+855 92 92 1000
Logo
មកដឹងឱ្យច្បាស់ ! ដីធ្លីបែបណាខ្លះដែលទុកចោលមិនប្រើប្រាស់ហើយត្រូវបង់ពន្ធ
Updated on: June 1, 2022, 1:23 p.m.
Published on: August 25, 2021, 10:16 a.m.

មកដឹងឱ្យច្បាស់ ! ដីធ្លីបែបណាខ្លះដែលទុកចោលមិនប្រើប្រាស់ហើយត្រូវបង់ពន្ធ


ពន្ធដែលយើងបង់ជូនរដ្ឋត្រូវបានប្រើប្រាស់ដើម្បីគ្រប់គ្រងប្រទេស ហើយពន្ធគឺជាការចូលរួមចំណែកដែលដាក់ដោយរាជរដ្ឋាភិបាលទៅលើបុគ្គលសាជីវកម្ម ឬស្ថាប័ន ។ វាគឺជាការបូកសរុបនៃប្រាក់ដែលរដ្ឋាភិបាលបានគិតពីចំណូលរបស់ប្រជាជន ប្រាក់ចំណេញរបស់ក្រុមហ៊ុន ការលក់ទំនិញដែលត្រូវបានប្រើសម្រាប់ការចំណាយសាធារណៈ ។

ការបង់ពន្ធគឺជាកាតព្វកិច្ចរបស់ប្រជាជនរដ្ឋគ្រប់រូបនៅក្នុងសង្គម ហើយនៅក្នុងប្រទេសកម្ពុជាយើងគឺមានវិស័យច្រើនណាស់ដែលត្រូវតែអភិវឌ្ឍ ។ រដ្ឋាភិបាលបង់ប្រាក់ឱ្យមន្រ្ដីរាជការ គ្រប់វិស័យដែលធ្វើការជូនរដ្ឋ ថែរក្សាយោធាដែលប្រយុទ្ធប្រឆាំងនឹងសង្រ្គាម ឬផ្ដល់ថវិកាដល់ប្រព័ន្ធអប់រំសាធារណៈដែលទទួលខុសត្រូវក្នុងការអភិវឌ្ឍគំនិតក្មេងៗសម្រាប់អនាគតរបស់ប្រទេសជាតិជាដើម ។

ថ្លែងក្នុងកម្មវិធី «ពន្ធដារកម្ពុជា» ស្តីពីការបង់ពន្ធលើអចលនទ្រព្យតាមរយៈ GDT Taxpayer App និងពន្ធលើដីធ្លីមិនបានប្រើប្រាស់ លោកស្រី អេង សុថានី អនុប្រធាននាយកដ្ឋានអចលនទ្រព្យ និងអចលនទ្រព្យ នៃអគ្គនាយកដ្ឋានពន្ធដារ បានថ្លែងថា ពន្ធលើអចលនទ្រព្យគឺជាប្រភេទពន្ធដែលប្រមូលចំពោះអចលនទ្រព្យមានតម្លៃលើពី១០០លានរៀលដែលមានទីតាំងស្ថិតក្នុងរាជធានី-ខេត្តនៃប្រទេសកម្ពុជា ។

ពន្ធនេះគឺជាពន្ធប្រចាំឆ្នាំដែលតម្រូវឱ្យអ្នកជាប់ពន្ធធ្វើការប្រកាសពន្ធចាប់ពីថ្ងៃទី០១ មករា ដល់ ថ្ងៃទី៣០ កញ្ញា ក្នុងឆ្នាំដែលជាប់ពន្ធនីមួយៗដោយអត្រាជាប់ពន្ធចំនួន០.១% ។ ដើម្បីផ្តល់សេវាសម្រាប់អ្នកជាប់ពន្ធឱ្យកាន់តែមានភាពងាយស្រួលក្នុងការបង់ពន្ធ អគ្គនាយកដ្ឋានពន្ធដារបានបង្កើតកម្មវិធីទូរស័ព្ទតាមការបង់ពន្ធមួយឈ្មោះ GDT Taxpayer App ។

