ថ្មីៗនេះ រដ្ឋាភិបាលកម្ពុជាបានសិក្សាទៅលើប្រព័ន្ធរថភ្លើងទំនើបៗ ដោយមានភាគីចិន និងជប៉ុន កំពុងសិក្សាលើគម្រោងប្រព័ន្ធរថភ្លើងផ្សេងៗគ្នា តែក្នុងគោលបំណងតែមួយគឺដើម្បីកាត់បន្ថយការកកស្ទះ ចរាចរណ៍នៅក្នុងទីក្រុងភ្នំពេញ និងជួយជំរុញដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាអោយប្រសើរឡើង។
នៅក្នុងកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំត្រីមាសទី១ ឆ្នាំ២០១៩ នា ថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៩នេះ លោកស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា ប្រព័ន្ធផ្លូវរត់ភ្លើង AGT រត់នៅលើអាកាសបានសិក្សារួច ហើយជាមួយនឹងJICA ប្រទេសជប៉ុន ប៉ុន្តែពេលនេះកម្ពុជាក៍មានប្រទេសចិនមួយទៀត មកសិក្សា ប្រពន្ធផ្លូវរត់ភ្លើងផ្លូវមួយ (Monorail) ដែលមានសម្លេងតិច ព្រោះវាប្រើកង់កៅស៊ូ និងមានតម្លៃទាបជាងប្រពន្ធផ្លូវរត់ភ្លើង AGT។
លោកបានមានប្រសាសន៍ថា "យើងមានគោលបំណងសិក្សារកឲ្យឃើញមើលថាតើ ប្រព័នផ្លូវរថភ្លើងណាមួយមានភាពសមស្របបំផុតសម្រាប់កម្ពុជារវាងប្រព័ន្ធផ្លូវ AGT ផ្លូវ Monorail ឬផ្លូវ Metro។"
កាលពីថ្ងៃទី២៥ មីនា នៅក្នុងជំនួបពិភាក្សាការងាររវាងលោក លោកស៊ុន ចាន់ថុល និងលោក Zhou Keqin អនុប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់របស់់ក្រុងឆុងឈីង បានស្នើរឱ្យមានកិច្ចសហ ប្រតិបត្តិការរវាងកម្ពុជានិងក្រុងឆុងឈីងក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ជាពិសេសលទ្ធភាពនៃការអភិវឌ្ឍប្រព័ន្ធរថភ្លើងទំនើបប្រភេទផ្លូវមួយនៅកម្ពុជា និងការជួយពង្រឹងសមត្ថភាព ធនធានមនុស្សរបស់កម្ពុជា។
ជាមួយគ្នាដែរ លោក Zhou បានយល់ព្រមលើសំណើរបស់កម្ពុជា ក្នុងការសិក្សារៀបចំ ផែនការ អភិវឌ្ឍប្រព័ន្ធរថភ្លើង ទំនើបប្រភេទផ្លុវមួយនៅកម្ពុជា ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍នៅក្នុងរាជធានីភ្នំពេញ។
គួររំលឹកផងដែរថា ប្រព័ន្ធផ្លូវរត់ភ្លើង AGT រត់នៅលើអាកាសដែលមានប្រទេសជប៉ុនជាអ្នកសិក្សា។ ការសិក្សានេះត្រូវបានប៉ាន់ប្រមាណលើការចំណាយប្រមាណ ៨០០ លានដុល្លារ ដោយប្រព័ន្ធនោះ នឹងរត់នៅតាមបណ្ដោយផ្លូវសាធារៈណនៃគម្រោងរថភ្លើងលើអាកាសសំខាន់ៗចំនួន៣ ខ្សែ៖ ខ្សែទី១ ចាប់ផ្តើមពី មហាវិថីកម្ពុជាក្រោម មហាវិថីព្រះមុនីវង្ស មហាវិថីសហព័ន្ធរុស្ស៊ី និងរង្វង់មូលចោមចៅ។ ខ្សែទី២ ចាប់ផ្តើមពីមហាវិថីព្រះមុនីវង្ស រត់ស្របផ្លូវរថភ្លើង(ចាស់) ចូលអាកាសយានដ្ឋានអន្តរជាតិ ភ្នំពេញ។ ខ្សែទី៣ ចាប់ផ្តើមពីផ្សារថ្មី មហាវិថីហ្សាលដឺហ្គោល មហាវិថីព្រះមុនីរ៉េតផ្លូវវ៉េងស្រេងរង្វង់ មូលចោមចៅបត់មកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញវិញ៕
ចង់ទិញ ចង់ជួលអចលនទ្រព្យ ឬចង់ដាក់លក់ ជួលផ្ទះ ដី ខុនដូ សូមចូលទៅកាន់ Realestate.com.kh!
បើសិនបើអ្នកចង់ស្វែងរកទិញផ្ទះក្នុងខែនេះ កុំភ្លេចចូលរួមពិព័រណ៍លំនៅដ្ឋានកម្ពុជាឆ្នាំ ២០១៩!
Comments