ពីមួយឆ្នាំទៅមួយឆ្នាំ កំណើនភ្ញៀវទេសចរ និងអ្នកវិនិយោគបរទេសនៅក្នុងប្រទេសកម្ពុជាកាន់តែមានចំនួនច្រើនទៅៗ ដែលកំណើននេះហើយដែលផ្តើមឱ្យកម្ពុជាមានការអភិវឌ្ឍន៍លើគ្រប់វិស័យ។ ក្នុងនោះវិស័យទេសចរណ៍ និងវិស័យអចលនទ្រព្យហាក់ដូចជាដើរទន្ទឹមគ្នាយ៉ាងល្អគួរឱ្យកត់សម្គាល់។
ងាកមកមើលលើការវិនិយោគអចលនទ្រព្យនាតំប់ន់ទេសចរណ៍វិញម្តង មានខេត្ត និងតំបន់ទេសចរណ៍មួយចំនួនដែលកំពុងតែមានសក្តានុពលក្នុងការអភិវឌ្ឍយ៉ាងខ្លាំង បើទោះជាភាគច្រើននៃតំបន់ទាំងនោះមិនទាន់មានអ្នកវិនិយោគណាម្នាក់សម្លឹងឃើញ ឬចាប់ផ្តើមសកម្មភាពអភិវឌ្ឍន៍ណាមួយក៏ដោយ។ តួយ៉ាងខាងក្រោមនេះនេះគឺជាតំបន់កោះស្អាតៗទាំង ៥ ដែលពោរពេញទៅដោយសក្តានុពលក្នុងការវិនិយោគដោយក្នុងនោះមានដូចជា៖
១. កោះរ៉ុង
បើប្រៀបធៀបជាមួយនឹងកោះមួយចំនួន កោះរ៉ុងហាក់មានប្រៀបច្រើនជាងគេក្នុងការទាក់ទាញ អ្នកវិនិយោគ ព្រោះកោះនេះមានគមនាគមន៍ផ្លូវទឹកដែលនាំយកអ្នកដំណើរ និងអ្នកទេសចរណ៍ទៅ កាន់កោះជារៀងរាល់ថ្ងៃរួចទៅហើយ ដូច្នេះហើយវារឹតតែធ្វើឱ្យអ្នកវិនិយោគកាន់តែសម្លឹងឃើញឱកាស អភិវឌ្ឍន៍នៅលើកោះនេះបន្ថែមទៀត។ ការវិនិយោគនៅលើកោះនេះ ភាគច្រើនជាប្រទេសគម្រោង សណ្ឋាគាររមណីដ្ឋាន និងភោជីយដ្ឋាន។
រដ្ឋាភិបាលប្រកាសថានឹងផ្តល់ប្លង់កម្មសិទ្ធិកាន់កាប់ដល់ពលរដ្ឋដែលរស់នៅលើកោះរ៉ុង។
២. កោះរ៉ុងសន្លឹម
នៅក្បែរកោះរ៉ុង ក៏៏មានកោះដែលមានខ្សាច់សក្បុសនៅក្បែរនោះ គឺកោះរ៉ុងសន្លឹម។ លក្ខណៈពិសេសរបស់កោះរ៉ុងសន្លឹមគឺជាឆ្នេរខ្សាច់សដ៏វែងជាមួយនឹងទឺកសមុទ្រពណ៌ខៀវស្រងាត់ បង្កើតជាទេសភាពដ៏កម្រមួយ ដែលអាចទាក់ទាញភ្ញៀវទេសចរ បានយ៉ាងច្រើនសន្ធឹកសន្ធាប់ឱ្យទៅលម្ហែកាយនៅទីនោះ។ មិនខុសពីកោះរ៉ុងនោះទេ កោះរ៉ុងសន្លឹម គឺជាតំបន់ដែលកំពុងមានសក្តានុពលមួយសម្រាប់គម្រោងវិនិយោគភោជនីយដ្ឋាន សណ្ឋាគារ ឬផ្ទះលម្ហែកាយជាដើម។
៣. កោះស្តេច
មានទីតាំងស្ថិតនៅក្នុងខេត្តកោះកុង។ កោះស្តេចកំពុងក្លាយខ្លួនជាគោលដៅទេសចរណ៍មួយដែលកំពុងទទួលបានប្រជាប្រិយភាពពីអ្នកដែលនិយមទៅលេងសមុទ្រ។ ថ្វីបើនៅលើកោះស្តេចមានប្រជាជនរស់នៅច្រើន មិនដូចកោះទាំងពីរខាងលើក៏ពិតមែន ប៉ុន្តែកោះនេះនៅមានកង្វះខាតច្រើនពាក់ព័ន្ធនឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាការវិនិយោគរៀបចំតំបន់ទេសចរណ៍ជាដើម។ ធម្មជាតិដ៏អំនោយផលដែលកោះនេះផ្តល់ឱ្យ អាចនឹងទាក់ទាញភ្ញៀវទេសចរណ៍ជាច្រើនមិនថាជាតិ និងអន្តរជាតិ នៅពេលដែលមានការរៀបចំឱ្យបានត្រឹមត្រូវ បូករួមជាមួយនឹងការផ្សព្វផ្សាយឱ្យទូលំទូលាយ។
