+855 92 92 1000
Logo
ច្បាស់១០០%អំពីការសាងសង់ស្ពានអរិយក្សត្រហើយក្រោយសម្តេចប្រកាសបែបនេះ
Updated on: June 7, 2022, 6:02 a.m.
Published on: January 3, 2022, 8:06 a.m.

ច្បាស់១០០%អំពីការសាងសង់ស្ពានអរិយក្សត្រហើយក្រោយសម្តេចប្រកាសបែបនេះ


គម្រោងសាងសង់ស្ពានអរិយក្សត្ដែលគ្រប់គ្នាទន្ទឹងរង់ចាំជាយូរឆ្នាំមកហើយ ដែលនឹងតភ្ជាប់ពីរាជធានីភ្នំពេញទៅកាន់ស្រុកល្វាឯម នៃខេត្តកណ្តាល ដោយឆ្លងកាត់ទន្លេមេគង្គត្រង់ចំណុចទន្លេចតុមុខនោះពេលនេះប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ហើយថា រដ្ឋាភិបាលកូរ៉េខាងត្បូងនឹងសាងសង់ជូននៅពេលខាងមុខ ។

Svay Chrum Ferry

នេះបើតាមការមានប្រសាសន៍ឱ្យដឹងរបស់សម្តេចតេជោ ហ៊ុន សែន នាព្រឹកនៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ នេះក្នុងការអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកការដ្ឋានសាងសង់ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ តភ្ជាប់ខេត្តព្រះសីហនុទៅកាន់ខេត្តកោះកុងប្រវែង១៤៨គីឡូម៉ែត្រ ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្ដមឯកអគ្គរដ្ឋទូតកូរ៉េប្រចាំនៅកម្ពុជាផងដែរ ។

Samdach Techo

ក្នុងការអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកការដ្ឋានសាងសង់ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនកូរ៉េ ដែលបានជួយកសាងនូវហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ជាពិសេសការបើកការដ្ឋានសាងសង់ និងលើក​កម្រិតគុណភាពផ្លូវជាតិលេខ៤៨នាពេលនេះ ។

South Korean Ambassador

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ៖ «ឯកឧត្តមឯកអគ្គរដ្ឋទូត (កូរ៉េខាងត្បូង) បានលើកឡើងអំពីសំណើររបស់ខ្ញុំ និងការសម្រេចចិត្តរបស់កូរ៉េ ដែលនឹងកសាងស្ពានមិត្តភាពកម្ពុជា-កូរ៉េមួយនៅទីក្រុងភ្នំពេញតែម្តង ។ សូមអបអរសាទរទាំងអស់គ្នាថាយើងនឹងបានស្ពានហ្នឹង (ស្ពានអរិយក្សត្រ)...។...នេះមានស្ពានមិត្តភាពកម្ពុជា-កូរ៉េមួយដែលតភ្ជាប់រវាងភ្នំពេញជាមួយនឹងអរិយក្សត្រ...» ។

Ground Breaking Ceremony for National Road No.48

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា ៖ «ខ្ញុំសង្ឃឹមថា មិត្តកូរ៉េនឹងបន្ត ហើយអ្វីដែលជាក្តីសង្ឃឹមរបស់យើង គឺយើងនឹងមានស្ពានឆ្លងទន្លេមេគង្គពីភ្នំពេញទៅកាន់ស្វាយជ្រុំ ខាងល្វាឯម ដែលអាចចាត់ទុកថា ជានិមិត្តរូបនៃសាមគ្គីភាពរវាងកម្ពុជា និងកូរ៉េថែមទៀត ហើយយើងក៏សង្ឃឹមថាពលករកម្ពុជាក៏នឹងបន្តកើនឡើងទៅធ្វើការនៅប្រទេសកូរ៉េជាមួយនឹងទំហំពាណិជ្ជកម្មកាន់តែមានការរីកចម្រើន...» ។

Ariyksach ferry

សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណទៅកាន់រដ្ឋាភិបាលកូរ៉េខាងត្បូងដែលបានសម្រេចជួយសាងសង់ស្ពានមួយខ្សែឆ្លងកាត់ទន្លេដោយតភ្ជាប់ពីភ្នំពេញទៅកាន់អរិយក្សត្រនាពេលខាងមុខនេះ ។ ហើយតាមរយៈការទទួលបានស្ពាននេះ (ស្ពានអរិយក្សត្រ) នឹងធ្វើការតភ្ជាប់រវាងទីក្រុងភ្នំពេញទៅកាន់តំបន់អរិយក្សត្រកាន់តែខិតជិតគ្នា ហើយតំបន់អរិយក្សត្រនឹងក្លាយជាទីក្រុងរណបផងដែរនាពេលខាងមុខ ។

ariyksach bridge

គួររម្លឹកផងដែរថា កាលពីដើមឆ្នាំ២០២០កន្លងទៅ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃប្រទេសកម្ពុជា ក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសកូរ៉េខាងត្បូងបានស្នើទៅកាន់ប្រធានាធិបតីកូរ៉េខាងត្បូងឯកឧត្តម មូន ជេអ៊ីន (Moon Jae-in) ជួយផ្តល់ជំនួយសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ដើម្បីជានិម្មិតរូបនៃចំណងមិត្តភាពរវាងប្រទេសទាំងពីរ ខណៈបច្ចុប្បន្នមានតែស្ពានមិត្តភាពកម្ពុជា-ចិន និងស្ពានមិត្តភាពកម្ពុជា-ជប៉ុន ដោយពុំទាន់មានស្ពានមិត្តភាពកម្ពុជា-កូរ៉េនោះទេ ។ ហើយពេលនេះភាគីកូរ៉េខាងត្បូងបានសម្រេចយល់ព្រមសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េតាមសំណើររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃប្រទេសកម្ពុជាហើយ ៕

Author Profile

Comments