ខេត្តសៀមរាប ៖ នាពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវទាំង៣៨ខ្សែក្នុងក្រុងសៀមរាប កាលពីព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២ នេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្តែងការប្រតិកម្មជុំវិញការលើកឡើងរបស់អ្នកអភិវឌ្ឍន៍អចលនទ្រព្យមួយចំនួន ជាពិសេសឱ្យលោក គឹម ហ៊ាង អ្នករកស៊ីអចលនទ្រព្យដែលធ្លាប់ថា ឱ្យអាជ្ញាធរខេត្តសៀមរាបដែលមិនអនុញ្ញាតឱ្យសាងសង់សំណង់អគារខ្ពស់ៗដែលធ្វើឱ្យវិស័យដីធ្លីមិនអាចឡើងថ្លៃបាន ត្រូវឈប់ធ្វើការទិទានបន្តទៀត ព្រោះខេត្តសៀមរាបជាខេត្តបេតិកភណ្ឌមិនដូចខេត្តដទៃឡើយ ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា កុំយកខេត្តសៀមរាបដែលជាខេត្តបេតិកភណ្ឌរបស់ប្រទេសកម្ពុជាទៅប្រៀបធៀបជាមួយនឹងទីផ្សារខេត្តដទៃ ដោយខេត្តសៀមរាបមិនអាចអភិវឌ្ឍន៍សំណង់អគារខ្ពស់ៗបានទេ ព្រោះមានការហាមឃាត់ពីអាជ្ញាធរ និងអង្គការយូណេស្គូ ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងប្រតិកម្មនឹងអ្នកអភិវឌ្ឍន៍អចលនទ្រព្យមួយចំនួនដែលចង់ឱ្យមានការអភិវឌ្ឍអគារខ្ពស់ៗនៅក្នុងក្រុងសៀមរាប ដោយសម្តេចបានមានប្រសាសន៍ថា ៖«ប្រសិនបើធ្វើអគារខ្ពស់ៗបែបនោះ អង្គរវត្តនឹងត្រូវដកចេញពីបញ្ជីបេតិកភណ្ឌពិភពលោកហើយ ។ ត្រូវមើលព្រៃទាំងមូល កុំមើលឈើមួយដើម» ។
សម្តេចតេជោបានជម្រាបទៅកាន់អង្គការយូណេស្កូថា ៖«សូមកុំបារម្ភចំពោះការអនុវត្តនូវលក្ខខណ្ឌទាំងឡាយចំពោះការអភិរក្សនៅតំបន់ក្រុងសៀមរាប គឺកម្ពុជាមិនកាប់មេមាន់ដើម្បីឆ្ងាញ់មួយពេលនោះទេ ផ្ទុយទៅវិញគឺកម្ពុជាត្រូវចិញ្ចឹមមេមាន់ឱ្យធំធាត់ ដើម្បីយកពងយូរអង្វែង» ។
សម្តេចតេជោក៏បានបញ្ជាក់ផងដែរថា មិនខ្វះកន្លែងរកស៊ីអចលនទ្រព្យទេ តែមិនត្រូវបំពានអង្គរជាដាច់ខាត ។ ដោយសម្តេចមិនឱ្យតម្លៃបេតិកភណ្ឌអង្គរវត្តបាត់បង់ និងអាចឈានដល់ការដកចេញពីបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្គូ ហើយធ្លាប់កើតនៅប្រទេសជឿនលឿនខ្លះហើយដែរ ដែលបំពានលក្ខខណ្ឌរបស់អង្គការយូណេស្គូ ៕
អត្ថបទដោយ
Comments