+855 92 92 1000
Logo
តម្លៃអចនលទ្រព្យកម្ពុជាកំពុងមានការធ្លាក់ថ្លៃដោយសាររងសំពាធពីផលប៉ះពាល់នៃវីរុសកូរ៉ូណា
Updated on: June 6, 2022, 5:01 p.m.
Published on: April 7, 2020, 7:47 a.m.

តម្លៃអចនលទ្រព្យកម្ពុជាកំពុងមានការធ្លាក់ថ្លៃដោយសាររងសំពាធពីផលប៉ះពាល់នៃវីរុសកូរ៉ូណា


តម្លៃអលនទ្រព្យកម្ពុជាកំពុងមានការធ្លាក់ថ្លៃ ដោយសារតែសំពាធ និងផលប៉ះពាល់នៃការរាតត្បាតនៃវីរុសកូរ៉ូណា​ បើយោងទៅតាមរបាយការណ៍ទីផ្សារអចលនទ្រព្យត្រីមាសទី១ ឆ្នាំ២០២០របស់ក្រុមហ៊ុនភា្នក់ងារអចលនទ្រព្យ CBRE Cambodia។ វីរុសកូរ៉ូណាបានចាប់ផ្ដើមផ្ទុះឡើងខ្លាំងនៅក្នុង ទីក្រុងវ៉ូហាន ប្រទេសចិន កាលពីខែមករាដែលបច្ចុប្បន្ននេះមានអ្នកឆ្លងសរុបចំនួនប្រហែល ១. ២ លាននាក់នៅទូទាំងពិភពលោកគិតត្រឹមដើមខែមេសាឆ្នាំ ២០២០​នេះ។ ការរីករាលដាលនៃវីរុសកូរ៉ូណាបានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងទៅដល់ សេដ្ឋកិច្ចសង្គមនៃប្រទេសជាច្រើនបូករួមទាំងកម្ពុជាផងដែរ។

យោងតាមរបាយការណ៍របស់ CBRE Cambodia ទិន្នន័យពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ស៊ីវិលបានបង្ហាញថាក្នុងរយៈពេលពីរខែដំបូងដើមឆ្នាំ២០២០ ការវិនិយោគក្នុងវិស័យសំណង់រក្សាបាននូវភាពរឹងមាំដោយគម្រោងចំនួន ៧២៨ ត្រូវបានអនុញ្ញាតជាមួយទុនវិនិយោគសរុបជិត២ពាន់ លានដុល្លារ បើប្រៀបធៀបជាមួយរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩​ចំនួននេះមានការកើនឡើងរហូតទៅ ដល់ ៤៧​%។ ការវិនិយោគក្នុងវិស័យសំណង់មានការធ្លាក់ចុះចាប់តាំងពីដើមខែមីនា បន្ទាប់ពីបញ្ហានៃវីរុសកូរ៉ូណាបន្ដរីករាលដាលខ្លាំង។

តម្លៃខុនដូចាប់ផ្ដើមមានការធ្លាក់ចុះ

យោងទៅតាមរបាយការណ៍របស់ CBRE Cambodia ដដែល នៅចុងបំណាច់ត្រីមាសទី១នៃឆ្នាំ ២០២០នេះ តម្លៃខុនដូដោយគិតជាម៉ែត្រការ៉េ ជាពិសេសខុនដូរប្រភេទប្រណីត និងមធ្យមកំពុងមានការធ្លាក់ថ្លៃ។សម្រាប់ខុនដូកំរិតធម្យមតម្លៃគិតជាម៉ែត្រការ៉េត្រូវបានធ្លាក់ថ្លៃប្រហែល១.៥% ខណៈដែលតម្លៃនៃខុនដូប្រណីតគិតជាម៉ែត្រការ៉េមានការធ្លាក់ថ្លៃប្រហែល ០.៥% ក៉៏ប៉ុន្ដែសម្រាប់ខុនដូដែលមានតម្លៃសមរម្យបែរជាមានការឡើងថ្លៃ ០.៣% ទៅវិញ។

មិនមែនត្រឹមតែការលក់ខុនដូប៉ុណ្ណោះទេដែលរងផលប៉ះពាល់ ចំណែកឯការជួលខុនដូក៏រកផលប៉ះពាល់ ដែរដោយតម្លៃនៃការជួលខុនដូប្រណីតបានធ្លាក់ចុះប្រហែល ០.៤% ខណៈតម្លៃនៃការជួលខុនដូកំរិតមធ្យមបានធ្លាក់ចុះចំនួន ០.៦%។

នៅក្នុងរបាយការណ៍របស់ CBRE Cambodia បានបញ្ជាក់ថាផលប៉ះពាល់ទាំងនេះគឺស្ថិតនៅដំណាក់កាលដំបូងនៅឡើង។ តម្លៃរបស់អចលនទ្រព្យទាំងការលក់ និងជួលអាចនឹងបន្ដធ្លាក់ចុះទៀត ប្រសិនបើបញ្ហានៃវីរុសកូរ៉ូណាមិនថមថយ។

