+855 92 92 1000
Logo
Building collapse in Sihanoukville
Updated on: June 6, 2022, 5:02 p.m.
Published on: June 24, 2019, 7:29 a.m.

​រដ្ឋា​ភិ​បាល​បង្កើត​គណៈ​កម្មាការ​ពង្រឹង​ការ​ត្រួត​​​ពិ​និត្យ​គុណ​​​ភាព​សំ​ណង់នៅ​ខេត្ត​ព្រះ​សី​ហនុ​ បន្ទាប់​ពី​អគារ​សាង​សង់​បានត្រឹម​​ ៧ ជាន់ដួល​​​​រលំ


Building collapse in Sihanoukville

លោក យន្ត មីន បានលាលែងពីអភិបាលខេត្តព្រះសីហនុនៅថ្ងៃច័ន្ទនេះ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចេញសេចក្តីសម្រេចមួយកាលពីថ្ងៃអាទិត្យ ស្តីពីការបង្កើតគណៈកម្មការត្រួតពិនិត្យគុណភាពសំណង់នៅខេត្តព្រះសីហនុ ដើម្បីពង្រឹងការត្រួតពិនិត្យស្តង់ដា និងសុវត្ថិភាពសំណង់អគារ នៅខេត្តជាប់សមុទ្រមួយនេះដែលកំពុងមានកំណើនគម្រោងសាងសង់ពីវិនិយោគិនចិន។  

ការសម្រេចនេះ គឺធ្វើឡើងត្រឹមតែមួយថ្ងៃ បន្ទាប់ពីអគារកម្ពស់ ៧ ជាន់មួយដែលកំពុងសាងសង់មានទីតាំងនៅខេត្តព្រះសីហនុ បានដួលរលំ ហើយបណ្តាលឲ្យកម្មករសំណង់ ២៥ នាក់បាត់បង់ជីវិត និង ២៤ នាក់ផ្សេងទៀតរងរបួសធ្ងន់ស្រាល។ ក្រុមអ្នកសង្រ្គោះមិនទាន់បញ្ចប់ការរើបំណែកអគារដួលរលំដើម្បីស្វែងរកអ្នកជាប់ កប់ក្នុងអគារនេះនៅឡើយគិតមកទល់ពេលនេះ។

សេចក្តីសម្រេចរបស់រដ្ឋាភិបាល ដែលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចុះហត្ថលេខាកាលពីថ្ងៃ ២៣ មិថុនា បានចាត់តាំងលោក ឡៅ ទិព្ធសីហា រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាប្រធានគណៈកម្មកានេះ និងលោក អ៊ុក គឹមលេខ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាអនុប្រធាន។ គណៈកម្មការនេះមានសមាជិក ១៣ នាក់ ហើយលោក យន្ត មីន អភិបាលខេត្តព្រះសីហនុ ដែលកំពុងត្រូវបានរងការរិៈគន់ពីប្រជាពលរដ្ឋអ្នកលេងបណ្តាញសង្គមជាសមាជិកអចិន្ត្រៃយ៍។

យ៉ាងនេះក៏ដោយ លោក យន្ត មីន នៅថ្ងៃច័ន្ទនេះត្រូវបានលោក នាយករដ្ឋមន្រ្តី ហ៊ុន សែន បញ្ជាក់នៅក្នុងគេហទំព័រហ្វេសប៊ុករបស់លោកថា ត្រូវបានអនុញ្ញាត្តិឲ្យលាលែងដំណែងជាអភិបាលខេត្តព្រះសីហនុហើយ តបតាមសំណើររបស់សាមីខ្លួនមកលោកនាយករដ្ឋមន្រ្តី។ តែលោកត្រូវមានតួនាទីដឹកនាំយុទ្ធនាការសង្រ្គោះរហូតដល់ចប់សព្វគ្រប់សិន។

