+855 92 92 1000
Logo
ខុនដូប្រណីត ស្កាយវីឡា ស្វាគមន៍អតិថិជនរើចូលនៅជាផ្លូវការ ចាប់ពីដើមខែកញ្ញានេះតទៅ
Updated on: June 6, 2022, 5:01 p.m.
Published on: August 28, 2020, 8:53 a.m.

ខុនដូប្រណីត ស្កាយវីឡា ស្វាគមន៍អតិថិជនរើចូលនៅជាផ្លូវការ ចាប់ពីដើមខែកញ្ញានេះតទៅ


វិមានភ្លោះដ៏ខ្ពស់ត្រដែត បានបង្ហាញរូបរាងយ៉ាងស្រស់ប្រិមប្រិយនៅលើលំហវេហានៃទីក្រុងភ្នំពេញ​។ នេះគឺជាខុនដូប្រណីត ស្កាយវីឡា ដែលត្រៀមខ្លួនរួចជាស្រេចក្នុងការទទួលស្វាគមន៍ការរើចូលរស់នៅរបស់អតិថិជន ចាប់ពីខែកញ្ញានេះតទៅ។ ស្កាយវីឡា គឺជាវីឡានៅ លើវេហាដ៏ធំស្កឹមស្កៃ និងជាលំនៅឋានដ៏ត្រចះត្រចង់ ដែលរួមបញ្ចូលនូវទីធ្លាលម្ហែកាយដ៏ធំទូលាយ អមដោយរុក្ខជាតិបៃតង និងផ្កាចម្រុះ ដែលបង្កើតបាននូវបរិយាកាសដ៏សុខដុមគួរជាទីមនោរម្យ។ ស្កាយវីឡា រួមបញ្ចូលនូវអ្វីៗគ្រប់យ៉ាងដែលអ្នកប្រាថ្នាចង់បានសម្រាប់បែបបទនៃការរស់នៅបែបអភិជនស្ថិតនៅកណ្ដាលក្រុង ជាមួយនឹងបរិយាកាសស្ងប់ស្ងាត់ ស្រស់ស្រាយ និងប្រកបដោយឯកជនភាព។

អគារ ស្កាយវីឡា មិនគ្រាន់តែជាសំណង់អគារដ៏ល្អប្រណីតប៉ុណ្ណោះទេ វាគឺជាស្នាដៃសិល្បៈស្ថាបត្យកម្មដ៏វិសេសវិសាល របស់ស្ថាបត្យករតៃវ៉ាន់ លោក C.Y. Lee ដែលមានកិត្តិនាមដ៏ល្បីរន្ទឺក្នុងការរចនាអគារ Taipei 101 អគារ Kaohsiung 85 Sky Tower និងអគារ Chung Tai Chan Monastery។

ផ្នត់គំនិតនៃការរចនាស្ថាបត្យកម្មពិសេសខុសប្លែកពីគេ រួមបញ្ចូលនឹងទេពកោសល្យនៃគំនិតច្នៃប្រឌិតដ៏ប៉ិនប្រសប់របស់លោក C.Y. Lee បង្កើតបានជាអគារ ស្កាយវីឡា ដែលនាំមកនូវកម្រិតស្តង់ដារថ្មីនៃសិល្បៈស្ថាបត្យកម្មលំនៅឋានដ៏ល្អដាច់គេ ដែលជាជម្រកដ៏សុខដុម ប្រកបដោយផាសុកភាព និងមិនអាចប្រៀបផ្ទឹមបាន។ ស្កាយវីឡា គឺជានិមិត្តរូបនៃជីវិតរស់នៅប្រកបដោយប្រណីតភាព និងភាពស៊ីវីល័យ ដែលជាលំនៅឋានប្រកបដោយកិត្យានុភាព នៅក្នុងទីក្រុងគជ់នៃតំបន់អាស៊ីអាគ្នេយ៍។

ការរចនាប្លង់ដ៏ឆ្លាតវៃរបស់ខុនដូ ស្កាយវីឡា មិនត្រឹមតែបង្កើននូវសោភ័ណភាពនៃយូនីតៗនីមួយៗប៉ុណ្ណោះទេ ថែមទាំងផ្ដល់ភាពបត់បែនខ្ពស់សម្រាប់ម្ចាស់ខុនដូក្នុងការតុបតែងលម្អគេហដ្ឋានរបស់ខ្លួនទៅតាមចំណង់ចំណូលចិត្តផ្ទាល់ខ្លួន ហើយវាលាយបញ្ចូលគ្នានូវធម្មជាតិបៃតង និងសិល្បៈនៃការរចនាស្ថាបត្យកម្មសហសម័យ ដែលបង្ហាញចេញតាមរយៈផ្នែកខាងក្រៅនៃអគារ ដែលហ៊ុមព័ទ្ធទៅដោយធម្មជាតិបៃតង និងបរិវេណលម្ហែដ៏ល្វឹងល្វើយ ដែលបង្កើតបានជាបរិយាកាស​រស់នៅប្រកបដោយភាពស្រស់បំព្រង។

