រោងចក្រផលិតស៊ីម៉ង់តិ៍ទី៥ នៅកម្ពុជាតម្លៃប្រមាណ១១០លានដុល្លារសហរដ្ឋអាមេរិកត្រូវដាក់សម្ពោធឱ្យដំណើរការជាផ្លូវការកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។
រោងចក្រផលិតស៊ីម៉ង់តិ៍ទី៥ នៅកម្ពុជាដែលសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនៅព្រឹកថ្ងៃនេះជារបស់ក្រុមហ៊ុនថៃប៊ុនរ៉ុង មានទីតាំងស្ថិតនៅតំបន់ភ្នំល្អាង ឃុំល្អាង ស្រុកដងទុង ខេត្តកំពត។ រោងចក្រស៊ីម៉ង់តិ៍ថៃប៊ុនរ៉ុង សាងសង់លើផ្ទៃដីទំហំជិត ៧០០ហិកតា បំពាក់ដោយឧបករណ៍បច្ចេកទេសទំនើប ហើយមានសមត្ថភាពផលិតស៊ីម៉ង់បានប្រមាណ ២,៥០០ តោនក្នុងមួយថ្ងៃស្មើនឹងជិត ១ លានតោនក្នុងមួយឆ្នាំ។
វត្តមានរោងចក្រស៊ីម៉ង់ថៃប៊ុនរ៉ុង បានរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកម្ពស់សេដ្ឋកិច្ចជាតិ និងជីវភាពរបស់ប្រជាពលរដ្ឋ។ រោងចក្រនេះ អាចផ្តល់ការងារអចិន្ត្រៃយ៍ដល់បុគ្គលិកប្រមាណ ៣៣៥ នាក់ ក្នុងនោះមានជនជាតិបរទេសប្រមាណ ៣៥ នាក់។ ក្រៅពីផ្តល់ការងារជូនប្រជាពលរដ្ឋខ្មែរបានជាច្រើននាក់ហើយនោះ ក្រុមហ៊ុនត្រូវបង់ថ្លៃសួសារថ្មកំបោរចូលរដ្ឋប្រមាណ ៦៨ ម៉ឺនដុល្លារក្នុងមួយឆ្នាំ ដោយមិនទាន់គិតប្រាក់ចំណូលពន្ធអាករ និងកាតព្វកិច្ចហិរញ្ញវត្ថុផ្សេងៗទៀតនោះឡើយ។
ជាមួយនឹងកំណើននៃវិស័យសំណង់ និងអចលទ្រព្យកើនស្ទុះខ្លាំងនៅប្រទេសកម្ពុជារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហេតុនេះធ្វើឲ្យតម្រូវការស៊ីម៉ង់ត៍នៅលើទីផ្សារក៏មានការកើនឡើងខ្ពស់ផងដែរ។ ប៉ុន្តែអ្វីដែលគួរឲ្យកត់សំគាល់នោះគឺថាកន្លងមករាល់ការផ្គត់ផ្គង់ស៊ីម៉ង់ត៍ជាច្រើនប្រភេទនៅទីផ្សារកម្ពុជាគឺជាការនាំចូលពីបណ្តាប្រទេសនានា។
យោងតាមរបាយការណ៍ពីក្រសួងឧស្សាហកម្មរ៉ែ និងថាមពល ដែលបានបង្ហាញឡើង ក្នុងពិធីដាក់សម្ពោធឱ្យដំណើរការជាផ្លូវការរោងចក្រផលិតស៊ីម៉ង់តិ៍ទី៥ របស់ក្រុមហ៊ុនថៃប៊ុនរ៉ុងបានបង្ហាញឱ្យដឹងថាគិតមកដល់ចុងឆ្នាំ២០១៩នេះ កម្ពុជាមានរោងចក្រផលិតស៊ីម៉ង់តិ៍ធំៗចំនួន៥នៅកម្ពុជា មានទុនសរុបវិនិយោគ ៨០០ លានដុល្លារដែលអាចផលិតស៊ីស៊ីម៉ង់តិ៍ជិត ៨ លានតោនក្នុងឆ្នាំ និងអាចផ្តល់ការងារជូនប្រជាពលរដ្ឋបានជាង២,៧០០នាក់ ។
របាយការណ៍ដដែលឱ្យដឹងទៀតថា កន្លងមកនៅឆ្នាំ២០១៧ និង២០១៨ កម្ពុជាសម្រេចបាននូវការផ្គត់ផ្គង់ស៊ីម៉ង់តិ៍បានតាមសេចក្តីត្រូវការទាំងស្រុង ប៉ុន្តែដោយសារកំណើននៃការសាងសង់អគារ និងហេដ្ឋារចនាសម្ព័ន្ធនានា បានកើនឡើងយ៉ាងគំហុក ក្នុងរយៈកាលឆ្នាំ២០១៨ និង២០១៩ ចុងក្រោយនេះ បានធ្វើឱ្យស៊ីម៉ង់តិ៍ក្នុងស្រុកមិនអាចផ្គត់ផ្គង់តាមតម្រូវការទីផ្សារ ធ្វើឱ្យមានការនាំចូលស៊ីម៉ងពីក្រៅប្រទេសក្នុងបរិមាណតិចតួច ដើម្បីបង្គ្រប់តម្រូវការក្នុងស្រុក៕
ស្វែងរកអចលនទ្រព្យនៅភ្នំពេញ ឬខុនដូសម្រាប់លក់នៅភ្នំពេញ ថ្ងៃនេះ!
Comments