យោងតាមសេចក្តីសម្រេចរបស់រដ្ឋាភិបាល គណៈកម្មការនេះនឹងត្រូវត្រួតពិនិត្យបទដ្ឋានបច្ចេកទេស បទដ្ឋានគតិយុត្ត ស្តង់ដារសំណង់ ស្តង់ដារសុវត្ថិភាព និងគុណភាពសំណង់ នៅតាមការដ្ឋានសំណង់នៅខេត្តព្រះសីហនុ។ គណៈកម្មការនេះក៏ត្រូវត្រួតពិនិត្យលក្ខណៈសម្បត្តិរបស់ក្រុមហ៊ុនទទួលម៉ៅការសាងសង់នៅតាមការដ្ឋានសំណង់ និងធ្វើបច្ចុប្បន្នភាពសំណង់អគារដែលបានសាងសង់រួច និងកំពុងធ្វើអាជីវកម្មជាដើម។

ទាក់ទងនឹងការររលំអគារកម្ពស់ ៧ ជាន់ដែលបណ្តាលឲ្យមនុស្សស្លាប់ និងរងរបួស គិតមកទល់ពេលនេះមិនទាន់មានការបញ្ជាក់ផ្លូវការពីមូលហេតុជាក់លាក់នៅឡើយ។ យ៉ាងណាក៏ដោយ ឧបទ្ទេវហេតុ នេះបានឆ្លុះបញ្ចាំងកាន់តែច្បាស់ពីគ្រោះថ្នាក់ និងហានិភ័យ ចំពោះសំណង់ដែលមិនបានទទួលច្បាប់អនុញ្ញាត្តិឲ្យសាងសង់ច្បាស់លាស់។ ទីក្រុងព្រះសីហនុ ដែលជាខេត្តជាប់មាត់សមុទ្ររបស់កម្ពុជា កំពុងផ្លាស់ប្តូរមុខមាត់យ៉ាងខ្លាំងខាងផ្នែកសំណង់អគារ ដែលរួមមានទាំងសំណង់សណ្ឋាគារ និងកាស៊ីណូ ដែលភាគច្រើនជាការវិនិយោគរបស់ជនជាតិចិន។

លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ កាលពីថ្ងៃសៅរ៍ បានលើកឡើងថា អគាដែលបាក់រលំនេះ គឺជាការវិនិយោគដោយជនជាតិចិន ហើយបានសាងសង់ដោយមិនមានច្បាប់អនុញ្ញត្តិត្រឹមត្រូវឡើយ។ លោកបញ្ជាក់នាពេលនោះថា លោកបានចុះឃាត់ និងព្រមានដល់ម្ចាស់គម្រោងនេះពីរដងហើយ តែម្ចាស់អគារមិនស្តាប់។

សេចក្តីជូនដំណឹងរបស់អជ្ញាធរខេត្តបានឲ្យដឹងថា ជនជាតិចិនបីនាក់ ដែលជាប់ទាក់ទងនឹងគម្រោងសំណង់អគារនេះត្រូវបានឃាត់ខ្លួន ខណៈការស៊ើបអង្កេតពីការបាក់រលំនេះកំពុងដំណើរការ។

ស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជាបានចេញប្រកាសមួយបង្ហាញពីអារម្មណ៍ក្ដុកក្ដួលចំពោះ ឧបទ្ទេវហេតុបាក់រលំអគារក្នុងខេត្តព្រះសីហនុ ដោយបញ្ជាក់ថាភាគីចិនគាំទ្រស្ថាប័នពាក់ព័ន្ធរបស់កម្ពុជាបើកការស៊ើបអង្កេតតាមផ្លូវច្បាប់ និងគាំទ្រទាំងស្រុងចំពោះភាគីកម្ពុជាដើម្បីចាត់វិធានការណ៍តាមផ្លូវច្បាប់ទៅលើជនល្មើសទាំងឡាយដែលពាក់ព័ន្ធក្នុងឧបទ្ទេវហេតុលើកនេះ។

តាមដានព័ត៌មានថ្មីៗអំពីវិស័យអចលនទ្រព្យនៅកម្ពុជា សូមចូលទៅកាន់ Realestate.com.kh។ អ្នកអាចស្វែងរកបុរី ខុនដូ ផ្ទះល្វែង និងគម្រោងអភិវឌ្ឍន៍ថ្មីៗនៅលើគេហទំព័រអចលនទ្រព្យបាននៅថ្ងៃនេះ!



Comments