ទីតាំងយុទ្ធសាស្រ្តយ៉ាងល្អប្រសើរ ស្ថិតនៅជាប់ពហុកីឡដ្ឋានអូឡាំពិក

ស្កាយវីឡា មានទីតាំងយុទ្ធសាស្រ្តយ៉ាងល្អប្រសើរ ស្ថិតនៅចំកណ្តាលរាជធានីភ្នំពេញ ពោលគឺជាប់នឹងរបងខាងត្បូងនៃពហុកីឡដ្ឋានអូឡាំពិក ស្ថិតនៅកែងមហាវិថីព្រះសីហនុ និងវិថីសាធារណរដ្ឋប៉ូឡូញ។ តំបន់នេះប្រជុំទៅដោយបណ្តាញផ្លូវយ៉ាងរស់រវើក ទីតាំងកម្សាន្ដនានាជាច្រើន ក៏ដូចជាសេវាកម្មប្រចាំថ្ងៃយ៉ាងសម្បូរបែប ដែលធ្វើឱ្យការរស់នៅប្រចាំថ្ងៃពោរពេញដោយភាពរីករាយ។ ត្រឹមតែ ៣នាទីពីទីតាំងអគារ គឺតំបន់បឹងកេងកេង ដែលជាមជ្ឈមណ្ឌលកម្សាន្ត និងពាណិជ្ជកម្មដ៏សំខាន់បំផុតនៅក្នុងទីក្រុងភ្នំពេញ។ ចំណែកឯស្ថាប័នរាជរដ្ឋាភិបាល ស្ថានទូត ធនាគារ ក៏ដូចជាទិសដៅកម្សាន្តនានាជាច្រើនទៀតក៏ស្ថិតនៅមិនឆ្ងាយពីនេះដែរ។ ពិសេសជាងនេះទៅទៀត បណ្ដាផ្សារតូចធំជាច្រើន ដូចជា ផ្សារអូឡាំពិក ផ្សារទំនើបអ៊ីអនម៉ល១ ផ្សារទួលទំពូង និង ផ្សារធំថ្មី​ ក៏ស្ថិតនៅក្បែរទីតាំងនេះដែរ។ មិនតែប៉ុណ្ណោះ អគារ ស្កាយវីឡា ហ៊ុមព័ទ្ធទៅដោយសាលាអន្តរជាតិល្បីៗជាច្រើន ដែលអាចឱ្យលោកអ្នកផ្ញើសេចក្ដីទុកចិត្តសម្រាប់អនាគតបុត្រធីតារបស់អ្នក។


ខុនដូដ៏ធំល្វឹងល្វើយ ប្រៀបផ្ទឹមបាននឹងវីឡាដ៏ប្រណីតនៅលើវេហា

ស្កាយវីឡា មានខុនដូសរុបចំនួន ២៥៦យូនីត ចាប់ពីទំហំ ២៧២ ម៉ែត្រការ៉េ​ ដល់ ៥០៩ ម៉ែត្រការ៉េ​ ដែលជាកំណត់ត្រាយូនីតខុនដូមានទីធ្លាធំទូលាយបំផុតក្នុងប្រទេសកម្ពុជា។ គម្រោងនេះផ្ដល់ជូនជម្រើសយូនីតចំនួន ៨ប្រភេទ សម្រាប់គ្រួសារលំដាប់អភិជន។ បន្ថែមលើទីធ្លាធំទូលាយ យូនីតនីមួយៗរួមបញ្ចូលនូវរានហាលដ៏ល្វឹងល្វើយ អមដោយទេសភាពទីក្រុងយ៉ាងស្រស់ត្រកាល ដែលធ្វើឱ្យជីវិតរស់នៅពោរពេញដោយភាពស្រស់បំព្រង។ បន្ទប់ទទួលភ្ញៀវត្រូវបានរចនាឡើងយ៉ាងពិសេស ដោយរួមបញ្ចូលជញ្ជាំងកញ្ចក់នៅពីរជ្រុងផ្សេងគ្នា ដែលមិនត្រឹមតែផ្ដល់ជូនពន្លឺធម្មជាតិគ្រប់គ្រាន់ប៉ុណ្ណោះទេ ថែមទាំងនាំមកនូវទស្សនីយភាពដ៏រស់រវើកនៃទីក្រុង អមដោយពិដានកម្ពស់ ៣.៦ ដល់ ៤.១ ម៉ែត្រ ដែលបង្កើតបាននូវបរិយាកាសរស់នៅប្រកបដោយផាសុកភាពបំផុត។


បន្ថែមលើបន្ទប់ទទួលភ្ញៀវដ៏ល្វឹងល្វើយ គ្រប់យូនីតនៃគម្រោង ស្កាយវីឡា រួមបញ្ចូលនូវរានហាលដ៏ស្រស់សោភា ដែលផ្សារភ្ជាប់ទៅនឹងបន្ទប់ទទួលភ្ញៀវ។ រានហាលមានទីធ្លាធំល្មម ដែលអាចរៀបចំទៅជាសួនផ្កាសម្រាប់រំសាយអារម្មណ៍នៅពេលនឿយណាយ កន្លែងអាំងសាច់សម្រាប់រីករាយក្នុងក្រុមគ្រួសារ ឬ​ ទីតាំងពិសាតែនាព្រឹកព្រលឹម។

