ក្រោយពេលរាជរដ្ឋាភិបាលបានសម្រេចបិទល្បែងស៊ីសងអនឡាញនៅក្នុងខេត្តព្រះសីហនុ រួមជាមួយនឹងការផ្ទុះឡើងនៃវិបត្តិកូវីដ-១៩កាលពីពេលកន្លងទៅបានធ្វើឱ្យទីផ្សារអចលនទ្រព្យនៅក្នុងខេត្តមួយនេះមានការជាប់គាំងជាបន្តបន្ទាប់ ។ ប៉ុន្តែសម្រាប់ឆ្នាំ២០២៣នេះវិញ ទីផ្សារអចលនទ្រព្យក្នុងខេត្តព្រះសីហនុបានចាប់ផ្តើមកម្រើកឡើងវិញជាបណ្តើរហើយ ។ នេះបើតាមការឱ្យដឹងពីអ្នកជំនាញទីផ្សារអចលនទ្រព្យ ។
ក្រោយពេលមានផ្លូវល្បឿនលឿនបានធ្វើឱ្យសកម្មភាពភ្ញៀវទេសចរក្នុងស្រុកសម្រុកទៅលេងកម្សាន្តនៅក្នុងខេត្តព្រះសីហនុយ៉ាងច្រើន ដែលបណ្តាលឱ្យទីផ្សារអចលនទ្រព្យក្នុងខេត្តមួយនេះមានសភាបកម្រើកឡើងវិញ ។ នេះបើតាមលោក ឌិត ចណ្ណា ទីភ្នាក់ងារអចលនទ្រព្យនៅក្នុងខេត្តព្រះសីហនុបានលើកឡើង ។
អ្នកជំនាញទីផ្សារអចលនទ្រព្យខាងលើបានបន្តឱ្យដឹងថា ដោយមានការសហការពីក្រសួងស្ថាប័នពាក់ព័ន្ធបានដោះស្រាយបញ្ហាគម្រោងអគារដែលជាប់គាំងនាពេលកន្លងមកក្នុងខេត្តព្រះសីហនុបានធ្វើឱ្យវិនិយោគិនចិនមួយចំនួនចាប់ផ្តើមសាងសង់គម្រោងដែលជាប់គាំងឡើងវិញ និងមានគម្រោងខ្លះសាងសង់បញ្ចប់ ។
តម្លៃដីធ្លីនៅតែមានតម្លៃខ្ពស់ ជាក់ស្តែងនៅតំបន់ល្អៗទីប្រជុំជនដូចជា តំបន់ឆ្នេរឯករាជ្យទៅរង្វង់មូលតោ, តំបន់រង្វង់មូលតោទៅឆ្នេរអូរឈើទាល, តំបន់ម្តុំសណ្ឋាគារសុខាជាដើមគឺតម្លៃខ្ពស់បំផុតចាប់ពី៣០០០-៣៥០០ដុល្លារក្នុង១ម៉ែត្រការ៉េទៅតាមទំហំដីតូច ឬដីធំ ។ ជាមួយគ្នានេះ តំបន់ជាយក្រុងវិញ មានតម្លៃចាប់ពី២០០០-២៥០០ដុល្លារ ក្នុង១ម៉ែត្រការ៉េ ហើយតំបន់ចុះពីជាយក្រុងវិញ គឺមានតម្លៃចាប់ពី១០០០ដុល្លារ-១៥០០ដុល្លារជាដើម ។
បច្ចុប្បន្នពាណិជ្ជករ និងវិនិយោគិនចិនជាច្រើនបានវិលត្រឡប់មកកាន់ខេត្តព្រះសីហនុជាបន្តបន្ទាប់ដែលធ្វើឱ្យតម្រូវការជួលផ្ទះ ខុនដូ និងទីតាំងផ្សេងៗសម្រាប់បើកដំណើរការអាជីវកម្មផ្សេងៗមានការកើនឡើង ។ វិនិយោគិនកាន់តែច្រើនឡើងៗចាប់ផ្តើមសាកសួរពីហាងឆេងតម្លៃដីធ្លីដែលនេះអាចជាសញ្ញាល្អសម្រាប់សកម្មភាពទិញលក់នាពេលខ្លីខាងមុខ ។
គួររម្លឹកផងដែរថា យោងតាមសេចក្ដីសម្រេចស្ដីពីការដាក់ឱ្យប្រើប្រាស់ប្លង់គោលប្រើប្រាស់ដីក្រុងព្រះសីហនុ ឆ្នាំ២០៣៨ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្ហាញថា រាជរដ្ឋាភិបាលបានកំណត់អភិវឌ្ឍន៍ក្រុងព្រះសីហនុឱ្យក្លាយជាទីក្រុងស្នូលនៃប៉ូលអភិវឌ្ឍន៍ជាតិប្រកបដោយចីរភាពនៅតំបន់ឆ្នេរសមុទ្រនៃប្រទេសកម្ពុជា ៕
Comments