រាជធានីភ្នំពេញដែលជាបេះដូងរបស់ប្រទេសកម្ពុជាបានអភិវឌ្ឍន៍ខ្លួនយ៉ាងខ្លាំងដោយរីកសាយភាពពីចំណុចកណ្តាលទៅកាន់តំបន់ជាយៗក្រុងជាបន្តបន្ទាប់ ។ ជាក់ស្តែងតំបន់ទួលពង្រដែលនៅភាគខាងលិចឈៀងខាងត្បូងរាជធានីភ្នំពេញ ហាក់មានការអភិវឌ្ឍន៍ខ្លាំង ដោយបានកែប្រែពីតំបន់វាលស្រែទៅជាតំបន់លំនៅឋានដ៏មានសក្ដានុពល និងបានជម្រុញតម្លៃដីធ្លីតំបន់នោះកើនឡើងខ្ពស់ហួសពីការស្មាន ។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាលោក ច្រឹក សុខនីម ធ្លាប់បានលើកឡើងថា តំបន់ប៉ែកខាងត្បូង និងខាងលិចនៃទីក្រុងភ្នំពេញជាតំបន់ដែលមានការទាក់ទាញលើការអភិវឌ្ឍលំនៅឋានក្នុងចំណោមតំបន់ផ្សេងៗទៀត ។ កត្តាមួយចំនួនដែលធ្វើឱ្យតំបន់ទាំងនោះមានការអភិវឌ្ឍលំនៅឋានដូចឃើញស្រាប់ហើយ មានផ្លូវក្រវ៉ាត់ក្រុង មានហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត ដែលរដ្ឋាភិបាលបានអភិវឌ្ឍជាបន្តបន្ទាប់ មានផ្សារ និងមានបុរីតូចធំជាច្រើនកំពុងដំណើរការអភិវឌ្ឍន៍គម្រោងរបស់ខ្លួនផងដែរ ។
តំបន់ទួលពង្រនាពេលបច្ចុប្បន្ននេះបានអភិវឌ្ឍន៍លឿនសឹងមិនគួរឱ្យជឿ ជាក់ស្ដែងពីមុនតំបន់នេះគ្រាន់តែជាតំបន់វាលស្រែ និងដីបឹងតែប៉ុណ្ណោះ ប៉ុន្តែពេលនេះបានប្រែក្លាយទៅជាតំបន់វិនិយោគលំនៅឋានយ៉ាងគគ្រឹកគគ្រេង ។ ចំពោះតម្លៃដីធ្លីនៅតំបន់ទួលពង្រវិញកាលពី១៥ឆ្នាំមុនមានតម្លៃត្រឹមតែ២០ឬ៣០ដុល្លារក្នុងមួយម៉ែត្រការ៉េ តែក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះជាមធ្យមម្ចាស់ដីគេទារតម្លៃ៥០០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ ។
អ្នកជំនាញផ្នែកអចលនទ្រព្យធ្លាប់បានលើកឡើងពីសក្តានុពលតំបន់ទួលពង្រថា ៖«តំបន់ហ្នឹងសព្វថ្ងៃនេះក្រោម៥០០ដុល្លារក្នុងមួយម៉ែត្រការ៉េមិនដឹងថាទិញបានឬអត់ផង ព្រោះម្ចាស់ដីភាគច្រើនគេលក់ក្នុងតម្លៃ៥០០ដុល្លារអាមេរិក » ។
តាមរយៈរបាយការណ៍សិក្សាស្រាវជ្រាវរបស់ CBRE Cambodia បានបង្ហាញថា ក្នុងរយៈពេល៦ខែចុងក្រោយនេះ កម្ពុជាទទួលបានគម្រោងអភិវឌ្ឍន៍លំនៅឋានជាបុរីចំនួន៣៩គម្រោង ដែលតួលេខនេះបានបង្ហាញពីតម្រូវការលំនៅឋានក្នុងបុរីក្នុងប្រទេសកម្ពុជាបន្តរីកចម្រើនទៅមុខបន្ថែមទៀត ៕
អត្ថបទដោយ
Comments