+855 92 92 1000
Logo
វិស័យអចលនទ្រព្យ និងទេសចរណ៍កម្ពុជានឹងទទួលផលច្រើនពីការអភិវឌ្ឍន៍តំបន់កោះ
Updated on: June 6, 2022, 5:06 p.m.
Published on: September 13, 2016, 10:37 a.m.
Realestate News

វិស័យអចលនទ្រព្យ និងទេសចរណ៍កម្ពុជានឹងទទួលផលច្រើនពីការអភិវឌ្ឍន៍តំបន់កោះ


Horizontal-Ribbon-Editorial

song-saaអ្នកជំនាញក្នុងវិស័យអចលនទ្រព្យកម្ពុជាបាននិយាយថា សក្តានុពលនៃបណ្តាកោះក្នុងដែនសមុទ្រកម្ពុជានឹងអាចធ្វើឱ្យទីផ្សារអចលនទ្រព្យ និងវិស័យទេសចរណ៍មានសន្ទុះឡើងកើនឡើងលឿន ប្រសិនបើក្រុមហ៊ុនវិនិយោគទាំងអស់មានឆន្ទៈពិតប្រាកដក្នុងការអភិវឌ្ឍកោះឱ្យមានភាពទាក់ទាញ ខណៈកាលពីឆ្នាំកន្លងមកមានក្រុមហ៊ុនអភិវឌ្ឍន៍ចំនួន2 បានប្រកាសពីគម្រោងអភិវឌ្ឍន៍កោះស្ថិតនៅខេត្តព្រះសីហនុដើម្បីឱ្យក្លាយទៅជាកន្លែងដ៏ទាក់ទាញសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

លោក គីម ហ៊ាង ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុន ខ្មែរ រៀលអេស្ទេត បានមានប្រសាសន៍ថា កម្ពុជាគឺជាប្រទេសមួយដែលមានកោះជាច្រើនស្ថិតនៅក្នុងដែនសមុទ្ររបស់ខ្លួន ប៉ុន្តែរហូតមកដល់ពេលនេះកោះទាំងនោះហាក់នៅមិនទាន់មានការអភិវឌ្ឍអ្វីជាដុំកំភួននោះទេ ខណៈមានកោះមួយចំនួនត្រូវបានរាជរដ្ឋាភិបាលកម្ពុជាផ្តល់អាជ្ញាប័ណ្ណទៅឱ្យក្រុមហ៊ុនឯកជនដើម្បីវិនិយោគរួចហើយ។ លោកបានបន្តថា បើទោះបីជាទទួលបានអាជ្ញាប័ណ្ណពីរាជរដ្ឋាភិបាលក៏ដោយ ក៏ក្រុមហ៊ុនវិនិយោគមួយចំនួនរហូតមកដល់ពេលនេះនៅមិនទាន់បានបញ្ចេញប្រាក់ច្រើនដើម្បីអភិវឌ្ឍន៍នៅលើកោះនោះទេ ហើយថែមទាំងមានម្ចាស់ក្រុមហ៊ុនអភិវឌ្ឍន៍កោះខ្លះបានលក់បន្តទៅឱ្យឈ្មួញជាបន្តទៀតផង។

លោកមានប្រសាសន៍ថា៖«នៅពេលដែលម្ចាស់ក្រុមហ៊ុនអភិវឌ្ឍន៍កោះបញ្ចេញទុនដើម្បីអភិវឌ្ឍន៍នោះ តំបន់កោះនៅក្នុងដែនសមុទ្រកម្ពុជានឹងអាចទាក់ទាញភ្ញៀវទេសចរ និងអ្នកវិនិយោគបានកាន់តែច្រើនបន្ថែមទៀត ចំណែកសក្ដានុពលដីនៅទីនោះក៏នឹងឡើងតម្លៃច្រើនដែរ។ ម្ចាស់គម្រោងអភិវឌ្ឍន៍អាចចាប់ផ្តើមកសាងហេដ្ឋារចនាសម្ព័ន្ធនៅលើកោះដើម្បីចាប់យកតម្លៃទីផ្សារអចលនទ្រព្យឡើងខ្ពស់ គឺបន្ទាប់ពីមានផ្លូវថ្នល់ ស្ពាន និងការធ្វើដំណើរមានភាពងាយស្រួល មានផាសុកភាព»។

