+855 92 92 1000
Logo
ការវិនិយោគ ២ ដែលគួរវិនិយោគដើម្បីធានាសុខមាលភាពអចលនទ្រព្យកម្ពុជា
Updated on: May 28, 2022, 6:29 a.m.
Published on: October 22, 2019, 9:09 a.m.

ការវិនិយោគ ២ ដែលគួរវិនិយោគដើម្បីធានាសុខមាលភាពអចលនទ្រព្យកម្ពុជា


អត្ថបទព័ត៌មានលោក សៀ ឬទ្ធីនៅក្នុងពិព័រណ៍អចលនទ្រព្យ២០១៩(ឧកញ៉ា សៀ ឬទ្ធី ពេលកំពុងផ្តល់បទសម្ភាសន៍ដល់អ្នកកាសែតនៅក្នុងពិព័រណ៍អចលនទ្រព្យកម្ពុជាឆ្នាំ២០១៩)

អ្នក​ជំនាញល្បីឈ្មោះផ្នែកអចលនទ្រព្យ ​បាន​លើក​ឡើង​ថា កម្ពុជា​អាច​នឹង​ក្លាយ​ជា​កូន​ខ្លា​សេដ្ឋកិច្ច​នៅ​ក្នុង​តំបន់​អាស៊ាន។ ការ​អះអាង​យ៉ាង​ដូច្នេះ ដោយសារ​តែ​ក្រុម​អ្នក​ជំនាញ​ទាំង​នោះ​មើល​ឃើញ​ថាកម្ពុជា​មាន​កំណែ​ទម្រង់រឹត​បន្តឹង​លើ​ប្រព័ន្ធ​ច្បាប់ ការ​អភិវឌ្ឍ​ធនធាន​មនុស្ស ហេដ្ឋា​រចនា​សម្ព័ន្ធ និង​បរិស្ថាន​អាជីវកម្ម​មាន​ភាព​ល្អ​ប្រសើរ ជាពិសេសគឺ​កំណើន​សេដ្ឋកិច្ច​នៅ​កម្ពុជា​​នៅតែរក្សាជា​រៀង​រាល់​ឆ្នាំ​ក្នុង​រង្វង់ ៧%។

ការ​កំណត់​ភាព​រីក​ចម្រើន​នៃ​កំណើន​សេដ្ឋកិច្ច​នេះ​គឺ​ផ្អែក​លើ​កត្តា​សំខាន់ៗ ដូចជាស្ថិរភាព​នយោបាយ​និង​បរិស្ថាន​អាជីវកម្ម​មាន​លក្ខណៈ​ប្រសើរ​ជាង​កាល​ពី​ឆ្នាំ​កន្លង​មក ដែល​ធ្វើ​ឱ្យ​វិនិយោគិន​មាន​ទំនុក​ចិត្ត។ ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ពី​ឱកាស​វិនិយោគ​មាន​ភាព​ទូលាយ​ចំពោះ​វិនិយោគិន​បរទេស និង​សមាហរណ​កម្ម​សេដ្ឋកិច្ច​អាស៊ាន​ក៏​ជា​ចំណុច​សំខាន់​ល្អ​មួយ​ផង​ដែរ​សម្រាប់​កម្ពុជា។ យ៉ាងណាអ្នកជំនាញបានអះអាងថា  ដើម្បីធានាបានសុខមាលភាព និងនិរន្តភាពដល់វិស័យ​អចលនទ្រព្យកម្ពុជា អ្នកវិនិយោគចាំបាច់ត្រូវតែគិតទៅដល់វិស័យសំខាន់២ ដែលមិនគួរមើល​រំលង់​នោះឡើយ។

