ធនាគារជាតិនៃកម្ពុជាបានព្យាករថា វិស័យអចលនទ្រព្យកម្ពុជាត្រូវបានរំពឹងថានឹងបន្តងើបឡើងជាសន្សឹមៗ ក្នុងអត្រា១.២% ដែលគាំទ្រដោយកំណើនតម្រូវការក្នុងស្រុកផ្ដោតលើទីផ្សារ អចលនទ្រព្យលំនៅឋានដែលមានតម្លៃសមរម្យ ខណៈដែលសំណង់ប្រភេទប្រណីតដែលបម្រើដល់ តម្រូវការអនិវេសជនត្រូវការពេលវេលា ដើម្បីអាចវិលត្រឡប់ ទៅរកស្ថានភាពមុនពេលមានវិបត្តិ ។
ឧកញ៉ា គីម ហ៊ាង ដែលជាអ្នកជំនាញក្នុងវិស័យអចលនទ្រព្យមួយរូបបានលើកឡើងថា ស្ថានភាពអចលនទ្រព្យជារួមនៅក្នុងឆ្នាំ២០២៣ នឹងមានភាពល្អប្រសើរជាងឆ្នាំ២០២២ ប៉ុន្តែនៅមិនទាន់មានភាពល្អប្រសើរដូចមុនវិបត្តិកូវីដ១៩ទេ ព្រោះវិស័យមួយនេះទាមទារពេលវេលា ដោយសារបញ្ហាសេដ្ឋកិច្ច និងផលប៉ះពាល់ក្នុងរយៈពេល៣ឆ្នាំមកនេះជាជំងឺធ្ងន់ធ្ងរ ។
ប្រធានក្រុមហ៊ុន KW Cambodia ខាងលើបានបញ្ជាក់បន្ថែមថា ការងើបឡើងវិញនៃវិស័យអចលនទ្រព្យកម្ពុជានឹងចាប់ផ្ដើមមានសញ្ញាវិជ្ជមានបណ្តើរៗ ដោយអាស្រ័យលើអត្រានៃការងើបឡើងវិញនៃសេដ្ឋកិច្ចជារួមរបស់ប្រទេសនីមួយៗ ។
ប្រសិនបើរាជរដ្ឋាភិបាលកម្ពុជាមានយុទ្ធសាស្ត្រណាមួយក្នុងការទាក់ទាញនូវវិនិយោគបរទេសចូលមកកាន់ប្រទេសកម្ពុជា ដើម្បីជំរុញចលនាអចលនទ្រព្យឡើងវិញ នោះស្ថានភាពអចលនទ្រព្យក្នុងឆ្នាំ២០២៣នឹងអាចមានការកើនឡើងវិញ ៕
Comments