លោកបានលើកសំណូមពរថា៖«ប្រសិនបើក្រុមហ៊ុនទទួលបានសិទ្ធិវិនិយោគលើកោះហើយ គេគួរតែធ្វើការអភិវឌ្ឍទៅលើហេដ្ឋារចនាសម្ព័ន្ធដែលមានដូចជា សណ្ឋាគារ ខុនដូ និងមធ្យោបាយធ្វើដំណើរនាំភ្ញៀវដើរកម្សាន្តជុំវិញកោះជាដើម»។

លោក ចឹ្រក សុខនីម នាយកប្រតិបត្តិនៃក្រុមហ៊ុន Century 21 Mekong បាននិយាយថា ការអភិវឌ្ឍដែលមានផែនការច្បាស់លាស់នឹងនាំមកនូវសក្តានុពលដល់តំបន់ហើយនៅពេលអ្នកវិនិយោគបរទេសចូលមកវិនិយោគវានឹងធ្វើឱ្យកម្ពុជាទទួលបានផលចំណេញច្រើន។ គម្រោងអភិវឌ្ឍន៍នៅតាមតំបន់កោះតែងតែងាយទទួលជោគជ័យ ព្រោះធម្មជាតិនៅតំបន់កោះកម្ពុជាគឺមានភាពភាក់ទាញខ្លាំង។

លោក វ៉ន ចាន់ថន នាយកគ្រប់គ្រងក្រុមហ៊ុន ថោន ស៊ីធី មានប្រសាសន៍ថា ការវិនិយោគនៅតាមបណ្តាកោះធំៗ គឺត្រូវkoh_pring_island-mapការទុនវិនិយោគច្រើនណាស់ទើបគេអាចធ្វើទៅបាន។ រដ្ឋា ភិបាលតម្រូវឱ្យក្រុមហ៊ុនទាំងនោះគោរពតាមស្តង់ដារបរិស្ថានជាតិ និងអន្តរជាតិ ព្រោះការឱ្យវិនិយោគនេះមិនមែនចេះតែឱ្យធ្វើការវិនិយោគនោះទេ គឺត្រូវមានការត្រួតពិនិត្យឱ្យបានច្បាស់លាស់ បើពុំដូច្នោះទេវានឹងធ្វើឱ្យខូចដល់បរិស្ថាននៅក្នុងតំបន់កោះជាមិនខាន ដូច្នេះទាមទារឱ្យមានការសិក្សាល្អិតល្អន់ណាស់មុននឹងផ្តល់សិទ្ធិអភិវឌ្ឍន៍ទៅឱ្យក្រុមហ៊ុននីមួយៗធ្វើការវិនិយោគ។

លោកបានថ្លែងថា៖«ការអភិវឌ្ឍតំបន់កោះវាជាចំណុចវិជ្ជមានមួយសម្រាប់វិស័យទេសចរណ៍កម្ពុជា។ ប្រសិនបើក្រុមហ៊ុនដែលមានសិទ្ធិវិនិយោគលើដីកោះនោះគួរតែសាងសង់ស្ពានសម្រាប់ធ្វើដំណើរទៅមកឱ្យបានល្អប្រសិនបើអាច រួចបន្តសាងសង់ជារមណីយដ្ឋាន និងកន្លែងសម្រាកលម្ហែរកាយបន្ថែមទៀត។

លោក អ៊ិន ស៊ីថា នាយកផ្នែកអភិវឌ្ឍន៍មុខជំនួញនៃក្រុមហ៊ុន VTrust Appraisal Co., Ltd មានប្រសាសន៍ថា ដើម្បីធ្វើការអភិវឌ្ឍកោះបានលុះត្រាតែក្រុមហ៊ុនអភិវឌ្ឍន៍នោះទទួលបានអាជ្ញាប័ណ្ណរយៈពេលវែង ពីព្រោះការអភិវឌ្ឍកោះគឺត្រូវការដើមទុនច្រើនណាស់ដើម្បីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ។ ការវិនិយោគបែបនេះ គឺជាការជួយលើកកម្ពស់សោភ័ណភាពតំបន់កោះសម្រាប់បម្រើឱ្យវិស័យទេសចរណ៍ និងជួយរកការងារឱ្យប្រជាពលរដ្ឋធ្វើដូចជា ការកែច្នៃវត្ថុអនុស្សាវរីយ៍ លក់ដូរចំណីអាហារ សណ្ឋាគារ ផ្ទះសំណាក់ និងកន្លែងកម្សាន្តជាច្រើនទៀត។

