ខេត្តព្រះសីហនុ ៖ ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកក្រុមការងារបច្ចេកទេសពាក់ព័ន្ធរបស់ក្រសួង អញ្ជើញចុះពិនិត្យគម្រោងធ្វើឱ្យប្រសើរឡើងកំណាត់ផ្លូវលេខ១៤៦បេ (វិថីសម្ដេចសង្ឃរាជទេពវង្ស) និងផ្លូវលេខ១៤៨ ដោយមានការអញ្ជើញចូលរួមពីក្រុមការងារបច្ចេកទេសមន្ទីរសាធារណការ និងដឹកជញ្ជូន តំណាងក្រុមហ៊ុនសាងសង់ និងទីប្រឹក្សាបច្ចេកទេស ។ ការអញ្ជើញចុះត្រួតពិនិត្យគម្រោងនេះធ្វើឡើងនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ ។
ការចុះពិនិត្យនេះធ្វើឡើងក្នុងគោលបំណងពិនិត្យវឌ្ឍនភាពការងារសាងសង់ ក៏ដូចជាដើម្បីផ្ទៀងផ្ទាត់គុណភាពក្រោយបញ្ចប់ការសាងសង់ជាស្ថាពរ ថាតើក្រុមហ៊ុនបានអនុវត្តត្រឹមត្រូវតាមកិច្ចសន្យា និងស្តង់ដារបច្ចេកទេសរបស់ក្រសួងដែលបានព្រមព្រៀងដែរយ៉ាងណា ។
ថ្លែងក្នុងបទសម្ភាសន៍ទៅកាន់ក្រុមអ្នកសារព័ត៌មាន ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ៖ ក្រុមការងារបច្ចេកទេសក្រសួង ដែលដឹកនាំដោយអគ្គនាយកដ្ឋានបច្ចេកទេស បានធ្វើតេស្តសាកល្បងគុណភាពសាងសង់ផ្លូវ១៤៦បេ នេះដោយប្រើឧបករណ៍ទំនើបៗជាច្រើន ដូចជា ម៉ាស៊ីន FWD , ROMDAS, GPR, Nuclear, Pendulum ដើម្បីពិនិត្យថា តើក្រុមហ៊ុនបានគោរពតាមស្តង់ដារបច្ចេកទេសដែរយ៉ាងណា?
ឯកឧត្តមទេសរដ្ឋមន្ត្រីបានបញ្ជាក់ថា ជាលទ្ធផលនៃការធ្វើតេស្តបានបង្ហាញថា ផ្លូវនេះសាងសង់បានល្អ មានគុណភាពរឹងមាំដោយហេតុថា មានការធ្វើតេស្តសាកល្បងចំនួន៤១៤កន្លែង ក្នុងនោះមានតែពីរកន្លែងប៉ុណ្ណោះមាន គុណភាពក្រោមកម្រិតបច្ចេកទេសបន្តិច ប៉ុន្តែអាចទទួលយកបាន។ ហើយចំពោះកំណាត់ផ្លូវក្រាល AC វិញ កម្រិតនៃភាពរលាក់ IRI មានតម្លៃតូចជាង ២m/km ដែលស្ថិតក្នុងកម្រិតល្អណាស់។ ហើយចំពោះផ្លូវបេតុង ការពិនិត្យកម្រិតនៃភាពកកិត ក៏ត្រូវបានផ្ទៀងផ្ទាត់ឡើងវិញដែរ ហើយជាលទ្ធផលឃើញថា តម្លៃនៃភាពកកិតរបស់ផ្ទៃកម្រាលបេតុង គឺខ្ពស់ជាងស្តង់ដារដែលបានកំណត់ ។
