+855 92 92 1000
Logo
អ្នកទិញដីឡូតិ៍គួរពិចារណា៖ បញ្ហាប្រឈមនៃការទិញដីឡូតិ៍
Updated on: June 6, 2022, 5:06 p.m.
Published on: October 5, 2016, 4:28 a.m.
Realestate News

អ្នកទិញដីឡូតិ៍គួរពិចារណា៖ បញ្ហាប្រឈមនៃការទិញដីឡូតិ៍


Horizontal-Ribbon-Editorial

នៅពេលច្ចុប្បន្នការពុះដីឡូតិ៍លក់កំពុងមានសន្ទុះកើនឡើងយ៉ាងខ្លាំងក្លានៅក្នុងទីផ្សារប្រទេសកម្ពុជា ដោយសារការពុះដីឡូតិ៍លក់នេះទទួលបានប្រាក់ចំណេញច្រើន និងមានភាពងាយស្រួលចំពោះអ្នកអភិវឌ្ឍន៍ក្នុងវិស័យនេះ។ មិនចាំបាច់មានដើមទុនគ្រប់គ្រាន់ក៏អាចធ្វើបានឲ្យតែពួកគេមានភាពឆ្លាតវៃ រកបានទីតាំងបានល្អនោះប្រាកដជាអាចរកប្រាក់ចំណេញបានយ៉ាងឆាប់រហ័ស។

ទាក់ទងនឹងការពុះដីឡូលក់ ក៏ដូចជាការទិញដីឡូតិ៍ តើអតិថិជនបានពិចារណាគ្រប់ជ្រុងជ្រោយដែរឫទេ មុននឹងសម្រេចចិត្តទិញដីកន្លែងណាមួយ?

នៅពេលលើកឡើងពីបញ្ហាប្រឈមនៃការទិញដីឡូតិ៍នៅក្នុងទីផ្សារកម្ពុជា លោក យិន លាងគង់ ជានិពន្ធនាយកនៃទស្សនាវដ្តី Property View និងជាការីនិពន្ធផ្នែកសេដ្ឋកិច្ចនៅទូរទ្ទស្សន៍BTV បានលើកឡើងថាកន្លងមកសម្រាប់ទីផ្សារដីឡូតិ៍គឺធ្លាប់មានបញ្ហាកើតឡើងរវាងអ្នកភិវឌ្ឍន៍ និងអ្នកទិញ។

លោកសង្កត់ធ្ងន់ទៅលើទិដ្ឋភាពបីយ៉ាងដែលមានការពាក់ព័ន្ធគ្នាក៏ដូចជាដើម្បីបញ្ជៀសពីបញ្ហាផ្សេងៗ ដែលកើតមានឡើងជុំវិញទីផ្សារដីឡូតិ៍នៅក្នុងប្រទេសកម្ពុជា។

ការវិនិច្ឆ័យរបស់អ្នកទិញ៖

អ្នកទិញគួរមានការប្រុងប្រយ័ត្នមុនពេលទិញដីតំបន់ណាមួយត្រូវដឹងថា អ្នកអភិវឌ្ឍន៍មានកម្មសិទ្ធិត្រឹមប្លង់ទន់ ឫប្លង់រឹង។

ត្រង់ចំណុចនេះលោកបានលើកពីឧទាហរណ៍ជាក់ស្តែងថា នាពេលកន្លងមកធ្លាប់មានអ្នកវិនិយោគដែលមានប្លង់រឹង ប៉ុន្តែនៅពេលដែលលក់ទៅអោយអ្នកទិញ ម្ចាស់ដីឡូតិ៍កាត់ត្រឹមប្លង់ទន់ទៅឲ្យតែប៉ុណ្ណោះ។ នេះជាការប្រឈមដ៏អាក្រក់មួយសម្រាប់អ្នកទិញ ក្នុងករណីអ្នកវិនិយោគទៅរស់នៅក្រៅប្រទេស ឫស្លាប់បាត់បង់ជីវិត ហើយផ្ទេរសិទ្ធិកាន់កាប់ទៅឲ្យកូន ឫសាច់ញាតិផ្សេងទៀត នោះមានន័យថាសិទ្ធិកាន់កាប់ពិតប្រាកដតាមផ្លូវច្បាប់នោះគឺអ្នកដែលមានប្លង់រឹង ចំណែកឯអ្នកកាន់កាប់ត្រឹមប្លង់ទន់មិនមានសិទ្ធិកាន់កាប់ស្របច្បាប់លើដីឡូតិ៍ដែលខ្លួនបានទិញនោះទេ។

ក្រមសីលធម៌របស់អ្នកអភិវឌ្ឍន៍/អ្នកលក់៖

អ្នកវិនិយោគខ្លួនឯងគួរមានក្រមសីលធម៌វិជ្ជាជីវៈ គឺមិនត្រូវបោកប្រាស់ប្រជាពលរដ្ឋនោះទេ។ ក្នុងករណីមានប្លង់ទុនត្រូវផ្តល់ប្លង់ទន់ តែបើមានប្លង់រឹងត្រូវផ្តល់ជាប្លង់រឹងជូនពលរដ្ឋទើបជាការប្រសើរ។

