ផ្លូវក្រវ៉ាត់ក្រុងទី៣ ដែលត្រូវបានសាងសង់ដោយក្រុមហ៊ុនចិននឹងត្រូវរំពឹងថា នឹងបញ្ចប់មុនផែនការដែលបានគ្រោងទុក ដោយសារពេលនេះការស្ថាបនាបានសម្រេចលទ្ធផលប្រមាណ ៤០ ភាគរយហើយ។
រាជរដ្ឋាភិបាលកម្ពុជាបានរំពឹងថាផ្លូវក្រវ៉ាត់ក្រុងទី៣នេះនឹងបញ្ចប់មុនផែនការដែលបានគ្រោងទុក ដោយសារមានការជំរុញពីសំណាក់របស់រដ្ឋាភិបាល និងពីក្រសួងសាធារណការ និងដឹកជញ្ជូន ដោយធ្វើយ៉ាងណាធ្វើឱ្យបានលឿនតាមផែនការ ឬមុនផែនការ។ នេះបើតាមអ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូន លោក គង់ វិមាន ថ្លែងប្រាប់សារព័ត៌មាននៅក្នុងស្រុក កាលពីពេលថ្មីៗនេះ។
លោកបានឱ្យដឹងបន្តថា គម្រោងផ្លូវក្រវ៉ាត់ក្រុងទី៣នេះ ត្រូវបានចំណាយថវិកាសរុបប្រមាណ ២៧៣ លានដុល្លារអាមេរិក ដែលជាហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលចិន ហើយរាជរដ្ឋាភិបាលកម្ពុជា ចូលរួមថវិកាបដិភាគសម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតមីននិងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ពន្ធ និងសួយសារអាករ ហើយសម្រាប់ការស្ថាបនានឹងប្រើរយៈពេល ៤២ ខែ ដែលគ្រោងបញ្ចប់នៅខែធ្នូ ឆ្នាំ២០២១។
គួរបញ្ជាក់ផងដែរថាផ្លូវក្រវ៉ាត់ក្រុងទី៣ ត្រូវបានបើកការដ្ឋានសាងសង់នៅថ្ងៃទី ១៤ ខែមករា ឆ្នាំ២០១៩ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និង ឯកអគ្គរដ្ឋ ទូតចិន ប្រចាំនៅកម្ពុជា ផ្លូវនេះមានប្រវែងជាង ៥០ គីឡូម៉ែត្រ ត្រូវបានសាងសង់ឡើងក្នុងគោលបំណងកាត់បន្ថយការកកស្ទះចរាចរណ៍ក្នុងទីក្រុង និងការធ្វើសមាហរណកម្មផ្ទៃក្នុងសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូន និងអាចកាត់បន្ថយរយៈពេលក្នុងការធ្វើដំណើរផងដែរ៕
ស្វែងរកអចលនទ្រព្យនៅភ្នំពេញ ឬខុនដូសម្រាប់លក់នៅភ្នំពេញ ថ្ងៃនេះ។
Comments