+855 92 92 1000
Logo
អ្នកជំនាញ៖ ការខ្ចីលុយធនាគារទៅបង់រំលស់ដីឡូត៍ទុកចោលអាច​ប្រឈមហានិភ័យខ្ពស់
Updated on: May 20, 2022, 9:19 p.m.
Published on: November 7, 2019, 5:10 a.m.

អ្នកជំនាញ៖ ការខ្ចីលុយធនាគារទៅបង់រំលស់ដីឡូត៍ទុកចោលអាច​ប្រឈមហានិភ័យខ្ពស់


អត្ថបទព័ត៌មានដីឡូត៍នៅក្នុងខេត្តត្បូងឃ្មុំ

អ្នកជំនាញក្នុងវិស័យអចលនទ្រព្យបានសង្កត់ធ្ងន់ថា នាប៉ុន្មានឆ្នាំចុងក្រោយនេះសកម្មភាព​ពុះ​ដី​ឡូត៍​​បាន​បន្ត​រីករាល​ដាល​​ខ្លាំង​​ឡើងៗ​​នៅតំបន់ជាយក្រុង និងតាមបណ្តាខេត្តជាច្រើន ​ហើយ​សកម្មភាព​ពុះដីឡូត៍ទាំងនោះទៀតសោធកំពុងតែ​ធ្វើ​ការ​ផ្សព្វផ្សាយ​យ៉ាង​ខ្លាំង និង​ក៏​មាន​តម្រូវការ​ទិញ​ច្រើន​ទៀត​ផងដែរ។

ស្របពេល​ចលនា​នៃ​ការទិញ​ដីឡូត៍ និង​ពុះ​ដីឡូត៍​លក់​កើតមាន​ស្ទើរ​គ្រប់​ទីកន្លែងបែបនេះ បានជំរុញឱ្យ​ប្រជាពលរដ្ឋមួយចំនួនសម្រេចចិត្តទាំងប្រថុយប្រថាន ដោយមិនបានស្វែង​យល់​ពីគម្រោងអភិវឌ្ឍន៍ ដីឡូតិ៍បានច្បាស់ ហើយទៅខ្ចីពីធនាគារទៅបង់រំលោះដីឡូតិ៍អាចនឹងមានហានិភ័យនៅថ្ងៃក្រោយ។

ទន្ទឹមសកម្មភាព​នៃ​ការវិនិយោគ​នេះ ឧកញ៉ាសៀ ឬទ្ធី ជាស្ថានិក ជាប្រធានក្រុមហ៊ុន Worldbridge Group និងជាសហគ្រិនជោគជ័យមួយរូបក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា បង្ហាញក្តីព្រួយ​បារម្ភ ​ខណៈប្រជាពលរដ្ឋខ្មែរភាគច្រើន កំពុងចាប់អារម្មណ៍សន្សំលុយ ឬខ្ចីបុលបង់រំលស់ក្នុងរូបភាពផ្សេងៗ សម្រាប់ធ្វើការទិញដូរដីធ្លី ហើយទុកចោលដោយមិនព្រមវិនិយោគលើអាជីវកម្ម​ណា​មួយនោះ។

លោកបានផ្តល់អនុសាសន៍ថា ចំពោះអ្នកមានសមត្ថភាពនិងធនធានស្រាប់ ហើយចង់ទិញ​អចលនទ្រព្យដែលអាច​ទាញយកផលចំណេញ​ពីអចលនទ្រព្យនោះបាន លោកលើកទឹកចិត្ត​ឱ្យខ្ចីធនាគារបង់រំលោះអចលនទ្រព្យនោះ  ព្រោះម្ចាស់អាជីវកម្មអាចមានប្រាក់ចំណេញពីការជួល ដើម្បីបង់រំលោះជាមួយធនាគារស្រាប់។