លោកជឿជាក់ថានេះក៏ជាការការពារមួយជូនប្រជាពលរដ្ឋដែលបានទិញគម្រោងដីរបស់ពួកគេផងដែរ។

ជាមួយគ្នានេះដែរលោក លាងគង់បន្ថែមថា ចំណុចមួយទៀតដែលអ្នកវិនិយោគត្រូវគិតគូគឺការកំណត់ប្លង់ហេដ្ឋារចនាសម្ធ័ន្ធច្បាស់លាស់សម្រាប់ពលរដ្ឋ ដូចជាប្លង់ផ្លូវថ្នល់ ប្រព័ន្ធលូ បង្គោលភ្លើង និងប្លង់លំនៅដ្ឋានជាដើម។ លោកថាកាលណាមានប្លង់គ្រប់គ្រងត្រឹមត្រូវគឺធ្វើឲ្យតំបន់ដីឡូតិ៍នោះមានការអភិវឌ្ឍន៍លឿន លំនៅដ្ឋានមានសណ្តាប់ធ្នាប់មានសោភ័ណភាព និងភាពស្រស់ស្អាត។

"នាពេលកន្លងមកគម្រោងដីឡូតិ៍ភាគច្រើនបន្ទាប់ពីលក់រួចរាល់អ្នកអភិវឌ្ឍន៍មិនបានគិតគូលើការផ្តល់ប្លង់លំនៅដ្ឋានជូនពលរដ្ឋឡើយ។ នេះជាហេតុដែលធ្វើឲ្យប្រពលរដ្ឋសាងសង់លំនៅដ្ឋានតាមការនឹកឃើញ មានតូច មានធំ មានខ្ពស់មានទាបលាយលំគ្នា ហើយមួយចំនួនទៀតមិនសាងសង់អ្វីទាំងអស់ ដោយទុកលក់យកផលចំណេញជាដើម។ នៅពេលអនាគតតំបន់នេះនឹងអាចក្លាយជាតំបន់ដែលមានការសាងសង់លំនៅដ្ឋានបែបអនាធិបតេយ្យ" នេះបើតាមការលើកឡើងរបស់លោក លាងគង់។

តួនាទីរបស់រដ្ឋាភិបាល៖

ទាក់ទងជាមួយនឹងក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លោក លាងគង់បានជម្រុញឲ្យក្រសួងទាំងពីរបង្កើនល្បឿនក្នុងការធ្វើច្បាប់បញ្ញត្តិគ្រប់គ្រង់ដីឡូតិ៍។

លោកនិយាយថាប្រសិនបើយើងមានច្បាប់បញ្ញតិ្តត្រឹមត្រូវនិងច្បាស់លាស់ នោះក្រសួងនឹងមានភាពងាយស្រួលក្នុងការកំណត់ដល់អ្នកវិនិយោគឲ្យអនុវត្តន៍តាមគោលការណ៍ច្បាប់ តួយ៉ាងថាតើត្រូវទុកផ្លូវប៉ុន្មានម៉ែត្រ ប្លង់លំនៅដ្ឋានបែបណាប្រព័ន្ធលូទំហំមុខកាត់ប៉ុន្មានម៉ែត្រ។ ទាំងនេះដើម្បីឲ្យការអភិវឌ្ឍន៍មាននិរន្តភាព គោរពតាមបទដ្ឋាន បរិស្ថាន និងសោភ័ណភាពរបស់ទីក្រុង។

ដំបូន្មានសម្រាប់អ្នកទិញដីឡូតិ៍៖

នៅពេលសួរអំពី ថាតើអ្នកទិញដីឡូតិ៍គួរពិនិត្យមើលលើចំណុចអ្វីខ្លះមុនពេលទិញដីឡូតិ៍? លោក លាង គង់បានលើកឡើងថា ភាគច្រើននៃអ្នកទិញដីឡូតិ៍ជាអ្នកដែលមានជីវភាពក្រោមមធ្យម និងមធ្យម ហើយមួយចំនួនពួកគេគឺទិញដីសម្រាប់លក់យកចំណេញ។

លោកបញ្ជាក់ពីចំណុចនេះថាភាគច្រើននៃដីឡូតិ៍គឺមិនឡើងថ្លៃទៀតទេ បើកើនឡើងក៏មិនច្រើនដែរ ដោយសារអ្នកវិនិយោគបានយកចំណេញច្រើនរួចទៅហើយដូច្នេះអ្នកទិញគួរពិចារណាលើចំណុចនេះ ។លោកលើកឡើងទៀតថា សម្រាប់អ្នកមានជីវភាពខ្ពស់(អ្នកមាន) គឺពួកគេមិនទិញដីឡូតិ៍ទេព្រោះដីឡូតិ៍មានការអភិវឌ្ឍន៍យឺត ហើយអ្នកទិញទៀតសោធនៅចាំមើលគ្នាមិនព្រមសាងសង់អ្វីឡើយចំណែកឯការសាងសង់លំនៅដ្ឋានគឺគ្មានសណ្តាប់ធ្នាប់។ លោកថាកាលណាតំបន់ដីឡូតិ៍មួយមិនមានការ សាងសង់ដែលមានសណ្តាប់ធ្នាប់ត្រឹមត្រូវ ដីតំបន់នោះក៏មិនកើនឡើងតម្លៃដែរ។

ទោះជាយ៉ាងណាលោក លាងគង់បានលើកឡើថាការពុះដីឡូតិ៍បានផ្តល់ផលប្រយោជន៍ដល់សង្គមជាតិទាំងមូលផងដែរ ព្រោះអាចផ្តល់លទ្ធភាពឲ្យពលរដ្ឋមានជីវភាពមធ្យមអាចមានលទ្ធភាពទិញដីបាន ហើយលោកក៏បានជម្រុញឲ្យគ្រប់គ្នាគួរតែទិញដីចំណែកណាមួយ ដើម្បីទុកសាងសង់លំនៅដ្ឋានសមរម្យមួយនៅពេលអនាគត។

វិនិយោគដោយយកចិត្តទុកដាក់៖ អានអត្ថបទអំពីការណែនំាការទិញដីឡូត៍ពី Realestate.com.kh

Comments