+855 92 92 1000
Logo
តំបន់មាត់ទន្លេក្នុងទីក្រុងភ្នំពេញត្រូវការគម្រោងអគារខ្ពស់ៗ បន្ថែមទៀត
Updated on: June 6, 2022, 5:02 p.m.
Published on: March 1, 2019, 6:39 p.m.

តំបន់មាត់ទន្លេក្នុងទីក្រុងភ្នំពេញត្រូវការគម្រោងអគារខ្ពស់ៗ បន្ថែមទៀត


រាជធានីភ្នំពេញគឺជាទីក្រុងដែលព័ទ្ធជុំវិញដោយទឹក។ ភ្នំំពេញស្ថិតនៅចំចំណុចប្រសព្វរវាងទន្លេ៤មុខកាត់គ្នាក្នុងនោះមានដូចជា៖ ទន្លេសាប ទន្លេមេគង្គលើ ទន្លេមេគង្គក្រោម និងទន្លេបាសាក់។ កត្តានេះបានធ្វើអោយតំបន់តាមដងទន្លេមានលក្ខណៈពិសេសបំផុតសម្រាប់សំណង់អគារខ្ពស់ៗ ប៉ុន្តែបច្ចុប្បន្នតំបន់មាត់ទន្លេនៅមានការសាងសង់តិចតួចនៅឡើយ ហើយដីមួយផ្នែកធំនៅជាដីទំនេរ។

គម្រោងធំៗមួយចំនួននៅតាមតំបន់មាត់ទន្លេបានកំពុងដំណើរការសាងសង់ និងខ្លះទៀតស្ថិតនៅក្នុងផែនការសាងសង់។ ប៉ុន្តែទោះយ៉ាងណាក៏តំបន់ទាំងនេះនៅមិនទាន់មានការវិនិយោគធំៗ និងប្រភេទអគារខ្ពស់ៗច្រើននៅឡើយ ដែលនេះគឺផ្ទុយពីតំបន់កណ្តាលក្រុងដូចជាសង្កាត់បឹងកេងកង១ និងខណ្ឌទួលគោកដែលមានគម្រោងអភិវឌ្ឍន៍ខ្ពស់ៗជាច្រើនទាំងប្រភេទលំនៅដ្ឋាន និងពាណិជ្ជកម្ម។

ប៉ុន្តែតំបន់កោះពេជ្រអាចជាករណីលើកលែងមួយ។ កោះពេជ្រមានភាពរីកចម្រើនគួរឲ្យកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ជាមួយគ្នានេះតំបន់មាត់ទន្លេផ្សេងទៀតដូចជា៖ ជ្រោយចង្វារ កោះនរា និងអរិយក្សត្រនឹងអាចក្លាយជាតំបន់រីកចម្រើននៅពេលអនាគត។

អានអត្ថបទបន្ថែមអំពី៖ ស្វែងយល់៥ចំណុចនេះសិន បើចង់វិនិយោគជោគជ័យក្នុងវិស័យអចលនទ្រព្យ!

លោក ស៊ន សៀប ដែលជាស្ថាបនិក និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន ឃី រៀល អ៊ីស្ទេត បាននិយាយថាទីក្រុងភ្នំពេញមានទីតាំងល្អបំផុតភ្ជាប់មកជាមួយនឹងទន្លេបួនមុខ។ លោកបាន អះអាងថាទីតាំងទាំងនេះគឺល្អឥតខ្ចោះសម្រាប់ការអភិវឌ្ឍគម្រោងអគារខ្ពស់ៗ។ លោក សៀប បានបន្ថែមទៀតថាអ្នកអភិវឌ្ឍន៍បានចាប់ផ្តើមសាងសង់គម្រោងអគារខ្ពស់ៗនៅតាមដងទន្លេ សាប និងទន្លេបាសាក់ខណៈដែលដីនៅតាមដងទន្លេមេគង្គលើ និងមេគង្គក្រោមមិនទាន់​មានការអភិវឌ្ឍនៅឡើយ។

