ឋានសួគ៌នាពេលចូលនិវត្តន៍គឺជាក្តីស្រមៃដ៏ធំមួយដែលលើកទឹកចិត្តឱ្យមនុស្សគ្រប់គ្នាព្យាយាមធ្វើការរកស៊ីដើម្បីស្រនុកខ្លួននៅពេលដែលខ្លួនចាស់ទៅ។
ថ្វីបើការផ្លាស់ប្តូរទីលំនៅនៅពេលដែលចូលនិវត្តន៍មិនមែនជារឿងទូទៅដែលកើតមានសម្រាប់ពលរដ្ឋខ្មែរក៏ពិតមែន ប៉ុន្តែនិន្នាការមួយនេះបានកើតមានឡើងនៅក្នុងប្រទេសជាច្រើន ជាពិសេសគឺសម្រាប់ប្រជាជននៅប្រទេសអភិវឌ្ឍន៍ ដែលពួកគេតែងតែធ្វើចំណាកស្រុកទៅរស់នៅក្រៅប្រទេសដើម្បីសោយសុខពេលវេលា និងប្រាក់ដែលពួកគេខំសន្សំកន្លែងមក។
អានអត្ថបទទាក់ទងអំពី៖ ហេតុផលធំទាំង៤នេះដែលធ្វើឱ្យជនជាតិចិនប្រមូលទិញអចលនទ្រព្យនៅបរទេស!
តួយ៉ាងក្នុងចំនោមប្រទេសជាច្រើនក្នុងពិភពលោកក្នុងនោះមានប្រទេសចំនួន១០ដែលត្រូវបានគេចាត់ទុកជាប្រទេសដែលសាកសមបំផុតសម្រាប់អ្នកដែលចង់ចំនាកស្រុកដើម្បីរស់នៅពេលដែលពួកគេចូលនិវត្តន៍ (នេះបើយោងការដកស្រង់ចេញពីតារាងការចូលនិវត្តន៍ទូទាំងសកលលោកប្រចាំឆ្នាំ២០១៩ រឺ (The Annual Global Retirement Index 2019)។
ដើម្បីចាត់ទុកថាប្រទេសនោះជាប្រទេសដែលល្អបំផុតសម្រាប់និវត្តន៍ជន គេមើលទៅលើកត្តាសំខាន់ៗមួយចំនួនរួមមានដូចជាស្ថានភាពនៃការទិញទំនិញ ការវិនិយោគលើអចលនទ្រព្យ ទិដ្ឋាការរស់នៅរបស់ជនចូលនិវត្តន៍រយះពេលយូរ ថ្លៃចំណាយជីវភាព សន្តិសុខសុវត្ថិភាព បរិស្ថាន និងបែបផែននៃការរស់នៅនៅក្នុងប្រទេសនោះជាដើម។
ប្រទេសទាំង១០នោះមានដូចជា៖
១០. ប្រទេសអេស្ប៉ាញ
៩. ប្រទេសថៃ
៨. ប្រទេសពេរ៉ូ
៧. ប្រទេសព័រទុយហ្គាល់
៦. ប្រទេសកូឡុំប៊ី
៥. ប្រទេសម៉ាឡេស៊ី
៤. ប្រទេសអេក្វាដ័រ
៣. ប្រទេសម៉ិចស៊ីកូ
២. ប្រទេសកូស្តារីកា
១. ប្រទេសប៉ាណាមា
សម្រាប់ប្រទេសទាំង១០នេះ ភាគច្រើនគឺស្ថិតនៅក្នុងទ្វីបអឺរ៉ុប និងអាមេរិចឡាទីនដោយសារតែភាគច្រើនប្រជាជនដែលធ្វើចំណាកស្រុកទៅរស់នៅលំហែកាយក្រោយពេលចូលនិវត្តន៍នេះភាគច្រើនសុទ្ធតែជាជនជាតិស្បែកស រឺជនជាតិអឺរ៉ុប។ ថ្វីបើបែបនេះមែនសព្វថ្ងៃនេះអត្រាប្រជាជនអាស៊ីវ័យចំណាស់មួយចំនួនក៏ចាប់ផ្តើមមានទម្លាប់ដូចជាជនជាតិអឺរ៉ុបដែរ (ឧទាហរណ៍ដូចជាប្រជាជនជប៉ុនជាដើម)។
ជាក់ស្តែងរដ្ឋាភិបាល និងអ្នកវិនិយោគជប៉ុនបានសហការជាមួយប្រទេសមួយចំនួន ដែលក្នុងនោះរួមមានទាំងប្រទេសកម្អុជាផងដែរដើម្បីសាងសង់ និងបង្កើតជាសហគមន៍មួយសម្រាប់ជនជាតិជប៉ុនដើម្បីឱ្យពួកគេអាចមករស់នៅក្នុងប្រទេសកម្ពុជាបាននៅពេលដែលពួកគេផុតអាយុបំពេញការងារបាន ដែលគម្រោងលំនៅដ្ឋានទាំងនោះឃើញថាបានទទួលការគាំទ្រគួរសមពីសំណាក់ជនជាតិជប៉ុនផ្ទាល់ក៏ដូចជាប្រជាជនខ្មែរទូទៅទៀតផង។
ទោះជាបច្ចុប្បន្នប្រទេសកម្ពុជាមិនទាន់ទទួលបានតំណែងណាមួយនៅក្នុងចំណាត់ថ្នាក់ប្រទេសទាំង១០ដូចដែលរៀបរាប់ខាងលើក៏ពិតមែន ប៉ុន្តែជាមួយនឹងការអភិវឌ្ឍក៏ដួចជាគោលនយោបាយលើកទឹកចិត្តផ្សេងៗកម្ពុជាអាចនឹងក្លាយជាជម្រើសដ៏ទាក់ទាញមួយសម្រាប់អ្នកចូលនិវត្តន៍នៅថ្ងៃអនាគតយ៉ាងខ្លីខាងមុខ៕
Comments