+855 92 92 1000
Logo
សម្តេច​គ្រោង​ដក​បំរាម​ពាក់​ម៉ាស់​នៅ​ទី​សាធារណៈតែ​កន្លែង​មួយនេះ​នៅបន្ត​ពាក់ដដែល
Updated on: June 5, 2022, 6:53 p.m.
Published on: April 25, 2022, 4:27 a.m.

សម្តេច​គ្រោង​ដក​បំរាម​ពាក់​ម៉ាស់​នៅ​ទី​សាធារណៈតែ​កន្លែង​មួយនេះ​នៅបន្ត​ពាក់ដដែល


រាជធានី​ភ្នំពេញ ៖ ប្រមុខ​រាជរដ្ឋាភិបាល​នៃ​ប្រទេស​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​គ្រោង​ដក​បំរាម​ចំពោះ​ការ​ពាក់​ម៉ាស់​នៅ​ទី​សាធារណៈ ប៉ុន្តែ​ត្រូវ​តែ​បន្ត​ពាក់​ម៉ាស់​ដដែល​នៅ​ទីកន្លែង​ដែល​បិទ​ជិត ។ នេះ​បើ​យោង​តាម​ប្រសាសន៍​របស់​សម្តេច​ដែល​បាន​ថ្លែង​នៅ​ក្នុង​ពិធី​ប្រគល់​-​ទទួល​អំណោយ​វ៉ាក់សាំង​កូ​វី​ដ​១៩​ចំនួន​១​លាន​៥​ម៉ឺន​៦​ពាន់​ដូ​ស ដែល​ជា​អំណោយ​របស់​រដ្ឋាភិបាល និង​ប្រជាជន​អ៊ី​តា​លី នា​ព្រឹក​ថ្ងៃ​ទី​២៥ ខែមេសា ឆ្នាំ​២០២២​នេះ ។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​លើក​ឡើង​ដូច្នេះ​ថា ៖ «​យើង​មិន​ត្រូវ​មើលឃើញ​តែ​បញ្ហា​សុខភាព​មួយ​មុខ​នោះ​ទេ ត្រូវ​មើល​ឱ្យ​ឃើញ​ផង​ដែរ​នូវ​បញ្ហា​សេដ្ឋកិច្ច សង្គម​។ ការ​ពាក់​ម៉ាស់​គឺជា​ការ​តម្រូវ​ឱ្យ​ពលរដ្ឋ​យើង​ចំណាយ​យ៉ាង​ធំ ជួនកាល​មិន​ហ៊ាន​ទិញ​ខោ​ងាវ​ឱ្យ​កូនចៅ​ពាក់​ទេ ប៉ុន្តែ​ទុក​លុយ​ទិញ​ម៉ាស​ឱ្យ​កូនចៅ​ពាក់​» ។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា សម្តេច​មាន​បំណង​ចង់​ដក​បំរាម​ការ​ពាក់​ម៉ាស់​នៅ​ទី​សាធារណៈ ប៉ុន្តែ​នៅ​ទី​បិទ​ដែល​ជិត​នៅ​តែ​បន្ត​ពាក់​ម៉ាស់​ដដែល ប៉ុន្តែ​ការ​សម្រេច​នេះ​នឹង​រង់ចាំ​កិច្ចប្រជុំ​ពិសេស​នៅ​ថ្ងៃនេះ​សិន ដែល​ដឹកនាំ​ដោយ​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធ​មុនី​រ័​ត្ន ជាមួយនឹង ឯកឧត្តម ម៉​ម ប៊ុ​ន ហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់​បន្ថែម​ថា «​ប្រទេស​មួយ​ចំនួន បាន​ដក​ចេញ​នូវ​កាតព្វកិច្ច​ពាក់​ម៉ាស​រួច​ទៅ​ហើយ យើង​ក៏​អាច​ធ្វើ​បាន ប៉ុន្តែ​ខ្ញុំ​ត្រូវ​រង់ចាំ​នូវ​ការ​ប្រជុំ​ល្ងាច​នេះ ដែល​ដឹកនាំ​ដោយ ឯកឧត្តម អូន ព័ន្ធ​មុនី​រ័​ត្ន ជាមួយនឹង​ឯកឧត្តម ម៉​ម ប៊ុ​ន​ហេង​» ។ សម្តេច​បន្ត​ថា «​តើ​យើង​គួរ​ធ្វើ​យ៉ាងម៉េច បន្ថែម​ភូមិសាស្ត្រ (​លើកលែង​ការ​ពាក់​ម៉ាស់​) ហើយ​ការ​ថែម​ភូមិសាស្ត្រ​នេះ​ជា​គំនិត​របស់ខ្ញុំ ប៉ុន្តែ​ខ្ញុំ​ត្រូវ​តែ​ទទួលយក​នូវ​គំនិត​ដែល​នឹង​ចេញពី​ការ​ប្រជុំ​នៅ​ល្ងាច​នេះ​»​។