លោក សៀប បានបញ្ជាក់ដែរថា "កោះពេជ្រ និងជ្រោយចង្វារកំពុងមានសកម្មភាពសាងសង់ច្រើន។ អ្នកអភិវឌ្ឍន៍មានបំណងកែប្រែតំបន់ទាំងនេះឲ្យទៅជាតំបន់លំនៅដ្ឋានខ្ពស់ប្រកបដោយលក្ខណៈប្រណិត។ ចំណែកតំបន់ភូមិកោះនរា និងអរិយក្សត្រត្រូវរង់ចាំគម្រោងអភិវឌ្ឍន៍ធំៗបោះទុនវិនិយោគនៅពេលអនាគត។”

តំបន់កោះនរាស្ថិតនៅជិតកោះពេជ្រដែលស្ថិតនៅខណ្ឌចែកគ្នាដោយទន្លេបាសាក់ និងទន្លេមេគង្គ។ រីឯតំបន់អរិយក្សត្រវិញស្ថិតនៅតាមបណ្តោយច្រាំងទន្លេមេគង្គប៉ែកខាងកើតនៃទីក្រុង នៅក្នុងខេត្តកណ្តាល។

"ការអភិវឌ្ឍនៅតំបន់កោះនរា និងអរិយក្សត្រអាចនឹងត្រូវចំណាយរយៈពេលមធ្យមទៅរយៈពេលវែងពី៥ទៅ១០ឆ្នាំទៀត។ តំបន់នេះត្រូវការហេដ្ឋារចនាសម្ព័ន្ធចាំបាច់ជាច្រើនទៀតដូចជាស្ពាន ជាដើម។ នៅពេលមានស្ពានវានឹងនាំជំរុញការអភិវឌ្ឍវិស័យអចលនទ្រព្យបន្ថែមទៀត។” នេះជាការបញ្ជាក់របស់ លោក សៀប។

ថ្មីៗនេះ ក្រុមហ៊ុន OCIC បានអះអាងថាក្រុមហ៊ុននេះគ្រោងនឹងអភិវឌ្ឍទីក្រុងរណបថ្មីមួយទៀតទំហំជាង១០០ហិចតាលាតសន្ធឹងពីកោះនរាដល់កៀនស្វាយ។ ហើយគម្រោងនេះនឹងត្រូវអភិវឌ្ឍស្រដៀងគ្នាទៅនឹងការភិវឌ្ឍនៅកោះពេជ្រ។ នេះបើយោងតាមសារព័ត៌មាន (Fresh News)។

លោក តេង រិទ្ធី ជាស្ថាបនិក​ និងជាប្រធានក្រុមហ៊ុន R'Investment Group បានអះអាងថាភាគច្រើននៃតំបន់នៅតាមបណ្តោយដងទន្លេត្រូវបានគេកំណត់រួចរាល់សម្រាប់ការសាងសង់អគារកម្ពស់ខ្ពស់ និងមធ្យមនៅពេលខាងមុខ។​

លោក រិទ្ធី បាន​និយាយថាវត្តមានរបស់គម្រោង OCIC តាមបណ្តោយច្រាំងទន្លេនៅច្បារអំពៅនឹងធ្វើឲ្យតំបន់ទាំងមូលកាន់តែមានភាពទាក់ទាញ។ លោកបានបន្តទៀតថាវិនិយោគិនជាច្រើនបានសំឡឹងឃើញពីសក្តានុពលរបស់តំបន់នេះរួចទៅហើយ។

