ខេត្តសៀមរាប ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃប្រទេសកម្ពុជា មានបំណងចង់សាងសង់ផ្លូវ១៥គីឡូម៉ែត្រក្នុងក្រុងសៀមរាប ដោយបានថ្លែងប្រាប់ទៅកាន់ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹងជញ្ជូន រៀបចំសំណើរដើម្បីសុំជំនួយពីសាធារណរដ្ឋប្រជាមានិតចិន ។ ប្រសាសន៍ណែនាំរបស់សម្តេចបានធ្វើឡើងក្នុងដំណើរចុះពិនិត្យការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ស្ថិតក្នុងឃុំតាជេក ស្រុកសូទ្រនិគម ខេត្តសៀមរាប ។
សម្តេចតេជោបានថ្លែងថា ក្រុមហ៊ុនចិនបានវិនិយោគ ១១០ លានដុល្លារដើម្បីសាងសង់ព្រលានយន្តហោះថ្មីនៅខេត្តសៀមរាប និងផ្លូវសម្រាប់អ្នកធ្វើដំណើរទៅខេត្ត ។ លោកបានបន្ថែមថា ៖ «ដូច្នេះរដ្ឋាភិបាលត្រូវគិតគូរពីការសាងសង់ផ្លូវជាតិលេខ៦ទៅក្រុងសៀមរាប» ។ សម្តេចបន្តថា រដ្ឋាភិបាលនឹងត្រូវចំណាយថវិកាមួយចំនួនទៀតដើម្បីសាងសង់ផ្លូវប្រវែង ១៥ គីឡូម៉ែត្រ ដូច្នេះលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ គួររៀបចំសំណើសុំជំនួយពីរដ្ឋាភិបាលចិន ។
សម្តេចតេជោនាយករដ្ឋបានថ្លែងឱ្យដឹងបន្ថែមថា អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ដែលមានចម្ងាយប្រមាណ៤០គីឡូម៉ែត្រពីអង្គរនេះ គឺជាចម្ងាយមួយធានាដល់សុវត្ថិភាពរបស់ប្រាសាទអង្គរ ។ ភាពចាំបាច់នៃការសាងសង់អាកាសយានដ្ឋានថ្មីនេះ គឺដោយសារអាកាសយានដ្ឋានបច្ចុប្បន្ន មិនអាចទទួលយន្តហោះខ្នាតធំបាននោះឡើយ ។ អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរនេះនឹងអាចទទួលបានការហោះហើយយន្តហោះគ្រប់កម្រិត ៕
Comments