សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជានៅក្នុងឆ្នាំ ២០១៩ នេះ បានសម្រេច បង្កើតឲ្យមានវគ្គបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈវាយតម្លៃអចលនទ្រព្យដំបូងគេ នៅក្នុងប្រទេសកម្ពុជា។
បើតាមការលើកឡើងរបស់លោក ច្រឹក សុខនីម ប្រធានសមាគម CVEA បានឲ្យដឹងថា វគ្គសិក្សាថ្មីនេះជាវគ្គសិក្សាថ្មីជំនាន់ទី១ ដែលសមាគមទាំងមូលបានសម្រេចបង្កើតឡើងនេះ គឺក្នុងគោលដៅជួយពង្រឹងសមត្ថភាពរបស់ភ្នាក់ងារ ផ្នែកវាយតម្លៃ ដើម្បីធានាបានប្រសិទ្ធិភាពការងារ ដោយផ្នែកលើមូលដ្ឋានគ្រឹះវាយតម្លៃច្បាស់លាស់ វិជ្ជាជីវៈត្រឹមត្រូវ និងតាមបច្ចេកទេស។
លោកលើកឡើងបន្ថែមទៀតថាការបង្កើតឲ្យមានវគ្គសិក្សាជំនាញគឺដើម្បីឆ្លើយតបនឹងតម្រូវការ នៅក្នុងទីផ្សារ។ នេះមានន័យថាស្របពេលទីផ្សារកាន់តែរីកចម្រើន វាទាមទារឲ្យមានក្រុមងារការដែលមានជំនាញពិតប្រាកដ ដើម្បីជួយជំរុញដល់និរន្តរភាពនៃការ ការអភិឌ្ឍរបស់វិស័យអចលនទ្រព្យទាំងមូល។
សម្រាប់វគ្គសិក្សានេះ នៅពេលបញ្ចប់វគ្គសិក្សា ភ្នាក់ងារនឹងទទួលបានអត្ថប្រយោជន៍ជាច្រើនដូចជា៖
-
វិញ្ញាបនប័ត្រ ត្រូវបានទទួលស្គាល់ដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
-
ទទួលបានចំណេះដឹង និងបទពិសោធន៍ក្នុងការអនុវត្តការងារវាយតម្លៃ ជាក់ស្តែងពីគ្រូឧទ្ទេសនាមដែលជាស្ថាបនិក អ្នកគ្រប់គ្រង និងអ្នកជំនាញក្នុង វិស័យអចលនទ្រព្យ។
-
ពង្រឹងសមត្ថភាពចេះប្រើប្រាស់រូបមន្ត និងវិធីសាស្រ្តសម្រាប់ការវាយតម្លៃ អចលនវត្ថុ។
-
ទទួលបានចំណេះដឹងពីដំណើរការនៃការវាយតម្លៃអចលនវត្ថុ។
-
សមត្ថភាពរៀបចំរបាយការណ៍វាយតម្លៃអចលនវត្ថុ។
-
ការយល់ដឹងពីលក្ខខណ្ឌ និងនីតិវិធីស្នើសុំអាជ្ញាប័ណ្ណ និងវិញ្ញាបនប័ត្រវិជ្ជាជីវៈ។
-
ដឹងពីការកំណត់តម្លៃសេវា និងកម្រៃសេវាជើងសារវិជ្ជាជីវៈ។
-
ដឹងពីក្រមសីលធម៌វិជ្ជាជីវៈអ្នកវាយតម្លៃ។
-
យល់ដឹងពីចំណេះដឹងផ្នែកមូលដ្ឋានទាក់ទងនឹងវិស័យច្បាប់។
-
យល់ដឹងពីចំណេះដឹងមូលដ្ឋានទាក់ទងនឹងច្បាប់កិច្ចសន្យា។
-
យល់ដឹងពីពន្ធពាក់ព័ន្ធអចលនទ្រព្យ និងការកំណត់ពន្ធលើអចលនវត្ថុ។
-
យល់ដឹងពីការវាយតម្លៃអចលនទ្រព្យតាមរយៈការប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុ។
-
ស្វែងយល់ពីវិធីសាស្រ្តនៃការលក់ និងការផ្សព្វផ្សាយរបស់ភ្នាក់ងារអចលនទ្រព្យ។
វគ្គបណ្តុះបណ្តាលនេះចាប់ផ្តើមទទួលចុះឈ្មោះចាប់ពីពេលនេះតទៅ ហើយការសិក្សាមាន ២ វេន។ វេនទីមួយគឺថ្ងៃច័ន្ទ ដល់ សុក្រ ដែលរៀនពីម៉ោង៥ៈ៣០ រហូតដល់ម៉ោង ៨ៈ ៣០ ល្ងាច និងចូលរៀនថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៩។ សម្រាប់វេនទីពីរគឺថ្ងៃសៅរ៍ និងអាទិត្យ ដែលរៀនពីចំនួនពីរថ្ងៃពេញ និងចូលរៀននៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩។
រំលឹកផងដែរថា ក្រោមការសហការជាមួយសាកលវិទ្យាល័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រហូតមកដល់ពេលនេះ សាលាបណ្តុះបណ្តាលជំនាញអចលនទ្រព្យ បានបញ្ចប់វគ្គសិក្សាជំនាញទិញ និងលក់អចលនវត្ថុប្រកបដោយវិជ្ជាជីវៈ ៤ ជំនាន់រួចមកហើយ និងមានសិស្សបានចូលរៀនជាង ១,០០០ នាក់៕
ស្វែងរកអចលនទ្រព្យសម្រាប់ជួលនៅភ្នំពេញ ឬអចលនទ្រព្យសម្រាប់លក់នៅភ្នំពេញនៅថ្ងៃនេះ!
Comments