+855 92 92 1000
Logo
ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បើក​វគ្គ​បណ្ដុះបណ្ដាល​ស្តី​ពី​ការ​ប្រើប្រាស់​ប្រព័ន្ធ​ផ្លាស់​ប្តូរ​ទិន្នន័យ​អេ​ឡិច​ត្រូ​និក​កំពង់​ផែ
Updated on: May 28, 2022, 2:03 a.m.
Published on: May 20, 2022, 3:25 a.m.

ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បើក​វគ្គ​បណ្ដុះបណ្ដាល​ស្តី​ពី​ការ​ប្រើប្រាស់​ប្រព័ន្ធ​ផ្លាស់​ប្តូរ​ទិន្នន័យ​អេ​ឡិច​ត្រូ​និក​កំពង់​ផែ


រាជធានី​ភ្នំពេញ ៖ ថ្ងៃ​ទី​១៦ ខែឧសភា ឆ្នាំ​២០២២ នៅ​ទីស្តីការក្រសួង ឯកឧត្តម រស់ វ​ណ្ណា រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន និង​ជា​ប្រធាន​គណៈកម្មការ​គ្រប់គ្រង​ប្រព័ន្ធ​ផ្លាស់​ប្តូរ​ទិន្នន័យ​អេ​ឡិច​ត្រូ​និក​កំពង់​ផែ (Port EDI) បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​វគ្គ​បណ្តុះបណ្តាល​ស្តី​ពី​ការ​ប្រើប្រាស់​ប្រព័ន្ធ​ផ្លាស់​ប្តូរ​ទិន្នន័យ​អេ​ឡិច​ត្រូ​និក​កំពង់​ផែ​(Port EDI)​។

កម្មវិធី​នេះ​មានការ​ចូលរួម​ពី​ឯកឧត្តម ម៉ក់ ស៊ី​ដេ​ត អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ដឹក​ជញ្ជូន​ផ្លូវទឹក ផ្លូវ​សមុទ្រ និង​កំពង់​ផែ លោក Saravanan Kichenamourty នាយក​គ្រប់គ្រង​គម្រោង ប្រធាន​- អនុប្រធាន​នាយកដ្ឋាន និង​មន្ត្រី​ជំនាញ​នៃ​នាយកដ្ឋាន​នាវា​ជំនួញ​សមុទ្រ ព្រមទាំង​សិក្ខាកាម​ដែល​ជា​តំណាង​ក្រុមហ៊ុន​ភ្នាក់ងារ​នាវា​សរុប​ប្រមាណ​ជាង ៣០​រូប​។

ថ្លែង​ក្នុង​មតិ​សំណេះសំណាល​ជាមួយ​សិក្ខាកាម​នា​ឱកាស​នោះ ឯកឧត្តម​រដ្ឋលេខាធិការ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​រដ្ឋាភិបាល​ជប៉ុន ដែល​បាន​ផ្តល់​ជំនួយ​បច្ចេកទេស​ក្នុង​ការ​បង្កើត​ប្រព័ន្ធ Port EDI នេះ​ឡើង ដើម្បី​ទាក់ទាញ​វិនិយោគិន​បរទេស​ឱ្យមក​វិនិយោគ​នៅ​កម្ពុជា​ឱ្យ​បាន​ច្រើន​ថែម​ទៀត ក៏​ដូច​ជា​ដើម្បី​លើកកម្ពស់​សេដ្ឋកិច្ច​កម្ពុជា​ឱ្យ​កាន់តែ​មានការ​រីក​ចម្រើន​ផង​ដែរ​។

ឯកឧត្តម​រដ្ឋលេខាធិការ បាន​គូសបញ្ជាក់​ថា ប្រព័ន្ធ​(Port EDI)​នេះ កើត​ចេញពី​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​កាត់​បន្ថយ​ចំណាយ​ថ្លៃដើម​នៃ​ការ​ដឹក​ជញ្ជូន​តាម​ផ្លូវទឹក ផ្លូវ​សមុទ្រ​ឱ្យ​នៅ​កម្រិត​ទាប មាន​តម្លាភាព គណនេយ្យ​ភាព និង​ធ្វើ​ឱ្យ​អតិថិជន​ចុង​ក្រោយ​ទទួល​បាន​ទំនិញ​ក្នុង​តម្លៃ​ថោក​សមរម្យ​។

ឯកឧត្តម​រដ្ឋលេខាធិការ បាន​បន្ដ​ថា​ចំណូល​មួយ​ផ្នែក​ដែល​បាន​មក​ពី​ប្រព័ន្ធ Port EDI នឹង​ត្រូវ​បាន​បម្រុង​ទុក​សម្រាប់​ការ​ធានា​និរន្តរភាព​នៃ​ការ​ប្រើប្រាស់​ប្រព័ន្ធ​។ ប្រព័ន្ធ​នេះ​មាន​សារៈសំខាន់​ក្នុង​ការ​ជួយ​កាត់​បន្ថយ​នូវ​នីតិវិធី​បំពេញការងារ និង​ការ​ធ្វើ​ឯកសារ​លើ​ក្រដាស ចំណេញ​ពេលវេលា ព្រមទាំង​កាត់​បន្ថយ​ការ​ចំណាយ​ផង​ដែរ​។

សូម​ជម្រាប​ជូន​ដែរ​ថា វគ្គ​បណ្ដុះបណ្ដាល​នេះ​រៀបចំ​ឡើង​ដោយ​អគ្គនាយកដ្ឋាន​ដឹក​ជញ្ជូន​ផ្លូវទឹក ផ្លូវ​សមុទ្រ និង​កំពង់​ផែ ចាប់ពី​ថ្ងៃ​ទី​១៦ ដល់ទី​១៨ ខែឧសភា ឆ្នាំ​២០២២៕

Comments