៤. កោះពស់
មិនខុសពីកោះផ្សេងៗខាងលើ កោះពស់ក៏ជាកោះដែលមានសក្តានុពលក្នុងការអភិវឌ្ឍពាក់ព័ន្ធនឹងវិស័យទេសចរណ៍ និងសំណង់ដែរ ប៉ុន្តែវាពិសេសជាងកោះដ៏ទៃត្រង់ថាវាចម្ងាយជិតបង្កើយទៅនឹងដីគោក ពោលគឺមិនដល់១គីឡូម៉ែត្រផងឆ្លងទៅកោះនេះ។ លើសពីនេះទៅទៀត កោះនេះមានហេដ្ឋារចនាសម្ព័ន្ធដូចជា៖ ស្ពាន ផ្លូវថ្នល់ និងគម្រោងផ្ទះលម្ហែកាយមួយចំនួនអភិវឌ្ឍន៍រួចរាល់យ៉ាងស្អាតហើយ។ ប៉ុន្តែដោយសារតែមានបញ្ហាមួយចំនួនធ្វើឱ្យកោះនេះអាក់ខានមិនមានការអភិវឌ្ឍអ្វីបន្ថែមទៀត ហើយសូម្បីតែអ្នកទេសចរណ៍ក៏មិនអាចចូលទៅបាន។ នាពេលអនាគត ប្រសិនជាមានអ្នកដែលអាចយកតំបន់នេះមកដំណើរការអភិវឌ្ឍន៍បន្ថែម វាពិតជាក្លាយជាទីទាក់ទាញមួយដ៏ល្បីជាក់ជាមិនខាន។
៥. កោះទន្សាយ
មានទីតាំងស្ថិតនៅក្នុងទឹកដីខេត្តកែប កោះនេះមានមនុស្សទៅលេងស្ទើរតែមុនកោះផ្សេងៗណាទាំងអស់ខាងលើ ដោយសារតែចម្ងាយពីដីគោកទៅកោះនេះគឺមិនដល់មួយម៉ោងនោះទេ។ ទោះជាយ៉ាងណាក៏ដោយ កោះនេះមិនទាន់មានការអភិវឌ្ឍណាមួយរីកជាដុំកំភួននោះទេ។ តួយ៉ាង នៅលើកោះមិនសូវមានមនុស្សរស់នៅប៉ុន្មានឡើយ សូម្បីតែអ្នកដែលចង់សម្រាកលម្ហែកាយនាពេលយប់ក៏ពិបាកក្នុងការរកជម្រើសសម្រាប់កន្លែងស្នាក់នៅផងដែរ។ ខណៈដែលសក្តានុពលទេសចរណ៍ខេត្តកំពត និងកែបនេះកំពុងតែរីកលូតលាស់យ៉ាងខ្លាំង ជាពិសេសពីសំណាក់ភ្ញៀវទេសចរណ៍ជាតិ វាពិតជាឱកាសល្អមួយនៅក្នុងការចាប់កោះនេះមកធ្វើការវិនិយោគបន្ថែមដើម្បីទទួលបានផល ចំណេញវិញពីការទៅលេងកំសាន្ត និងស្នាក់នៅទីនោះ។
គួរបញ្ជាក់ផងដែរថា ស្របពេលជាមួយនឹងកំណើននៃប្រាក់ចំណូលរបស់ប្រជាជនខ្មែរ ក៏ដូចជាវត្តមានយ៉ាងទូលំទូលាយនៃវិស័យបច្ចេកវិទ្យា ដូចជាបណ្តាញសង្គមជាដើម គម្រោងអភិវឌ្ឍន៍កោះទាំងនេះអាចនឹងទាក់់ទាញការចាប់អារម្មណ៍អ្នកភ្ញៀវទេសចរណ៍យ៉ាងច្រើន ប្រសិនជាមានការវិនិយោគដែលគួរឱ្យចាប់អារម្មណ៍ណាមួយកើតមាន។ កត្តានេះដែរក៏នឹងធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាកាន់តែមានការលូតលាស់ឡើងមួយកម្រិតទៀត៕
Comments