ប្រទេសកម្ពុជាមានកោះចំនួន 64 ក្នុងនោះមានកោះចំនួន 54 ស្ថិតនៅក្នុងទឹកដីខេត្តព្រះសីហនុកោះក្រៅពីនោះស្ថិតនៅក្នុងខេត្តកោះកុង ខេត្តកែប និងខេត្តកំពត ប៉ុន្តែរហូតមកដល់ពេលនេះ កោះចំនួន 28 ស្មើនឹងផ្ទៃដីទំហំជាង 18 ម៉ឺនហិកតា ត្រូវបានរដ្ឋាភិបាលជួលទៅឱ្យក្រុមហ៊ុនឯកជន ដើម្បីធ្វើការវិនិយោគក្លាយទៅជាតំបន់ទាក់ទាញភ្ញៀវទេសចរដ៏ប្រណីត ប៉ុន្តែការអនុវត្តជាក់ស្តែង គេឃើញមានកោះចំនួនតិចប៉ុណ្ណោះ ដែលបានអភិវឌ្ឍជាបណ្តើរៗជាតំបន់ទេសចរណ៍ដូចជា កោះពស់ កោះដែកគោល កោះសង្សារ កោះតាង និងកោះរុងជាដើម។

កាលពីចុងឆ្នាំ2015 កន្លងមកក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប របស់អ្នកឧកញ៉ា គិត ម៉េង បានបើកការដ្ឋានសាងសង់សណ្ឋាគារលំដាប់ផ្កាយ5 មួយដែលមានឈ្មោះថា 'Royal Sands' ស្ថិតនៅលើកោះរ៉ុង ក្នុងខេត្តព្រះសីហនុ។ បន្ទាប់ពីគម្រោងសាងសង់បញ្ចប់គេសង្ឃឹមថានៅទីនោះនឹងអាចទាក់ទាញភ្ញៀវទេសចរបានយ៉ាងច្រើន៕

ស្វែងរកព័ត៌មានបន្ថែមអំពីការណែនំានៃការវិនិយោគក្នុងប្រទេសកម្ពុជាជាមួយ Realestate.com.kh

អត្ថបទនេះបានចុះផ្សាយនៅក្នុងទស្សាវដ្តី PROPERTY VIEW ខែកញ្ញា ឆ្នំា ២០១៦ ដែលបង្កើតឡើងដោយសមាគមន៍អ្នកវាយតម្លៃនិងអចលនវត្ថុកម្ពុជា។

Realestate.com.kh មានកិត្តិយសធ្វើជាដៃគូផ្សព្វផ្សាយជាមួយទស្សនាវដ្តីអចលនទ្រព្យ Property View ដែលជាទស្សនាវដ្តីបង្កើតឡើងដោយសមាគមន៍អ្នកវាយតម្លៃនិងអចលនវត្ថុកម្ពុជា។  សម្រាប់ព័ត៌មានបន្ថែមអំពីក្លាយជាសមាជិករបស់សមាគមន៍អ្នកវាយតម្លៃនិងអចលនវត្ថុកម្ពុជា សូមចុចទីនេះ។  ប្រសិនបើអ្នកចង់ធ្វើការផ្សព្វផ្សាយពាណិជ្ជកម្មនៅក្នុងទស្សាវដ្តី Property View សូមធ្វើការទាក់ទង ទៅកាន់លោក វីរិទ្ធតាមរយៈអ៊ីម៉េលvirith007@yahoo.com ឬទូរស័ព្ទលេខ 078 959 567  - 098 66 26 68

property view magazine september 2016

Comments