+855 92 92 1000
Logo
ខេត្តព្រះសីហនុនឹងក្លាយជាតំបន់អចលនទ្រព្យដ៏មានសក្ដានុពលបន្ទាប់ពីទីក្រុងភ្នំពេញ
Updated on: June 6, 2022, 5:04 p.m.
Published on: May 15, 2017, 3:42 a.m.

ខេត្តព្រះសីហនុនឹងក្លាយជាតំបន់អចលនទ្រព្យដ៏មានសក្ដានុពលបន្ទាប់ពីទីក្រុងភ្នំពេញ


វិនិយោគិនចិន និងក្រុមហ៊ុនជាង១០០បានមកវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេសក្នុងខេត្តព្រះសីហនុដែលប្រែក្លាយជាតំបន់អភិវឌ្ឍនចម្រុះហើយបានទាក់ទាញវិនិយោគិនអចលនទ្រព្យជាតិ និងអន្តរជាតិជាច្រើនដើម្បីសាងសង់គម្រោងវិនិយោគរបស់ពួកគេក្នុងតំបន់ឆ្នេរមួយនេះ។

វាមានទេសភាពស្រស់ត្រកាលបណ្តុំកោះតូចៗជាច្រើនជាមួយនឹងឆ្នេរខ្សាច់សក្បុសលាតសណ្ឋឹងយ៉ាងវែង ហើយត្រូវបានគេចាត់ចំណាត់ថ្នាក់ជាឆ្នេរខ្សាច់ដ៏ស្រស់ស្អាតបំផុតក្នុងពិភពលោក។ នេះធ្វើឱ្យកើនឡើងចំនួនភ្ញៀវទេសចរបរទេសជាច្រើនកំពុងចូលមកទស្សនាខេត្តនេះប្រហែល១០%ជារៀងរាល់ឆ្នាំ ហើយក៏បានបង្កើនចំនួននៃការហោះហើរនៅក្នុងតំនប់ផងដែរ។

អគ្គនាយកគ្រប់គ្រងរបស់ក្រុមហ៊ុន  FURI Real Estate លោក លី សែនលៀប បាននិយាយថាខេត្តព្រះសីហនុមានសក្ដានុពលដោយសារចំនួននៃការភ្ជាប់ជើងហោះហើរពីប្រទេសចិន និងខេត្តសៀមរាប។ លោកមានការភ្ញាក់ផ្អើលខ្លាំងណាស់ដែលលោកបានឃើញភ្ញៀវទេសចរចិនជាច្រើនមកទស្សនានិងវិនិយោគក្នុងខេត្តមួយនេះ។ លោកបាននិយាយថាខេត្តមួយនេះមានសក្ដានុពលសម្រាប់ការអភិវឌ្ឍន៍ក្នុងវិស័យអចលនទ្រព្យពីព្រោះវាជាដីទំនេរដែលជាជម្រើសសម្រាប់អ្នកអភិវឌ្ឍន៍។

“ជាមួយការសាងសង់ខុនដូក្នុងខេត្តព្រះសីហនុ យើងនឹងមានសំណួរមួយចោទសួរឡើងថាតើអ្នកអភិវឌ្ឍន៍គួរតែផ្តោតទៅលើគោលដៅមួយឬយ៉ាងណា! ប្រសិនបើវិនិយោគិនផ្ដោតទៅលើអតិថិជនក្នុងស្រុកខ្ញុំមានទំនុកចិត្តតិចណាាស់” នេះបើតាមសំដីលោកសែនលៀប។  លោកបានបន្ថែមថា “ប្រជាជនក្នុងខេត្តព្រះសីហនុភាគច្រើនមិនចាប់​អារម្មណ៍លើខុនដូនោះទេ។ ក៏ប៉ុន្តែពួកគេនៅតែចាប់អារម្មណ៍លើលំនៅដ្ឋានឯកជនជាប់ដីក្នុងខេត្តដែលមានដីទំនេរ។ ជាមួយតម្លៃដែលពួកគេអាចទទួលយកបាន។”