លើកឡើងនៅក្នុងពិព័រណ៍អចលនទ្រព្យកម្ពុជាឆ្នាំ ២០១៩ នៅសណ្ឋាគាណាហ្គាវើល ថ្ងៃទី ០៤ ខែតុលា លោកឧកញ៉ាសៀ ឬទ្ធី ជាស្ថានិក ជាប្រធានក្រុមហ៊ុន Worldbridge Group ព្រមទាំងជាសហគ្រិនជោគជ័យមួយរូបក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា បានកត់សម្គាល់ឃើញ វិស័យ២ធំៗ ដែលទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកវិយោគគិនបរទេសនិងអ្នកវិយោគក្នុងស្រុក ផ្នែកអចលនទ្រព្យកំពុងគិតពិចារណានោះគឺ វិស័យទេសចរណ៍ និងវិស័យឧស្សាហកម្ម។ លោក​បញ្ជាក់​​សម្រាប់​វិស័យ​ទេសចរណ៍ អ្នកវិយោគជាច្រើនមើលឃើញថា សន្ទុះនៃការអភិវឌ្ឍន៍សំណង់​ផ្ទះល្វែង បុរី ខុនដូ មានចំនួនច្រើន ដែលជាហេតុធ្វើឱ្យមានការការប្រកួតប្រជែងខ្លាំង។ 

ហេតុនេះ លោកឧកញ៉ាបានណែនាំថា សម្រាប់អ្នកដែលមានដី និងមានធនធានស្រាប់ គួរតែបង្វែរទិសដៅមកអភិវឌ្ឍន៍ដីនោះជាទៅកន្លែងទេសចរណ៍ ដូចជា សណ្ឋាគារ រម្មនីយដ្ឋាន កសិទេស​ចរណ៍​វិញ ឬជាមជ្ឈមណ្ឌលកំសាន្តជាដើម ទើបអាចរក្សាបានផលចំណេញ និងបញ្ចៀសពី​ដៃគូ​ប្រកួតប្រជែងនៅក្នុងវិស័យអចលនទ្រព្យ។

ដោយឡែក សម្រាប់វិស័យឧស្សាហកម្មវិញ អ្នកជំនាញអចលទ្រព្យរូបនេះ បានចែករំលែកបទ​ពិសោធន៍ដល់ម្ចាស់អចលនទ្រព្យដែរថា គួរសាងសងជាឃ្លាំង និងសង់រោងចក្រសម្រាប់ជួល ព្រោះបច្ចុប្បន្នអ្នកសាងសង់ឃ្លាំងនិងរោងចក្រសម្រាប់ជួល ភាគច្រើនជាជនបរទេស​។ហេតុនេះ​លោកបន្តថា បើសិនមានដីហើយអភិវឌ្ឍន៍ជាឃ្លាំងនៅឯជាយក្រុងសម្រាប់ជួលវិញ ម្ចាស់អាជីវកម្ម នឹងអាចទទួលបានផលចំណេញយ៉ាងតិចពី៨%ទៅ១០% ក្នុងមួយឆ្នាំ។

យ៉ាង​ណា​ក៏​ដោយ បើ​ទោះ​បី​មាន​ចំណុច​វិជ្ជមាន​ទាំង​អស់​នេះ​ក្តី ក៏​អ្នក​ជំនាញ​ផ្នែកអចលនទ្រព្យ​នៅអះអាងថា បើអ្នកចង់ឱ្យការអភិវឌ្ឍន៍របស់ខ្លួន លើវិស័យទាំង២ខាងលើបានជោគជ័យ និងចៀសវាងពីហានិភ័យណាមួយនោះ ម្ចាស់អាជីវកម្មចាំបាច់ត្រូវតែស្វែងយល់ពីព័ត៌មាន និងធនធានក្នុងគម្រោងអាជីវកម្ម​របស់​ខ្លួន​ឱ្យបានច្បាស់និងត្រឹមត្រូវសិន ទើបអាចធានាបាន​សុខាមាលភាព និរន្តភាព និងឈានទៅអភិវឌ្ឍន៍វិស័យអចលទ្រព្យកម្ពុជាបានពិតប្រាកដ៕

ស្វែងរកអចលនទ្រព្យសម្រាប់លក់នៅភ្នំពេញសូមចូលទៅកាន់ Realestate.com.kh ថ្ងៃនេះ!

Comments