យោងតាមការប្រកាសដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កាលពីយប់មិញបានបញ្ជាក់ថា មិនមានហេតុផលណាដែលត្រូវតម្រូវអោយមានការបន្តបិទខ្ទប់ទីតាំងភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅបន្តទៀតនោះទេ។ ការលើកឡើងនេះគឺស្របពេលដែលប្រជាពលរដ្ឋកំពុងមាន ការតាមដានថាតើរដ្ឋបាលរាជធានីភ្នំពេញ និងក្រុងតាខ្មៅ អាចនឹងនៅបន្តការបិទខ្ទប់លើស ពីថ្ងៃកំណត់ទៀតរឺយ៉ាងណា។
បន្ថែមលើប្រសាសន៍លើកឡើងនេះដែរ លោកបន្តបញ្ជាក់ថា ទីតាំងមួយចំនួនតូចបំផុតនៅក្នុងរាជធានី និងខេត្តទាំងពីរនេះ អាចនឹងបន្តការបិទខ្ទប់មួយរយៈទៀត ប្រសិនជារកឃើញថានៅមានហានិភ័យ នៃការឆ្លងរីករាលដាលជម្ងឺកូវីត១៩នេះខ្ពស់។
ទន្ទឹមនឹងការបិទខ្ទប់នេះ មានប្រជាពលរដ្ឋជាច្រើនដែលបានធ្វើការត្អូញត្អែរពាក់ព័ន្ធនឹង បញ្ហាប្រាក់ចំនូល ក៏ដូចជាកង្វះចំនីអាហារ ជាពិសេសសម្រាប់អ្នករស់នៅនៅក្នុងតំបន់ក្រហម។ ទោះជាយ៉ាងណាក័ដោយ ដើម្បីការពារការកើនឡើងនៃចំនួនអ្នកឆ្លង និងអ្នកស្លាប់ដោយសារ ជម្ងឺនេះបន្តទៀត រដ្ឋាភិបាលប្រទេសកម្ពុជាបានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋឱ្យមានការយោគយល់ និងមានភាពអំណត់ដើម្បីអាចឆ្លងកាត់ឧបសគ្គនេះទាំងអស់គ្នា។
គួរបញ្ជាក់ផងដែរថា មកទល់ពេលនេះ ប្រជាពលរដ្ឋដែលរស់នៅតំបន់លឿង និងតំបន់ទឹកក្រូច គឺអាចធ្វើដំណើរទៅផ្សារ និងប្រកបរបរអាជីវកម្មចំនីអាហារបានដូចធម្មតាវិញ រួចមកហើយ ខណៈដែលអ្នករស់នៅតំបន់ក្រហមនៅតែត្រូវបន្តនៅក្នុងផ្ទះ មិនអាចចរាចរណ៍ទៅខាងក្រៅ ហើយតំបន់ទាំងបីនៅត្រូវរក្សាបម្រាមគោលចរណ៍ដដែល។
ដូច្នេះដើម្បីសុវត្ថិភាពអ្នក ក្រុមគ្រួសារអ្នក និងអាចធ្វើឱ្យប្រទេសកម្ពុជាវិលត្រលប់ទៅសភាពដើមវិញ សូមលោកអ្នកប្រកាន់គោលការណ៍៣កុំ និង៣ការពារ ដើម្បីធានាមិនឱ្យមានការឆ្លងរីករាលដាលបន្តទៀត៕
Comments