ប៉ុន្តែសម្រាប់ អ្នកដែលមិនមានធនធាន ហើយទៅខ្ចីបុលពីធនាគារមកបង់រំលោះដីឡូត៍បែរជា​ទុក​ដីនោះ​ចោល​មិនព្រមអភិវឌ្ឍន៍ដើម្បីទាញប្រយោជន៍ពីដីនោះ លោកថាមិនគួរខ្ចីបុលធនាគារនោះ​ឡើយ ព្រោះអ្នកទិញអាចប្រឈមនឹងបញ្ហាសាច់ប្រាក់បង់រំលោះមានរយៈពេល​វែង ខណៈម្ចាស់​ដីឡូតិ៍មិនបានអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅតំបន់នោះឱ្យបានគ្រប់គ្រាន់នៅឡើយ។

ម្យ៉ាងទៀតលោកពន្យល់ទៀតថា៖«ដោយសារតែ​ចង់​ពុះ​ដីឡូត៍​លក់បាន​ច្រើន និង​យកចំណេញ អ្នកវិនិយោគ​ពុះ​ដីឡូត៍​លក់មួយចំនួន​តែងតែ​ឳ្យ​អតិថិជន បង់ប្រាក់​នៅ​ក្រុមហ៊ុន​របស់ខ្លួន ដោយ​គ្មាន​ការប្រាក់។ លោកចាត់ទុកថា នេះ​ជា​ចំណុច​ហានិភ័យ​មួយ ព្រោះ​ទី១ ការទូទាត់​បែបនេះ​មិនមាន​ច្បាប់​ណាមួយ​គ្រប់គ្រង​ឡើយ ទី២ ការបង់​រំ​លោះ​បែបនេះ ក្រុមហ៊ុន​អាច​ប្រមូលបាន​ប្រាក់​ហើយ​រត់ និង​មិន​ទទួលខុសត្រូវ ម្យ៉ាង​ប្រ​ព័​ន្ឋ​បង់ប្រាក់​បែបនេះ ជាការ​ទូទាត់​ខុសច្បាប់»។

នៅ​ក្នុង​ឆ្នាំ​២០១៨​នេះ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និងសំណង់ ធ្លាប់បានប្រកាស​ចាត់​ វិធានការ​ទៅ​លើ​​គម្រោង​ពុះ​ដី​ឡូត៍​លក់​ដែល​មិន​មាន​លិខិត​អនុញ្ញាត និង​ពង្រឹង​ការ​សាងសង់ គុណភាព និង​សុវត្ថិភាព​នៅ​ក្នុង​វិស័យ​សំណង់ នៅ​គ្រប់​ការដ្ឋាន​សំណង់​ទាំង​អស់ [ទាំងគម្រោងលំនៅដ្ឋាន និងគម្រោងដីឡូត៍] ដើម្បី​ធានា​​ការ​​អភិវឌ្ឍ​​វិស័យ​សំណង់​ប្រកប​ដោយ​ចីរភាព និងដើម្បីចៀសវាងការទិញលក់ដីឡូតិ៍ដែលខុសច្បាប់។

ទោះយ៉ាងណាក៏ដោយ អ្នកជំនាញអចលនទ្រព្យ នៅតែដាស់តឿនទៅកាន់ពលរដ្ឋថា មុននឹងសម្រេចចិត្ត​ខ្ចីបុលធនាគារទៅទិញដីឡូត៍ ចាំបាច់គួរសិក្សាស្វែងយល់បន្ថែម អំពីឱកាស និងបញ្ហាប្រឈម ទៅថ្ងៃអនាគតខាងមុខ។ លើសពីនេះ ក៏​ត្រូវ​ពិនិត្យមើល​ទិដ្ឋភាព​ផ្លូវច្បាប់ ប្លង់កម្មសិទ្ធិត្រឹមត្រូវ ហេដ្ឋារចនាសម្ព័ន្ធ ទិដ្ឋភាព​សង្គម និងទិដ្ឋភាព​សេដ្ឋកិច្ចប្រទេសជារឿងចាំបាច់៕

ស្វែងរកដីសម្រាប់លក់នៅក្នុងប្រទេសកម្ពុជា ស្វែងរកអចលនទ្រព្យសម្រាប់លក់នៅភ្នំពេញសូមចូលទៅកាន់ Realestate.com.kh ថ្ងៃនេះ!

ចុះឈ្មោះចូលរួមប្រកួតប្រជែង

Comments