ដោយឡែកសម្រាប់ពន្ធលើដីធ្លីដែលមិនបានប្រើប្រាស់កំណត់លើដីធ្លីដែលគ្មានសំណង់ និងដីដែលមានសំណង់បោះបង់ចោលដែលស្ថិតក្នុងទីក្រុង ឬតំបន់​នានា​ដែលកំណត់ដោយគណៈកម្មាការវាយតម្លៃដីធ្លីមិនបានប្រើប្រាស់ ។ សម្រាប់ពន្ធលើដីធ្លីមិនបានប្រើប្រាស់ត្រូវបង់ពន្ធដោយម្ចាស់កម្មសិទ្ធិករតាមគម្រូលិខិតប្រកាសដែលផ្តល់ឱ្យដោយអគ្គនាយកដ្ឋានពន្ធដារ ហើយពន្ធនេះ​ត្រូវ​កំណត់តាមអត្រា២%លើមូលដ្ឋានកំណត់ពន្ធដែល​មានចែង​ក្នុងមាត្រា​៣០ ​នៃ​ច្បាប់ហិរញ្ញវត្ថុ ក្នុងឆ្នាំ១៩៩៥ ។

លោកស្រីក៏បានបញ្ជាក់បន្ថែមផងដែរលើកាតព្វកិច្ចទាំង២ប្រភេទខាងលើផងដែរថា​ ក្នុងករណីអចលនទ្រព្យជាកម្មវត្ថុពន្ធលើអចលនទ្រព្យរួចហើយ អចលនទ្រព្យនោះមិនមែនកម្មវត្ថុពន្ធដីធ្លីមិនបានប្រើប្រាស់ទៀតនោះទេសម្រាប់ឆ្នាំដែលបានជាប់ពន្ធនោះ ។ មួយវិញទៀតអចលនទ្រព្យមួយចំនួនអាចរួចកាតព្វកិច្ចបង់ពន្ធទាំង២ប្រភេទនេះបានក្នុងករណីអចលនទ្រព្យនោះអាចប្រើប្រាស់សមស្រមទៅតាមបទបញ្ញត្តិស្តីពីពន្ធលើដីធ្លីមិនបានប្រើប្រាស់ និងមានមូលដ្ឋានគិតពន្ធលើអចលនទ្រព្យមិនលើសពី១០០លានរៀល ($25000) ។

តើដីប្រភេទណាខ្លះដែលត្រូវជាប់ពន្ធលើដីធ្លីមិនបានប្រើប្រាស់ ហើយក្នុងករណីអ្នកជាប់ពន្ធបង់ពន្ធលើដីធ្លីមិនបានប្រើប្រាស់នេះយឺតពេលត្រូវទទួលរងពិន័យយ៉ាងដូចម្តេចខ្លះ?

ក្នុងនោះផងដែរលោក ប៉ែន ពេជ្រដារ៉ូ អនុប្រធានការិយាល័យ នាយកដ្ឋានអចលនទ្រព្យ និងអចលនទ្រព្យ នៃអគ្គនាយកដ្ឋានពន្ធដារ បានឆ្លើយតបនឹងថា ដីដែលត្រូវជាប់ពន្ធលើ ដីធ្លីមិនបានប្រើប្រាស់ គឺដីទាំងឡាយណាដែលពុំមានលក្ខណៈណាមួយនៃលក្ខណៈខាងក្រោម ៖

