+855 92 92 1000
Logo
និតិវិធីក្នុងការចុះបញ្ជីដីមានលក្ខណៈដាច់ដោយដុំ
Updated on: June 7, 2022, 4:18 a.m.
Published on: February 12, 2019, 1:46 p.m.

និតិវិធីក្នុងការចុះបញ្ជីដីមានលក្ខណៈដាច់ដោយដុំ


យោងតាមរបាយការណ៍បូកសរុបលទ្ធផលការងាររបស់ក្រសួងរៀបចំដែនដីនគរូបនីយកម្ម ឆ្នាំ២០១៨ បានបង្ហាញថាចាប់តាំងពីអនុវត្តការងារចុះបញ្ជីដីធ្លីរហូតដល់ខែធ្នូ ឆ្នាំ២០១៨ ក្រសួងបានសម្រេចការងារវាស់វែងក្បាលដី និងចេញប័ណ្ណកម្មសិទ្ធិដីជូនពលរដ្ឋចំនួន ៥,១២៧,៨១៩ ប័ណ្ណ ស្មើនឹង ៧៣.២៥% នៃផែនការសរុបប្រមាន ៧ លានក្បាលដី។

ការចុះបញ្ជីក្បាលដីនេះត្រូវបានបែងចែកជា២ផ្នែកផ្សេងគ្នាគឺការចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធ​ និងការចុះបញ្ជីដីមានលក្ខណៈដាច់ដោយដុំ។ និតិវិធីក្នុងការចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធសូមអានទីនេះ! ​

  • ការចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធ​ សម្រេចបាន ៤,៥១១,៩៤៣ ប័ណ្ណ។

  • ចំណែកការចុះបញ្ជីដីមានលក្ខណៈដាច់ដោយដុំសម្រេចបានប្រមាណជា៦១៥,៨៧៦ប័ណ្ណ។  ក្នុងនោះការចុះបញ្ជីដីរដ្ឋមាន១,៧៧៦ប័ណ្ណដីឯកជនមាន៦១៣,៤២៣ប័ណ្ណ និងដី សហគមន៍ជនជាដើមភាគតិចមាន៦៤៨ប័ណ្ណ។

អ្វីទៅជាការចុះបញ្ជីដីមានលក្ខណៈដាច់ដោយដុំ?

ការចុះបញ្ជីដីមានលក្ខណៈដាច់ដោយដុំការជាការចេញប្លង់កម្មសិទ្ធិ (ប្លង់រឹង) ដែលត្រូវធ្វើឡើងតាមរយៈ​ការ​ស្នើ​សុំ​របស់​ម្ចាស់ដីផ្ទាល់។ ខាងក្រោមនេះគឺជានិតិវិធី ៥ ដំណាក់កាលនៃការស្នើសុំចុះបញ្ជីដីមានលក្ខណៈដាច់ដោយដុំ៖

១. ការដាក់ពាក្យស្នើសុំ

ដូចបានលើកឡើងខាងលើស្រាប់ម្ចាស់ដីជាអ្នកស្នើសុំធ្វើប្លង់កម្មសិទ្ធិនេះដោយផ្ទាល់។ ក្នុងការដាក់ពាក្យម្ចាស់ដី​ត្រូវ​ដាក់​ពាក្យសុំ​ទៅ​ការិយាល័យសុរិយោដីស្រុក/ខណ្ឌដែល​ដី​នេះ​តាំងនៅ។​  ប៉ុន្តែមុននឹងសុំដល់ថ្នាក់ស្រុក/ខណ្ឌ ម្ចាស់ដីត្រូវធ្វើលិខិតបញ្ជាក់ចេញពីមេឃុំ/ចៅសង្កាត់ ដើម្បីបញ្ជាាក់អំពីអត្ដសញ្ញាណនៃការប្រើប្រាស់ដី​ និងការទទួលស្គាល់ពីថ្នាក់មូលដ្ឋានជាមុនសិន។

២. ការវាស់វែងដី

បន្ទាប់ពីទទួលបានពាក្យស្នើសុំ និងពិនិត្យឃើញថាមានភាពត្រឹមត្រូវហើយ​​​​​មន្រ្តីជំនាញ​សុរិយោដី​នឹងធ្វើការ​ចុះ​​វាស់វែង ​និងកំណត់​​ព្រំដីដោយមានការចូលរួមពីម្ចាស់ដីដោយផ្ទាល់។ ទោះយ៉ាងណា ការវាស់វែងអាចធ្វើទៅបានប្រសិនបើមិនមានការជំទាស់តវ៉ាពីម្ចាស់ដីដែលមានព្រំប្រទល់ជាប់គ្នា។ ក្នុងករណីមានវិវាទកើតឡើង ភាគទាំងសងខាងអាចដោះស្រាយគ្នាបាននៅត្រឹមថ្នាក់មូលដ្ឋានដោយមានគណៈកម្មឃុំ/សង្កាត់ ជាអ្នកសម្របសម្រួល។