ខេត្តព្រះសីហនុនឹងក្លាយជាទីក្រុងសំខាន់ទីពីរបន្ទាប់ពីទីក្រុងភ្នំពេញជាទីកន្លែងដែលវិនិយោគិនបរទេសកំពុងតែអភិវឌ្ឍន៍ គម្រោងខុនដូដូចជា៖ គម្រោងខុនដូ D’Seaview គម្រោង Sunshine Bay គម្រោងខុនដូ Bayview និងគម្រោងខុនដូផ្សេងៗជាច្រើនទៀតដែលកំពុងតែត្រូវបានសាងសង់។

លោកច្រឹក សុខនីម អគ្គនាយកគ្រប់គ្រងរបស់ក្រុមហ៊ុន  Century21 Mekong បាននិយាយថាពីព្រោះខេត្តព្រះសីហនុគឺជាតំបន់ទេសចរ ហើយរាជរដ្ឋាភិបាលកំពុងតែរៀបចំខេត្តមួយនេះឱ្យក្លាយទៅជាតំបន់ពាណិជ្ជកម្មនាពេលអនាគត ហើយវិនិយោគិនក៏កំពុងតែគ្រោងនឹងវិនិយោគលើការវិនិយោគរយៈពេលវែងក្នុងតំបន់មួយនេះដែរពីព្រោះវាជាខេត្តមួយដែលមានសក្ដានុពេលនៅពេលអនាគត។

លោកបាននិយាយថា “រាជរដ្ឋាភិបាលបានផ្ដោតទៅលើតំបន់នេះដោយរៀបចំតំបន់ឆ្នេរមួយនេះជាកន្លែងដ៏ស្រស់ស្អាតមួយ។ ដោយដាក់នូវគម្រោងសាងសង់ផ្លូវល្បឿនលឿនមួយពីទីក្រុងភ្នំពេញទៅព្រះសីហនុ ព្រលានយន្តហោះអន្តរជាតិ និងកំណើនៃភ្ញៀវទេសចរដែលជាកត្តាសំខាន់សម្រាប់វិនិយោគិនក្នុងការសាងសង់ខុនដូក្នុងខេត្តមួយនេះ។” “នៅពេលដែលមានការរៀបចំកម្មវិធីម្ដងៗក្នុងខេត្តតួយ៉ាងបុណ្យសមុទ្រវាពិតជាលំបាកក្នុងការស្វែងរកផ្ទះសំណាក់  និងសណ្ឋាគារសម្រាប់ស្នាក់នៅខ្លាំងណាស់ ដូចនេះការទិញខុនដូសម្រាប់លំហែកាយអាចជាជម្រើសដ៏ល្អមួយ។”

ថ្លែងក្នុងលក្ខខណ្ឌមិនបញ្ចេឈ្មោះវិនិយោគិនម្នាក់ដែលបានវិនិយោគលើគម្រោងខុនដូនៅក្នុងខេត្តព្រះសីហនុនេះបាននិយាយថា “ឆ្នេរខ្សាច់ខេត្តព្រះសីហនុគឺជាទិសដៅទេសចរដ៏ស្រស់ស្អាតបំផុតមួយចំណាត់ថ្នាក់លេខ២បន្ទាប់ពីខេត្តសៀមរាប។ ដូចនេះខ្ញុំគិតថាវាជាជម្រើសល្អមួយសម្រាប់ការសាងសង់ខុនដូពីព្រោះខេត្តមួយនេះមិនទាន់មានខុនដូប្រណិត និងសណ្ឋាគារប្រណិតៗនៅឡើយទេ។”

គាត់បានបន្ថែមទៀតថា “យើងកំពុងតែសាងសង់គម្រោងខុនដូដើម្បីទាក់ទាញភ្ញៀវទេសចរបរទេសឱ្យមកប្រទេសរបស់យើង។ ហើយនៅក្នុងឆ្នាំ២០១៨ការបូមប្រេងចេញពីសមុទ្ររបស់យើងនិងជាផ្នែកដ៏សំខាន់មួយក្នុងការទាក់ទាញវិនិយោគិនកាន់តែច្រើនឡើងដើម្បីមកវិនិយោគនៅទីនេះ។”

