ស្របពេលប្រទេសកម្ពុជាកំពុងតែមានការអភិវឌ្ឍជាបន្តបន្ទាប់ វិស័យសំណង់ និងអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាត្រូវបានគេមើលឃើញថា មានសន្ទុះកាន់តែកើនឡើងជាលំដាប់ ហើយក៏ជាផ្នែកមួយដ៏មានសារៈសំខាន់ក្នុងការរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិក៏ដូចជាបង្កើតនូវការងារសម្រាប់ប្រជាពលរដ្ឋបានយ៉ាងច្រើន ។
ក្នុងនោះផងដែរ ការវិនិយោគលើវិស័យសំណង់រយៈពេល៦ខែក្នុងឆ្នាំ២០២២នេះមានប្រមាណ២០០០គម្រោង ដែលមានទុនវិនិយោគ១,២០៦លានដុល្លារ ។ នេះបើយោងតាមការបញ្ជាក់ឱ្យពីឯកឧត្តម លី រស្មី រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន ស្តីពី «សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំកន្លងមក របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់» នៅទីស្តីការគណៈរដ្ឋមន្ត្រី សាលសេរីភាព ជាន់ផ្ទាល់ដី នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ កន្លងទៅនេះ ។
តាមការគូសរបស់មន្ដ្រីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រូបនេះបានឱ្យដឹងផងដែរថា ការវិនិយោគលើវិស័យសំណង់ និងអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា មានការវិនិយោគច្រើនពីបណ្តាប្រទេសសំខាន់ៗចំនួន៤ដែលដើរតួនាទីធំនៅក្នុងការវិនិយោគធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាមានការលូតលាស់យ៉ាងសកម្មរួមមាន ៖ ទី១- ប្រទេសចិន, ទី២- កូរ៉េខាងត្បូង, ទី៣- ជប៉ុន និងទី៤- ប្រទេសថៃ ។
គួររម្លឹកផងដែរថា គម្រោងអគារខ្ពស់ៗ ចាប់ពី៥ជាន់ឡើង នៅទូទាំងប្រទេសមានចំនួន ២,៤៧២អគារ គម្រោងបុរីលំនៅឋាន និងបណ្ដុំលំនៅឋានមានលក្ខណៈជាបុរីមានចំនួន ៤៨២គម្រោង និងបានផ្តល់វិញ្ញាបនបត្រប្រកបអាជីវកម្ម ក្នុងវិស័យសំណង់ដល់ក្រុមហ៊ុនប្រកបអាជីវកម្មសិក្សាគម្រោងប្លង់ និងសាងសង់បានចំនួន ៣,២៤៤ក្រុមហ៊ុន ៕
Comments