៣. ការផ្សព្វផ្សាយជាសាធារណៈ

បន្ទាប់ពីបានកំណត់ និងកសាងប្លង់រួចរាល់ អាជ្ញាធរ​នឹងធ្វើការបិទផ្សាយ​ជា​សាធារណៈអំពីព័ត៌មាននៃដី (ដូចជា​ឈ្មោះ​ម្ចាស់ដី ទំហំ ទីតាំង និងព្រំដីជាដើម) ក្នុង​រយៈពេល៣០​ថ្ងៃ ដើម្បី​ឲ្យ​ម្ចាស់ដី ឬអ្នកពាក់ព័ន្ធអាច​ធ្វើ​ការ​ត្រួតពិនិត្យ​ និង​តវ៉ា​​សុំ​ធ្វើ​ការ​កែប្រែក្នុងករណី​​មាន​ភាពមិន​​ត្រឹមត្រូវ។

៤. ការវិនិច្ឆ័យ និងសម្រេច

ប្រសិនមិនមានការជំទាស់ណាមួយទេ មន្ត្រីជំនាញនឹងចុះឈ្មោះម្ខាស់ដីទៅក្ន​ុងសៀវភៅគោលបញ្ជីដីធ្លី និង​​រៀបចំធ្វើរបាយការណ៍សម្រាប់​សុរិយោដី​ថ្នាក់ខេត្ត/ក្រុង។ បន្ទាប់ពីពិនិត្យឃើញថាមានភាពត្រឹមត្រូវ ​​ប្រធាន​មន្ទីរ​សុរិយោដី​ខេត្ត/ក្រុង នឹង​ចុះហត្ថលេខា​លើ​ប័ណ្ណកម្មសិទ្ធិជាស្ថាពរ។

៥. ការប្រគល់ប័ណ្ណ

នេះជាដំណាក់កាលចុងក្រោយនៃការចុះបញ្ជីដីមានលក្ខណៈដាច់ដោយដុំ។  អាជ្ញាធរនឹងធ្វើការប្រគល់ប័ណ្ណកម្មសិទ្ធិជូលដល់ពលរដ្ឋ ដែលជាម្ចាស់ដីដោយផ្ទាល់ទៅតាមការបរិច្ឆេទណាមួយ ដែលបានកំណត់។

តើការចុះបញ្ជីដីមានលក្ខណៈដាច់ដោយដុំត្រូវបង់ពន្ធប្រថាប់ត្រាដែរឬទេ?

ពន្ធប្រថាប់ត្រាចំនួន៤%ត្រូវអនុវត្តចំពោះការស្នើសុំចុះបញ្ជីមានលក្ខណៈដាច់ដោយដុំ។ ហើយពន្ធ៤%នេះត្រូវបានអនុវត្តរាល់ប្រតិបត្តិការផ្ទេរកម្មសិទ្ធិពីម្ចាស់មួយទៅម្ចាស់មួយផ្សេងទៀត។

ទោះយ៉ាងណាជាក់ស្តែងគេមើលឃើញថាការទិញលក់មួយចំនួនត្រូវធ្វើឡើងត្រឹមថ្នាក់មូលដ្ឋាន ហើយម្ចាស់ដីមួយចំនួនមិនទាន់ចុះបញ្ជីដីនៅឡើយ។ តាមច្បាប់រាល់ការទិញលក់ច្រើនដង ហើយមិនមានការបង់ពន្ធប្រថាប់ត្រា នោះម្ចាស់ចុងក្រោយជាអ្នកទទួលខុសត្រូវបង់ពន្ធទាំងអស់។​

ប៉ុន្តែដោយពិនិត្យឃើញថាប្រជាពលរដ្ឋ ដែលជាអ្នកទទួលសិទ្ធិកាន់កាប់អចលនទ្រព្យចុងក្រោយ (អ្នកទិញ) ដែលត្រូវតម្រូវឲ្យមានការបង់ពន្ធប្រថាប់ត្រាច្រើនតំណនៅមានចំនួនច្រើននៅឡើយ។  ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានសម្រេចបន្តអនុវត្តន៍គោលការណ៍បង់ពន្ធប្រថាប់ត្រាចំនួនមួយដង នៅក្នុងឆ្នាំ ២០១៩ ចំពោះការផ្ទេរកម្មសិទ្ធិ ឬកម្មសិទ្ធិកាន់កាប់អចលនទ្រព្យពុំបានចុះបញ្ជី (គ្មានប័ណ្ណកម្មសិទ្ធិ) និងកម្មសិទ្ធិបានចុះបញ្ជី (មានប័ណ្ណកម្មសិទ្ធិ)។

រំលឹកផងដែរថា នៅពេលបច្ចុប្បន្ននេះក្រសួងបានប្រកាសផ្លាស់ប្តូរប័ណ្ណកម្មសិទ្ធិអចលនវត្ថុថ្មី និងបន្ថែម QR កូដនៅលើសន្លឹកវិញ្ញាបនបត្រម្ចាស់អចលនវត្ថុ ដែលអាចចូលទៅ មើលព័ត៌មានទាំងស្រុងនៃអចលនវត្ថុបានពោលគឺព័ត៌មានដែលទាក់ទងនឹងម្ចាស់ដី ក្បាលដី ផែនទីនៃដី និងអត្តសញ្ញាណនៃម្ចាស់អចលនវត្ថុនោះ៕

ស្វែងរកដីសម្រាប់លក់នៅក្នុងប្រទេសកម្ពុជាតាមរយៈ Realestate.com.kh!

Comments