លោក ហូ វាន់ឌីអគ្គលេខាធិការនៃសម្ព័ន្ធភាពជាតិទេសចរណ៍កម្ពុជាបាននិយាយថាបច្ចប្បន្នមាន ក្រុមហ៊ុនហោះហើរពីរដូចជា ក្រុមហ៊ុន កម្ពុជាអង្គរ និងក្រុមហ៊ុន បាយ័នអ៊ែរដែលបានកំពុងតែហោះហើរវាងពីខេត្តសៀមរាប និងទីក្រុងភ្នំពេញទៅកាន់ខេត្តព្រះសីហនុជារៀង រាល់ថ្ងៃ។ ហើយក៏មានជើងហោះហើពីក្រៅប្រទេសដែលចុះចត និងទស្សនាម្ដងម្កាលផងដែរ។

លោកបានបន្ថែមថា “ខេត្តមួយនេះនឹងមានសក្ដានុពល និងការរីកចម្រើនកាន់តែខ្លាំងឡើងប្រសិនបើនៅតែរក្សាហេដ្ឋារចនាសម្ព័ន្ធ និងបរិយាកាសល្អទាំងធម្មជាតិលើដី និងក្នុងទឹក។” លោកបន្ថែមថា “ភាពជោគជ័យនៃការសាងសង់ខុនដូ និងអចលនទ្រព្យនៅទីនេះអាស្រ័យលើការថែរក្សានៃធនធានធម្មជាតិ និងការរៀបចំតំបន់នោះឱ្យកាន់តែទាក់ទាញខ្លាំងឡើង។”

លោក យន់ មៀន អភិបាលខេត្តព្រះសីហនុបាននិយាយថាបច្ចុប្បន្នមានគម្រោងខុនដូ៣ដែលកំពុងតែសាងសង់ក្នុងខេត្តមួយនេះដែលមានទាំងវិនិយោគិនក្នុងស្រុក និងវិនិយោគិនបរទេស។ លោកបាននិយាយបន្តទៀតថាខេត្តព្រះសីហនុបានបន្តអភិវឌ្ឍនន៍យ៉ាងឆាប់រហ័សដោយសារតែរដ្ឋាភិបាលបានរៀបចំខេត្តឱ្យក្លាយទៅជាតំបន់ពាណិជ្ជកម្មចម្រុះ ហើយពីព្រោះវាមានឆ្នេរសមុទ្រដ៏ស្រស់ស្អាតតែមួយគត់ក្នុងប្រទេសកម្ពុជា។ ហើយមានជើងហោះហើរដោយផ្ទាល់ឆ្ពោះទៅខេត្តមួយនេះផងដែរ។

លោយ យន់ មៀន បាននិយាយថា“សន្តិភាពធ្វើឱ្យមានអ្វីៗគ្រប់យ៉ាងក្នុងខេត្តតួយ៉ាងប្រជាជនក៏មានចំណាប់អារម្មណ៍ លើគម្រោងខុនដូក្នុងខេត្តគួរឲ្យកត់សម្គាល់ផងដែរ៕”

សូមពិនិត្យមើលគម្រោងអភិវឌ្ឍន៍សំខាន់ៗនៅក្នុងខេត្តព្រះសីហនុ៖
អត្ថបទនេះបានចុះផ្សាយនៅក្នុងទស្សាវដ្តី PROPERTY VIEW ខែមករា ឆ្នំា ២០១៧ ដែលបង្កើតឡើងដោយសមាគមន៍អ្នកវាយតម្លៃនិងអចលនវត្ថុកម្ពុជា។

Realestate.com.kh មានកិត្តិយសធ្វើជាដៃគូផ្សព្វផ្សាយជាមួយទស្សនាវដ្តីអចលនទ្រព្យ Property View ដែលជាទស្សនាវដ្តីបង្កើតឡើងដោយសមាគមន៍អ្នកវាយតម្លៃនិងអចលនវត្ថុកម្ពុជា។  សម្រាប់ព័ត៌មានបន្ថែមអំពីក្លាយជាសមាជិករបស់សមាគមន៍អ្នកវាយតម្លៃនិងអចលនវត្ថុកម្ពុជាសូមចុចទីនេះ។  ប្រសិនបើអ្នកចង់ធ្វើការផ្សព្វផ្សាយពាណិជ្ជកម្មនៅក្នុងទស្សនាវដ្តី Property View សូមធ្វើការទាក់ទងទៅកាន់លោក វីរិទ្ធតាមរយៈអ៊ីម៉េល virith007@yahoo.com ឬទូរស័ព្ទលេខ 078 959 567  - 098 66 26 68

 

borey-ads-580-x-90-khmer

Comments