សម្តេច​បាន​គូសបញ្ជាក់​បន្ថែម​ថា «​អ្វី​ដែល​ជា​គំនិត​របស់ខ្ញុំ គឺ​គ្រប់​ភូមិសាស្ត្រ​ទុក​ឱ្យ​ប្រជាជន​ជា​អ្នក​សម្រេច​ពាក់​ម៉ាស់ ឬ​មិន​ពាក់​ម៉ាស់ ក្នុង​ពេល​ដែល​នៅ​ក្រៅ​អគារ នៅ​ទីកន្លែង​សាធារណៈ ដូច​ជា​ការ​ធ្វើ​ដំណើរ​តាម​ផ្លូវ​សាធារណៈ ឬ​នៅ​ទីកន្លែង​សាធារណៈ​នៅ​ខាងក្រៅ ប៉ុន្តែ​នៅ​ពេល​នៅ​កន្លែង​បិទ​ជិត​ដូច​ជា​នៅ​អគា​រដ្ឋាភិបាល នៅ​ទីកន្លែង​ធ្វើការ តាម​ក្រុមហ៊ុន​ដែល​មាន​ម៉ាស៊ីនត្រជាក់ យើង​គួរ​តម្រូវ​ឱ្យ​មានការ​ពាក់​ម៉ាស់​» ។

ទន្ទឹម​នឹង​នេះ រាជរដ្ឋាភិបាល​ក៏​បាន​សម្រេច​ដាក់​ឲ្យ​អនុវត្ត​នូវ​ក្របខ័ណ្ឌ​យុទ្ធសាស្ត្រ និង​កម្មវិធី​ស្ដារ និង​ជំរុញ​កំណើនសេដ្ឋកិច្ច​កម្ពុជា តាម​គន្លង​ប្រក្រតី​ភាព​ថ្មី​សម្រាប់​ឆ្នាំ​១០២១-២០២៣ ដោយ​បាន​ដាក់​ចេញ​នូវ​វិធានការ​កែទម្រង់​មុត​ស្រួច សំដៅ​ស្ដារ និង​ជំរុញ​កំណើន បង្កើត​ភាព​ធន់​សង្គម​សេដ្ឋកិច្ច​កម្ពុជា និង​ឈាន​ទៅ​សម្រេច​បាន​នូវ​កំណើនសេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព និង​បរិ​យា​ប័ន្ន ។

សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី បាន​មាន​ប្រសាសន៍ អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​នាំ​គ្នា​ទៅ​ចាក់​វ៉ាក់សាំង​កូ​វី​ដ​១៩​ដែល​ជា​ជំរុញ​បន្ថែម​ទៀត ដើម្បី​បង្កើន​ភាពស៊ាំ​នៅ​ក្នុង​សហគមន៍​ឱ្យ​បាន​កាន់តែ​ប្រសើរ ៕

Comments