បើនិយាយពីកញ្ចក់វិញ ស្កាយវីឡា ប្រើប្រាស់កញ្ចក់២ស្រទាប់ដែលមានគុណភាពបំផុត ពោលគឺអាចទប់ស្កាត់សំលេងរំខានរហូតដល់ ៩០% និងរក្សាសីតុណ្ហភាពក្នុងគេហដ្ឋានឱ្យត្រជាក់ ដែលបង្កើនផាសុកភាពថែមមួយកម្រិតទៀតសម្រាប់អ្នករស់នៅ។

ចំពោះម៉ាស៊ីនត្រជាក់វិញ គឺប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយបំផុត ដែលអាចបន្សុទ្ធខ្យល់ក្នុងបន្ទប់ និងលាយឡំខ្យល់បរិសុទ្ធពីបរិយាកាសខាងក្រៅ ដែលធ្វើឱ្យខ្យល់ក្នុងគេហដ្ឋានមានភាពស្រស់ថ្លា និងមានគុណភាពបរិសុទ្ធគ្រប់ពេលវេលា។

យូនីតក្នុងគម្រោង ស្កាយវីឡា មានបន្ទប់គេងចំនួន២ ឡើងទៅ ក្នុងនោះមានបន្ទប់មេគ្រួសារ និងបន្ទប់គេងទី២ ដែលសុទ្ធសឹងតែមានទីធ្លាធំទូលាយ ហើយត្រូវបានរចនាឡើងផ្អែកលើគុណតម្លៃនៃផាសុកភាព និងជីវិតរស់នៅយ៉ាងពេញលេញ។ ក្នុងបរិវេណបន្ទប់គេងនីមួយៗ អាចដាក់គ្រែគេងរហូតដល់ទំហំ២ម៉ែត្រ ទូរសំលៀកបំពាក់ និងបន្ទប់ផ្លាស់សំលៀកបំពាក់ផងដែរ ហើយនៅសល់ទីធ្លាគ្រប់គ្រាន់សម្រាប់ប្រើប្រាស់ផ្សេងទៀត។

ចំណែកឯបន្ទប់ទឹកវិញ ត្រូវបានបែងចែកចេញជា២ផ្នែក គឺផ្នែកស្ងួតនិងផ្នែកសើម ដែលកាត់ផ្ដាច់ពីគ្នាដោយកញ្ចក់ថ្លា ហើយថែមទាំងរួមបញ្ចូលនូវអាងត្រាំទឹកថែមទៀតផង។ ចំពោះទឹកផ្កាឈូក គឺប្រើប្រាស់នូវម៉ាកល្បីលំដាប់អន្តរជាតិ ដែលមានភាពស្រស់ស្អាត គុណភាពយូរអង្វែង និងមានភាពងាយស្រួលក្នុងការសម្អាត។ ក្រៅពីនេះ នៅក្នុងបន្ទប់ទឹកក៏មានបំពាក់នូវទូរដាក់សម្ភារផងដែរ ដែលធ្វើឡើងពីវត្ថុធាតុដើមមានគុណភាពខ្ពស់ ដែលការពារពីការជ្រាបទឹក ធូលី ហើយជៀសវាងការដានកខ្វក់។

និយាយពីផ្ទះបាយវិញម្តង វាត្រូវបានរចនាឡើងដោយបំពាក់នូវកញ្ចក់ពីជាន់ដល់ពិដាន ដែលអាចឱ្យពន្លឺធម្មជាតិចូលគ្រប់គ្រាន់។ ជញ្ជាំងទាំងមូលប្រើប្រាស់នូវវត្ថុធាតុដើមលំដាប់ខ្ពស់ ដែលអាចទប់ស្កាត់ផ្សែងពេលចម្អិនអាហារ ជៀសវាងការដានប្រេងកខ្វក់ និងមានភាពងាយស្រួលក្នុងការសម្អាត។ ការរចនាប្លង់រាងអក្សរ “L” ធ្វើឱ្យផ្ទះបាយមានរបៀបរៀបរយ ព្រមទាំងបង្កភាពងាយស្រួលក្នុងពេលចម្អិនអាហារថែមទៀតផង។

ប្រសិនបើជីវិតរស់នៅប្រកបដោយប្រណីតភាព កិត្យានុភាព និងភាពស៊ីវីល័យ គឺជាអ្វីដែលអ្នកប្រាថ្នាចង់បាន ស្កាយវីឡា គឺជាជម្រើសដ៏ល្អបំផុតដែលនាំមកនូវបទពិសោធនៃការរស់នៅដ៏ឥតខ្ចោះដែលមិនអាចប្រៀបផ្ទឹមបាន៕

 

Comments