ស្របពេលដែលទីផ្សារដីកំពុងមានសន្ទុះកំណើនទិញលក់ច្រើន ហើយតម្លៃដីចេះតែបន្តកើនឡើងជានិច្ច សកម្មភាពឆបោកក៏នៅតែបន្តកើតមានជាប់ជានិច្ចដែរ។ នៅក្នុងខែកក្កដា និងសីហា ឆ្នាំ២០១៩នេះ ការឆបោក ២ ករណីត្រូវបានរកឃើញ ដែលនេះជាសញ្ញាមួយបញ្ហាថារូបភាពឆបោកក្នុងទីផ្សារអចលនទ្រព្យនៅតែកើតមាន និងមានប្រសិទ្ធិភាព។ នេះក៏ជាសញ្ញាមួយប្រាប់ឲ្យអ្នកទិញត្រូវមានការប្រុងប្រយ័ត្នខ្ពស់នៅពេលចង់វិនិយោគ ឬទិញដីពីអ្នកលក់ណាម្នាក់ ឬក្រុមណាមួយ។
ករណីឆបោកមួយត្រូវបានធ្វើឡើងក្នុងរូបភាពជាការចូលរួមបណ្តាក់ទុនវិនិយោគ ដោយទទួលបានអត្រាការប្រាក់ខ្ពស់ប្រចាំខែ។ ប៉ុន្តែចុងក្រោយអ្នកទិញមិនអាចទទួលបាន ផលចំណេញដូចការសន្យា។
ករណីឆបោកមួយទៀតបានកើតឡើងនៅក្នុងនៅក្នុងខេត្តកំពង់ស្ពឺ ពាក់ព័ន្ធនឹងការដើរចង្អុលដីគេលក់យកប្រាក់កក់ចំនួនរាប់ម៉ឺនដុល្លារ។ បើតាមការចុះផ្សាយរបស់ Fresh News ក្រុមជនឆបោកមានគ្នាច្រើន [៥ នាក់] ហើយក្រុមនេះគ្រាន់តែដើរចង្អុលដីគេ លក់យកលុយកក់ [រួចហើយគេចខ្លួន]។ ក្នុងករណីនេះជាក់ស្តែង ជនឆបោកបានប្រើប្រាស់ប្លង់ដីកូពីទំហំជាង ១៧ ហិកតា ដើម្បីមកជួបអ្នកទិញ និងចុះកិច្ចសន្យាប្រគល់-ទទួលប្រាក់កក់ចំនួន ៥ ម៉ឺនដុល្លារ។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុ កម្ពុជាបានលើកឡើងថា ការឆបោកជារូបភាពមួយដែលមានទម្រង់គួរឲ្យទុកចិត្តបានមិនថាផ្នែក ច្បាប់ ឬផ្នែកណាមួយឡើយ។ នេះមានន័យថាអ្នកឆបោកបានរៀបចំសេណារីយ៉ូយ៉ាងល្អ មិនឲ្យអ្នកទិញមើលដឹងដោយងាយនោះឡើយ។
លោកសុខនីមបានបញ្ជាក់ថា មូលហេតុដែលធ្វើឲ្យចាញ់បោកគេគឺដោយសារតែអ្នកទិញ មិនសូវមានចំណេះដឹង និងមិនបានសិក្សាឲ្យស៊ីជម្រៅលើឯកសារផ្លូវច្បាប់។ លោកក៏ធ្លាប់បាន លើកឡើងដែរថា ការចង់ចំណេញខ្លាំងពេកក៏អាចជាមូលហេតុនៃចាញ់បោកគេផងដែរ។
កង្វះខាតវិជ្ជាជីវៈរបស់អ្នករកស៊ីដីធ្លីអាចបង្ករទៅការអំពើឆបោក តួយ៉ាងដូចជាករណីឆបោកនៅកំពង់ស្ពឺ ពាក់ព័ន្ធការលក់ដី ដែលមិនមានការអនុញ្ញាតពីម្ចាស់ដី។
ជាការណែនាំ លោក សុខនីម បានមានប្រសាសន៍ថា អ្នកទិញត្រូវស្វែងយល់ឲ្យបានស៊ីជម្រៅពាក់ព័ន្ធ ផ្លូវច្បាប់ ជាពិសេសត្រូវធ្វើការជាមួយភ្នាក់ងារដែលមានអាជ្ញាប័ណ្ណស្របច្បាប់ ជំនាញច្បាស់លាស់ និងវិជ្ជាជីវៈត្រឹមត្រូវ ដើម្បីធានាបានការការពារលើហានិភ័យនានាពាក់ព័ន្ធនឹងការឆបោក ក្នុងរូបភាពណាមួយ។
ស្វែងរកអចលនទ្រព្យសម្រាប់លក់នៅក្នុងប្រទេសកម្ពុជានៅថ្ងៃនេះ!
Comments