ប្រទេសកម្ពុជាក៏មិនខុសពីប្រទេសដទៃនៅលើពិភពលោកដែលរងគ្រោះដោយសារជំងឺរាតត្បាតផ្លូវដង្ហើមកូវីដ-១៩ដែលវាបានធ្វើឱ្យប៉ះពាល់ជាខ្លាំងទៅលើសេដ្ឋកិច្ចជាតិ មិនតែប៉ុណ្ណោះបន្ទាប់ពីព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ កើតឡើងបានធ្វើឱ្យវិនិយោគិនជាច្រើនសម្រុកចាកចេញពីកម្ពុជាជាថ្មី ។
ប៉ុន្តែក្នុងពេលបច្ចុប្បន្ននេះប្រទេសកម្ពុជាបានគ្រប់គ្រងស្ថានការណ៍លើអត្រាឆ្លងលើជំងឺកូវីដ-១៩បានយ៉ាងល្អ និងថែមទាំងជាប់ឈ្មោះជាប្រទេសលេខ១ក្នុងតំបន់អាស៊ានក្នុងនាមជាប្រទេសដែលគ្រប់គ្រងជំងឺកូវីដ-១៩បានល្អបំផុត ។
ក្រោយពេលស្ថានភាពជំងឺកូវីដ-១៩មានភាពល្អប្រសើរ និងថែមទាំងរាជរដ្ឋាភិបាលកំពុងដំណើរការបើកប្រទេសវិញលើគ្រប់វិស័យដោយដើរតាមគន្លងថ្មីស្របតាមវិធានការរបស់ក្រសួងសុខាភិបាលដែលអាចនឹងធ្វើឱ្យការវិនិយោគលើវិស័យអចលនទ្រព្យនៅទូទាំងប្រទេសកម្ពុជាអាចនឹងដំណើរការឡើងវិញទាំងចរន្តទិញ-លក់ និងការសាងសង់ជាដើម ។
បើតាមអ្នកជំនាញវិស័យអចលនទ្រព្យនៅកម្ពុជាបានបង្ហាញក្តីរំពឹងនៅក្នុងសន្និសីទកាសែតតាមប្រព័ន្ធអនឡាញស្ដីពី «បច្ចុប្បន្នភាពនៃទីផ្សារអចលនវត្ថុក្នុងអំឡុងពេលកូវីដ-១៩» កាលពីពេលកន្លងទៅនេះរំពឹងថា ការវិនិយោគពីសំណាក់វិនិយោគិនចិន និងវិនិយោគិនបរទេសផ្សេងទៀតនឹងធ្វើឱ្យវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាមានការងើបឡើងវិញក្នុងឆ្នាំ២០២២ខាងមុខ ទាំងតម្លៃដីធ្លីក៏ដូចជាការទិញ-លក់ និងសាងសង់លើវិស័យអចលនទ្រព្យជាដើម ។
ការវិនិយោគរបស់ចិនលើវិស័យសំណង់បានធ្លាក់ចុះដល់ទៅ៥០%រាប់ចាប់តាំងពីពេលកម្ពុជាជួបប្រទះនឹងជំងឺកូវីដ-១៩ ចំណែក៣០% ក្នុងចំណោម៥០% នៅមានសកម្មភាពសាងសង់ ប៉ុន្តែការសាងសង់នោះក៏នៅទ្រឹង ដោយសារមិនមានសកម្មភាពទិញលក់ ។ នេះជាការលើកឡើងរបស់លោក លឹម សុជាតិ ប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលវត្ថុកម្ពុជា (CVEA) ។
ជាងនេះទៅទៀតបន្ទាប់ពីប្រទេសកម្ពុជាបានគ្រប់គ្រងជំងឺកូវីដ-១៩បានល្អប្រសើរហើយនោះ វិស័យចលនទ្រព្យនៅក្នុងប្រទេសកម្ពុជានឹងក្លាយជាគោលដៅអាទិភាពនៃការវិនិយោគរបស់ចិនដែលផ្ដោតមកលើរាជធានីភ្នំពេញ និងក្រុងព្រះសីហនុ ។ នេះជាការលើកឡើងរបស់ លោក ស៊ន សៀប អនុប្រធានប្រតិបត្តិសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលវត្ថុកម្ពុជា (CVEA) ។
ការវិនិយោគរបស់វិនិយោគិនចិននៅកម្ពុជាផ្ដោតលើប៉ូលសំខាន់ៗមួយចំនួនរួមមានហេដ្ឋារចនាសម្ព័ន្ធ , ផលិតកម្ម និងបង្គុំ , គម្រោងវិស្វកម្ម , អចលនទ្រព្យ , ឧស្សាហកម្ម និងកសិកម្មជាដើម ។ ល្បឿននៃការចាក់វ៉ាក់សាំង និងការគ្រប់គ្រងស្ថានការណ៍រាតត្បាតនៃជំងឺកូវីដ-១៩បានល្អរបស់រាជរដ្ឋាភិបាលជាកត្តាមួយដ៏សំខាន់ដែលធ្វើឱ្យវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាងើបឡើងវិញលឿន ជាពិសេសចរន្តនៃការទិញ-លក់ដីធ្លី និងការសាងសង់ជាដើម ៕
លោកអ្នកអាចព្រឹក្សាយោបល់អំពីការ ទិញ លក់ និងជួល អចលនទ្រព្យនានាបានគ្រប់ពេលដោយគ្រាន់តែទំនាក់ទំនងមកកាន់យើងខ្ញុំឥឡូវនេះបានតាមរយៈប៊ូតុងខាងក្រោម !!!
Comments