+855 92 92 1000
Logo
Sovanna Mall, Phnom Penh
Updated on: June 7, 2022, 5:13 a.m.
Published on: June 14, 2019, 8:40 a.m.

ផ្សារទំនើបសុវណ្ណា នឹងផ្អាកដំណើរការចាប់ពីខែកញ្ញាទៅ


Sovanna Shopping Center, Phnom Penh

ផ្សារទំនើបសុវណ្ណា ដែលបានបើកដំណើរការតាំងពីឆ្នាំ២០០៨ នឹងត្រូវបិទអាជីវកម្មបណ្តោះអាសន្នចាប់ពីខែកញ្ញាខាងមុខតទៅ ដើម្បីធ្វើការរចនាកែលម្អមុខមាត់ថ្មីឡើងវិញ ដោយសារប្រតិបត្តិការផ្សារនេះកំពុងរងផលប៉ះពាល់ដោយសារកម្តៅការប្រកួតប្រជែង។ 

អ្នកស្រី ជា សុខហៀក អគ្គនាយិការផ្សារទំនើបសុវណ្ណាបានបញ្ជាក់ពីការផ្អាកអាជីវកម្មនេះនៅថ្ងៃសុក្រនេះ ហើយបានឲ្យដឹងថាការផ្អាកនេះអាចនឹងត្រូវការពេលប្រហែលមួយឆ្នាំ ឬ ច្រើនជាងនេះ។ អ្នកស្រីបន្តថា តួនាទីផ្សារទំនើបនឹងនៅរក្សាដដែល ប៉ុន្តែវិនិយោគិនអាចនឹងបន្ថែមមុខងារផ្សេងៗទៀតក្នុងគោលដៅប្រើប្រាស់ច្រើនប្រភេទនៅពេលផ្សារនេះត្រូវបានកែលម្អរួចរាល់។

អ្នកស្រីថ្លែងថា៖«អាជីវករដែលជួលតូបនៅទីនេះអាចបន្តលក់រហូតដល់ដាច់ខែសីហា ហើយចាប់ពីខែកញ្ញាទៅ យើងនឹងចាប់ផ្តើមធ្វើការកែលម្អផ្សារនេះ។ វាជាការកែលម្អទ្រង់ទ្រាយធំ ហើយអាចត្រូវការពេលប្រហែលមួយឆ្នាំ ឬលើសពីនេះ»។ 

អ្នកស្រី សុខហៀក ឲ្យដឹងថាសម្រាប់អាជីវករដែលមានកុងត្រាមានសពុលភាពខាងផ្សារនឹងផ្តល់សំណងដល់ពួកគេតាមកិច្ចសន្យា។ អ្នកស្រីមិនបានបញ្ជាក់ពីស្ថានភាពហិរញ្ញវត្ថុរបស់ផ្សារកន្លងមកនោះទេ តែគ្រាន់តែបញ្ជាក់ថាកំណើនប្រតិបត្តិករបានធ្វើប៉ះពាល់ដល់អាជីវកម្ម។ 

អ្នកស្រីបន្តថា៖«ពេលប្រកួតប្រជែងខ្លាំងជាងមុន វាតែងតែប៉ះពាល់ដល់ពាណិជ្ជកម្មគ្រាន់តែថាតិច ឬក៏ច្រើន។ អ៊ីចឹង អ្វីដែលសំខាន់គឺថាយើងត្រូវធ្វើអ្វីឲ្យបានល្អជារៀងរហូត។ ទីតាំងរបស់យើងនៅតែជាទីតាំងល្អ អ៊ីចឹងអ្នកវិនិយោគគេហ៊ានដាក់លុយវិនិយោគដើម្បីធ្វើវាឲ្យកាន់តែប្រសើរ»។ 

យោងតាមអ្នកស្រី សុខហៀក វាជាករណីធម្មតាប៉ុណ្ណោះដែលផ្សារទំនើបតែងតែត្រូវមានការកែលម្អបន្ទាប់ពីដំណើរការបានច្រើនឆ្នាំមក ដើម្បីមានភាពទាក់ទាញដល់អតិថិជន និងអ្នកដើរកំសាន្ត។ 

មានទីតាំងនៅសង្កាត់ទំនប់ទឹក ខ័ណ្ឌចំការមន ផ្សារទំនើបសុវណ្ណាត្រូវបានសាងសង់ឡើងកម្ពស់ ៥ ជាន់នឹងមានផ្ទៃក្រលាសរុបជិត ៥០,០០០ ម៉ែត្រការ៉េ។ ផ្សារទំនើបនេះគឺជាការវិនិយោគរបស់ក្រុមហ៊ុន Overseas Cambodian Investment Corporation (OCIC)។ ក្រុមហ៊ុន OCIC ក៏បានវិនិយោគលើគម្រោងផ្សារទំនើបផ្សេងទៀតដែរនៅកម្ពុជា រួមមានផ្សារទំនើបសុរិយា ផ្សារទំនើបរតនាផ្លាហ្សាជាដើម។

ផ្សារទំនើបសុរិយា ក៏ទើបត្រូវបានធ្វើការកែលម្អរផងដែរការកាលពីឆ្នាំ ២០១៦ បន្ទាប់ពីមានការធ្លាក់ចុះចំនួនភ្ញៀវដើរទិញឥវ៉ាន់។ ការធ្លាក់ចុះកន្លងមកអាចបណ្តាលមកពីការដាក់ឲ្យដំណើរការជាបន្តបន្ទាប់របស់ផ្សារទំនើបអ៊ីអនម៉ល។ 

ស្វែងរកព័ត៌មានថ្មីៗ សូមចូលទៅកាន់ Realestate.com.kh! 

 

Comments