  • ដីមានសំណង់ស្ថិតក្នុងតំបន់លំនៅដ្ឋានដែលជាកម្មសិទ្ធិករដែលប្រើប្រាស់សម្រាប់ជាលំនៅដ្ឋានរបស់ខ្លួន និងបានស្នាក់នៅកន្លែងនោះចំនួន១៨៣ថ្ងៃ ឬច្រើនជាង ដោយគិតចាប់ពីថ្ងៃទី០១ តុលា នៃឆ្នាំកន្លងទៅរហូតដល់ថ្ងៃទី៣០ កញ្ញា នៃឆ្នាំប្រមូលពន្ធ ។
  • ដីជួលដែលមានសំណង់មានការកាន់កាប់ដែលផ្តល់លាភសការប្រចាំខែលើសពី៨០%នៃចំនួន១/១២នៃតម្លៃដីនៅក្នុងឆ្នាំប្រមូលពន្ធ គុណនិងមេគុណដែលកំណត់ដោយប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ហើយក្នុងនោះតម្លៃដីត្រូវបានកំណត់ដោយគណៈកម្មាការវាយតម្លៃដីមិនបានប្រើប្រាស់ ។
  • ដីដែលមានសកម្មភាពសេដ្ឋកិច្ចស្របតាមការកំណត់តំបន់របស់រដ្ឋ ដែលកម្មសិទ្ធិករប្រើប្រាស់សម្រាប់សកម្មភាពសេដ្ឋកិច្ច​ដូចជាដាំដុះ ឧស្សាហកម្ម ពាណិជ្ជកម្ម ទេសចរណ៍ ហើយដែលបានប្រាក់ចំណូលប្រចាំខែអំពីសកម្មភាពទាំងនោះ ដោយបានលើសពីចំនួន៨០%នៃចំនួន១/១២ នៃតម្លៃដីនៅក្នុងឆ្នាំប្រមូលពន្ធ គុណនឹងមេគុណដែលកំណត់ដោយប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ហើយក្នុងនោះតម្លៃដីត្រូវបានកំណត់ដោយគណៈកម្មការវាយតម្លៃដីមិនបានប្រើប្រាស់ ។
  • ដីជាកម្មសិទ្ធិរបស់រដ្ឋ ដែលបានជួលទៅឱ្យនីតិបុគ្គល ឬរូបវត្តបុគ្គលណា​មួយហើយដី​នោះមានលក្ខណៈណាមួយនៃចំណុចទាំង៣ខាងលើ ។
  • ដីដែលស្ថិតនៅក្រោមកិច្ចព្រមព្រៀងវិនិយោគ ឬដីសម្មទានដែលទទួលបានការអនុញ្ញាតពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាហៅកាត់ថា CDC ដែលឱ្យវិនិយោគលើវិស័យអ្វីមួយ ឬសមទានរយៈពេលខ្លី ឬវែងដោយទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាលដើម្បីអភិវឌ្ឍនូវគម្រោងអ្វីមួយ ។ ហើយដីប្រភេទនេះដែរប្រសិនមិនទាន់មានការប្រើប្រាស់ ឬដំណើរការដោយសារបញ្ហាប្រធានសក្តិ ឬដោយសារមូលហេតុអសន្តិសុខណាមួយកើតឡើង ដីធ្លីនោះមិនត្រូវជាប់ពន្ធដីធ្លីមិនបានប្រើប្រាស់នោះទេ ប៉ុន្តែត្រូវមានការយល់ព្រមពីស្ថាប័នជំនាញ សមត្ថកិច្ច និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។

ក្នុងករណីការខកខានមិនបានដាក់លិខិតប្រកាស ឬខកខានបង់ពន្ធលើដីធ្លីមិនបានប្រើប្រាស់ឱ្យបានទាន់ពេលវេលាកំណត់សម្រាប់ឆ្នាំជាប់ពន្ធនីមួយៗទេ កម្មសិទ្ធិករដែលជាប់ពន្ធ និងអ្នកដែលជួលដីពីរដ្ឋ នឹងត្រូវទទួលរងទោសទណ្ឌពិនិយដូចមានចែងតាមមាត្រា១៣១ និង១៣២ នៃច្បាប់ស្តីពីសារពើពន្ធ ក្នុងឆ្នាំ១៩៩៧ និងមាត្រា៩ នៃច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ក្នុងឆ្នាំ២០២០ជាធរមាន ដែលមានប្រាក់ពន្ធបន្ថែមចំនួន១០%, ២៥% និង៤០% នៃចំនួនប្រាក់ពន្ធដែលបានបង់ខ្វះ បូកបន្ថែមនឹងការប្រាក់ចំនួន១.៥%នៃចំនួនប្រាក់ពន្ធដែលបានបង់ខ្វះសម្រាប់ខែនីមួយៗ ៕

Comments