+855 92 92 1000
Logo
ខេត្តសៀមរាបនឹងមានក្រុង២ “មួយជាទីក្រុងវប្បធម៌ និងមួយជាទីក្រុងទំនើប”
Updated on: June 7, 2022, 5:38 a.m.
Published on: October 2, 2019, 6:40 a.m.

ខេត្តសៀមរាបនឹងមានក្រុង២ “មួយជាទីក្រុងវប្បធម៌ និងមួយជាទីក្រុងទំនើប”



ប្រាសាទបាយ័ន

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយតម្លៃដីធ្លីនៅសៀមរាបបានកើនឡើង ចំណែកការសាសង់ក៏មានកំណើនខ្ពស់គួរឲ្យកត់សម្គាល់។ ជាមួយគ្នានេះបច្ចុប្បន្នរដ្ឋាភិបាលបានប្រកាសរៀបចំផែនការរៀបចំទីក្រុងសៀមរាបដើម្បីទាក់ទាញចំនួនភ្ញៀវទេសចរបន្ថែមទៀត។ 

លើកឡើងថ្មីៗនេះ តាមរយៈបទសម្ភាសន៍ជាមួយ Fresh News ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានលើកឡើងពីផែន ការសាងសង់ទីក្រុងថ្មីមួយទៀត “ជាទីក្រុងទំនើប” នៅក្នុងខេត្តសៀមរាប។​ តាមការបញ្ជាក់របស់លោកគម្រោងទីក្រុងថ្មីនេះនឹងត្រូវបានសាងសង់នៅភាគខាងកើតនៃក្រុងសៀមរាបបច្ចុប្បន្ន ដែលមានចម្ងាយ ប្រមាណ ៦០ គីឡូមែត្រ។ 

បើតាមលោករដ្ឋមន្រ្តីទីក្រុងថ្មីនេះត្រូវបានដាក់បញ្ចូលទៅក្នុងផែនការមេទេសចរណ៍របស់ខេត្តដែលឥឡូវនេះកំពុងត្រូវបានព្រាងហើយអាចនឹងបញ្ចប់នៅដើមឆ្នាំក្រោយ។ ទីក្រុងថ្មីនេះ នឹងត្រូវអនុញ្ញាតឲ្យសាងសង់អគារខ្ពស់ៗ ដែលមានផលប្រយោជន៍សម្រាប់វិស័យអចលនទ្រព្យ និងការវិនិយោគចម្រុះ។ មិនតែប៉ុណ្ណោះ សៀមរាបក៏មានអាកាសយានដ្ឋានអន្តរជាតិដ៏ធំមួយ ដែលនឹងភ្ជាប់ទីក្រុងសៀមរាបជាមួយនឹងតំបន់ និងពិភពលោកផងដែរ។ 

គេមើលឃើញថាផែនការបង្កើតក្រុងទីក្រុងថ្មីនេះនឹងជួយបន្ថែមភាពទំនើប និងប្លែកពីទីក្រុងសៀមរាបបច្ចុប្បន្ន។ ខុសប្លែកត្រង់ថា ដោយសារតែសៀមរាបគឺជាតំបន់ វប្បធម៌ដែលមានប្រាង្គប្រាសាទបុរាណជាបេតិកភណ្ឌពិភពលោកយ៉ាងច្រើន ដែលជាហេតុធ្វើឲ្យ ការសាងសង់អគារខ្ពស់ៗមិនត្រូវបានអនុញ្ញាត។ ដូច្នេះ វិស័យអចលនទ្រព្យ និងពាណិជ្ជកម្មក៏នៅមានកម្រិតផងដែរ។

ប៉ុន្តែសម្រាប់គម្រោងទីក្រុងថ្មីវិញ ការសាងសង់ខ្នាតធំបែបពាណិជ្ជកម្ម និងលំនៅដ្ឋាននឹងរីកលូតលាស់យ៉ាងឆាប់រហ័ស។ អ្នកជំនាញមើលឃើញថា គម្រោងអភិវឌ្ឍន៍ក្រុងថ្មីនឹងជួយជំរុញតម្លៃអចលនទ្រព្យក្នុងខេត្តនេះឲ្យកើនឡើងខ្ពស់ថែមទៀត។​

ផែនការយុទ្ធសាស្ត្រ ដើម្បីទាក់ទាញទេសចរណ៍

ផ្លូវផាប់ស្ទ្រីតនៅសៀមរាប

រដ្ឋាភិបាលក៏បានរៀបចំផែនការជាយុទ្ធសាស្ត្រក្នុងការស្រូបយកចំនួនភ្ញៀវទេសចរឲ្យចូលមកកាន់តែច្រើន និងស្នាក់នៅរយៈពេលយូរ។ ជាយុទ្ធសាស្រ្ត ផែនការចំនួន ៤ ធំៗត្រូវបានដាក់ចេញដូចជា៖ ការធ្វើពិពិធកម្មផលិតផលទេសចរណ៍ថ្មី និងការពន្យារពេលស្នាក់របស់ភ្ញៀវទេសចរ ការបង្កើតការប្រកួតប្រជែង ការបង្កើតការតភ្ជាប់ និងការបង្កើតអត្តសញ្ញាណថ្មី។ តាមរយៈយុទ្ធសាស្រ្តខាងលើ ខេត្តសៀមរាបនឹងក្លាយទៅជាតំបន់ទេសចរណ៍ពីរបែប ដែលម្ខាងជាតំបន់ប្រវត្តិសាស្រ្ត និងម្ខាងជាតំបន់ទំនើប។ ជាមួយការរៀបចំនេះ អ្នកទេសចរណ៍អាចទទួលអារម្មណ៍ពីរផ្សេងគ្នានៅពេលស្នាក់នៅក្នុងខេត្តសៀមរាប។

លើសពីនេះទៅទៀត តំបន់ ៤ ផ្សេងទៀត ក្រៅពីតំបន់អង្គរនឹងត្រូវបានគេយកមកអភិវឌ្ឍ៖ តំបន់បឹងទន្លេសាប តំបន់ឧទ្យានជាតិគូលែន ទីក្រុងសៀមរាប និងតំបន់ប្រាសាទអង្គរ។  

សម្រាប់តំបន់បឹងទន្លេសាប គេបង្កើតឲ្យមានភាពចម្រុះនៃសកម្មភាពទេសចរណ៍ ដូចជា ការជិះក្របីជាដើម ហើយការបង្កើតឲ្យទំនាក់ទំនងជាមួយអ្នករស់នៅលើទឹកនៃតំបន់នោះ។ 

ចំណែកតំបន់ឧទ្យានជាតិគូលែន នឹងត្រូវអភិវឌ្ឍជាលក្ខណៈអេកូទេសចរណ៍ ទេសចរណ៍ផ្សងព្រេង និងទេសចរណ៍សាសនា ដូចជាការដើរឡើងភ្នំ។ តំបន់ទីក្រុងសៀមរាប ត្រូវបានគេធ្វើជាវិថីម្ហូបអាហារ ដើម្បីទាក់ទាញទេសចរជាតិ និងអន្តរជាតិ។ សម្រាប់តំបន់ប្រាសាទអង្គរវិញ នឹងត្រូវបំពាក់ភ្លើងបំភ្លឺ ដើម្បីដាក់ឲ្យទេសចរអាចទស្សនាប្រាសាទអង្គរនាពេលរាត្រី៕

ស្វែងរកអចលនទ្រព្យសម្រាប់លក់នៅសៀមរាប នៅលើគេហទំព័រ Realestate.com.kh ថ្ងៃនេះ! 

Comments