បន្ថែមពីលើនេះ ឯកឧត្តមទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ផ្លូវនេះអាចជួយសម្រួលដល់ឡានដឹកទំនិញធុនធ្ងន់ធ្វើដំណើរវាងផ្លូវជាតិលេខ៤ ជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងការកកស្ទះចរាចរណ៍លើផ្លូវជាតិលេខ៤ ដែលកន្លងមកតែងតែបង្កភាពយឺតយ៉ាវដល់ការនាំទំនិញទៅលក់នៅបរទេស ហើយក្រសួងគ្រោងស្នើទៅអភិបាលក្រុងព្រះសីហនុដើម្បីពិនិត្យរួមគ្នាលើលទ្ធភាពនៃការអនុញ្ញាតឱ្យរថយន្តដឹកជញ្ជនទំនិញធុនធ្ងន់ចេញពីកំពង់ផែក្រុងព្រះសីនុធ្វើដំណើរចូលផ្លូវល្បឿនលឿនតែម្ដង ដើម្បីចំណេញពេលវេលា និងកាត់បន្ថយបន្ទុកនៃការដឹកជញ្ជូនលើផ្លូវលេខ៤ដែលកំពុងមានចរាចរណ៍មមាញឹកខ្លាំង ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានផ្តាំផ្ញើឱ្យក្រុមហ៊ុនសាងសង់ផ្លូវទាំងអស់ធ្វើផ្លូវឱ្យបានរឹង មាំតាមលក្ខណៈបច្ចេកទេសដែលបានឯកភាពគ្នា ដោយហេតុថាក្រសួងមានឧបករណ៍សម្ភារបច្ចេកទេសទំនើបៗច្រើនដែលអាចយកមកត្រួតពិនិត្យគុណភាពនៃការសាងសង់ផ្លូវបាន និងបានអំពាវនាវដល់ម្ចាស់យានយន្តដឹកជញ្ជូនទំនិញទាំងអស់ដែលប្រើប្រាស់ផ្លូវកម្ពុជា ទាំងឡានបរទេស ទាំងឡានកម្ពុជា ត្រូវតែគោរពច្បាប់របស់ព្រះរាជាណាចក្រកម្ពុជាឱ្យបានម៉ឺងម៉ាត់ មិនត្រូវបំផ្លាញផ្លូវរបស់កម្ពុជាទេ កម្ពុជាត្រូវការថវិកាច្រើនណាស់ក្នុងការកសាងប្រព័ន្ធផ្លូវថ្នល់ឱ្យបានល្អជូនប្រជាពលរដ្ឋ ក៏ដូចជាជូនអ្នកដឹកទំនិញផងដែរ ។
យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានបច្ចេកទេសក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងថា គម្រោងធ្វើឱ្យប្រសើរឡើងកំណាត់ផ្លូវលេខ១៤៦បេ (វិថីសម្ដេចសង្ឃរាជទេពវង្ស) និងផ្លូវលេខ១៤៨ សម្រេចវឌ្ឍនភាពការងារបាន៩៩,៨១% ហើយគិតរហូតមកទល់ពេលនេះ ។
សូមជម្រាបជូនថា កំណាត់ផ្លូវនេះគឺជាផ្លូវវាងក្រុងដ៏មានសក្ដានុពលសម្រាប់បម្រើឱ្យការដឹកជញ្ជូន ទំនិញនាំចេញ-ចូលតាមនាវា កសិផល និងជលផលរបស់បងប្អូនប្រជាពលរដ្ឋ នៅស្រុកស្ទឹងហាវ ក៏ដូចជាបងប្អូនរស់នៅតំបន់ទំនប់រលកចាស់នៃក្រុងព្រះសីហនុទៅកាន់ទីផ្សារ កាន់តែមានលក្ខណៈ ងាយស្រួល ឆាប់រហ័ស និងចំណាយតិច និងចូលរួមចំណែកដល់ការកាត់បន្ថយការកកស្ទះចរាចរណ៍ យានយន្តដឹកជញ្ជូនទំនិញធុនធ្ងន់តាមផ្លូវជាតិលេខ៤ផងដែរ ៕
Comments