លោក រិទ្ធី បានបញ្ជាក់ថា "ការអភិវឌ្ឍទីក្រុងភ្នំពេញគឺស្រដៀងគ្នាទៅនឹងការអភិវឌ្ឍទីក្រុងបាងកក ឬការអភិវឌ្ឍទីក្រុងនៅក្នុងប្រទេសកូរ៉េខាងត្បូងក្នុងទសវត្សរ៍ឆ្នាំ១៩៧០"។ លោកបាននិយាយថា វាមានភាពសមហេតុផលក្នុងការសន្មត់ថារាជធានីភ្នំពេញនឹងពង្រីកទៅផ្នែកម្ខាងទៀត [ខាងកើត] នៃទន្លេនៅក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខជាពិសេសនៅពេលមានការអភិវឌ្ឍពេញលេញនៅផ្នែកខាងលិចនៃទន្លេ។

ដូចគ្នានឹងលោកស៊ន សៀប ដែរ លោក រិទ្ធី ជឿថាហេដ្ឋារចនាសម្ព័ន្ធជាមូលដ្ឋានគឺចាំបាច់ត្រូវផ្តល់ដោយរដ្ឋាភិបាលដើ​ម្បីលើកទឹកចិត្តដល់វិនិយោគិន។

បើពិនិត្យអោយស៊ីជម្រៅអំពីសក្តានុពលនៅតំបន់ជ្រោយចង្វារ លោក James Hewson ប្រធានផ្នែកស្រាវជ្រាវ និងប្រឹក្សាយោបល់របស់ក្រុមហ៊ុន CBRE Cambodia បាននិយាយថា តំបន់នេះមានសក្តានុពលខ្លាំង។ លោកបានបញ្ជាក់ថា ដីនៅតំបន់ជ្រោយចង្វារ មានតម្លៃសមរម្យ និងនៅទំនេរច្រើន និងថែមទាំងនៅជិតតំបន់កណ្តាលក្រុងទៀតផង។

លោក Hewson "គម្រោង OCIC ដែលមានទំហំជាង ៣០០ ហិចតា ស្ថិតនៅតំបន់ជ្រោយចង្វារ នឹងត្រូវបង្កើតជាគម្រោងអភិឌ្ឍន៍ចម្រុះ ដែលមានអគារខ្ពស់ៗជាច្រើន។ ចំណែកនៅតាមបណ្តោយ ផ្លូវជាតិលេខ ៦A វិញ ក៏មានឱកាសវិនិយោគជាច្រើនសម្រាប់អគារលំនៅដ្ឋានខ្ពស់ផងដែរ។”

ពាក់ព័ន្ធនឹងតម្លៃដី លោក សៀប បាន បង្ហាញតម្លៃដីផ្សេងៗគ្នានៅតាមតំបន់មាត់ទន្លេ។ លោកថា កោះពេជ្រមានតម្លៃដីថ្លៃជាងគេ ដោយដីនៅទីនេះមានតម្លៃពី៣,៥០០ដុល្លារទៅ ៥,០០០ ដុល្លារ/ម៉ែត្រការ៉េ។ ចំណែកដីនៅជ្រោយចង្វារអាចមានតម្លៃចាប់ពី៧០០ ទៅ ២,០០០ដុល្លារ/ម៉ែត្រការ៉េ។

បច្ចុប្បន្ន ដីនៅកោះនរា មានតម្លៃចាប់ពី៥០០ ដុល្លារដល់ ១,០០០ ដុល្លារ/ម៉ែត្រការ៉េរីឯអរិយក្សត្រជាតំបន់ ដែលមានតម្លៃទាបជាងគេ គឺមានតម្លៃក្រោម ៥០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។លោក រិទ្ធី ជឿថា  "ក្នុងរយៈពេលប្រាំឆ្នាំទៀតអគារខ្ពស់ៗ ជាច្រើននឹងត្រូវបានអភិវឌ្ឍឡើងនៅតំបន់ទាំងនេះ ហើយច្រាំងទន្លេក្នុងរាជធានីភ្នំពេញនឹងប្រែក្លាយជាទីក្រុងទំនើប"៕

ស្វែងរកព័ត៌មានស្ដីពីការអភិវឌ្ឍ ឬចង់ទិញ ឬជួលអចលនទ្រព្យសូមចូលទៅកាន់ Realestate.com.kh!

Comments