាហ្គាវើល។​

ក្រុម​ហ៊ុន វឌ្ឍនៈធ្លាប់​ត្រូវបានរាយការណ៍ថាបានដាក់ផែនការសម្រាប់ការសាងសង់ចំ​ណត​ក្រោម​ដី​ដែល​មាន​ទំ​ហំ ៥,០០០ ម៉ែត្រ​ការ៉េ។ ផ្សេង​ពី​នេះ ក៏​មាន​សេច​ក្តី​រាយ​ការណ៍​ផ្សេង​ដែរ​ថា ចំ​ណត​នៅ​ក្រោម​សួន​ ដែល​នៅ​ទល់​មុខ​សណ្ឋាគារសាន់វ៉េ​ភ្នំពេញ កំ​ពុង​ត្រូវ​បាន​សាង​សង់។

ស្វែងរកអចលនទ្រព្យសម្រាប់លក់នៅភ្នំពេញអចលនទ្រព្យសម្រាប់ជួលនៅភ្នំពេញនៅថ្ងៃនេះ!

 

 

 

Comments