វិស័យការិយាល័យជួលមានការប្រកួតប្រជែងខ្លាំង​

នៅប៉ុន្មានឆ្នាំចុងក្រោយនេះតម្រូវការផ្នែកការិយាល័យមានការកើនឡើងយ៉ាងគំហុក។ បើទោះបីជាមានបញ្ហានៃវីរុសកូរ៉ូណាក៏ដោយ អត្រានៃការជួលអគារការិយាល័យហាក់ពុំទាន់រងផលប៉ះពាល់ខ្លាំងនោះទេដោយវាគ្រាន់តែកាត់បន្ថយនៃចំនួនអតិថិជនគោលដៅប៉ុណ្ណោះ ដែលកត្តានេះបង្កឲ្យមានការប្រគួតប្រជែងខ្លាំងក្នុងចំណោមម្ចាស់អគារការិយាល័យជួល។

របាយការណ៍ដដែលនេះបានបង្ហាញថាតម្លៃជួលរបស់អគារការិយាល័យមានសភាពថេរពេញមួយត្រីមាសទី១ឆ្នាំ ២០២០នេះ បើទោះបីជាកាលពីខែមករាមានការកើនឡើងខ្ពស់នៃតម្រូវការការិយាល័យក៏ដោយ។ ដោយមានការប្រគួតប្រជែងខ្លាំងដែលបណ្ដាលមកពីវីរុសកូរ៉ូណានេះ មានម្ចាស់អគារការិយាល័យជួលមួយចំនួនបានធ្វើការបញ្ចុះតម្លៃរយៈពេលខ្លីដើម្បីទាក់ទាញអ្នកជួលថ្មី។

វិស័យលក់រាយរងផលប៉ះពាល់ខ្លាំងជាងគេពីការរាតត្បាតនៃវីរុសកូរ៉ូណា

ដើម្បីធ្វើការទប់ស្កាត់នៃការរីករាលដាល និងការឆ្លងនៃវីរុសកូរ៉ូណា រាជរដ្ឋាភិបាលបានដាក់ចេញនូវការណែនាំ និងវិធានការមួយចំនួនរួមបញ្ចូលទាំងការផ្អាកការប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ និងការលើកទឹកចិត្តឲ្យប្រជាជននៅផ្ទះដែលកត្តានេះបានប៉ះពាល់យ៉ាងខ្លាំងទៅដល់វិស័យលក់រាយពីព្រោះមនុស្សភាគច្រើនបានសម្ងំនៅផ្ទះ។

តាមរយៈរបាយការណ៍ដដែលរបស់ CBRE Cambodia បង្ហាញថាការធ្លាក់ចុះនៃចំនួនមនុស្សចេញទៅខាង ក្រៅឧទាហរណ៍ ដូចជា ផ្សារ និងហាងទំនិញផ្សេងៗបានធ្វើឲ្យតម្លៃនៃការជួលតូប ឬទីតាំងលក់មានការធ្លាក់ចុះរហូតទៅដល់ ១០.៥ % ដែលនេះជាការធ្លាក់ចុះខ្លាំងបំផុតនៅក្នុងរយៈពេល៤ឆ្នាំចុងក្រោយនេះ។

វិស័យផ្ទះល្វែង ឬបុរីរក្សាបាននៅភាពរឹងមាំ

បើទោះបីជាមានបញ្ហាវីរុសកូរ៉ូណាក៏ដោយ នៅក្នុងរបាយការណ៍របស់ CBRE Cambodia បានបង្ហាញថា វិស័យផ្ទះល្វែង ឬបុរីនៅតែរក្សាបាននូវកំណើន និងភាពរឹងមាំ ដោយក្នុងរយៈពេល៦ខែចុងក្រោយនេះមានគម្រោងចំនួន៦បានសម្ពោធបើកការដ្ឋានសាងសង់នៅក្នុងរាជធានីភ្នំពេញ។ សម្រាប់ត្រីមាសទី១ ឆ្នាំ២០២០នេះតម្លៃរបស់ផ្ទះក្នុងបុរីពុំមានការធ្លាក់ចុះនោះទេ តែបែរជាតម្លៃនៃប្រភេទផ្ទះមួយចំនួន នៅក្នុងបុរីមានការឡើងថ្លៃទៅវិញ ជាតួយ៉ាងតម្លៃរបស់វីឡាភ្លោះបានកើនឡើងជាមធ្យម ២.៩% ចំណែកឯតម្លៃរបស់វីឡាទោលមានការកើនឡើងជាមធ្យមចំនួន ៤.៣%។

Realestate.com.kh មានមោទកភាពក្នុងការនាំយក ពិព័រណ៍លំនៅដ្ឋាន និងជីវិតទាន់សម័យដ៏ធំរបស់កម្ពុជាត្រឡប់មកវិញ។ ព្រឹត្តិការណ៍ដ៏មហាអស្ចារ្យនេះនឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី ៧ និង ៨ ខែ សីហា ឆ្នាំ ២០២០ នៅសាលពិព័រណ៍កោះពេជ្រ។

សម្រាប់ព័ត៌មានអំពីការជាវស្ដង់ពិព័រណ៍ និង ការចូលរួមជាម្ចាស់ឧបត្ថម្ភកម្មវិធីនេះ

សូមទំនាក់ទំនងទៅកាន់៖

នីន កាំង (ខ្មែរ អង់គ្លេស និង ចិន)
+855 78 637 323
+855 93 552 305
nin.kang@realestate.com.kh 

អត្ថបទដោយ

 

Comments