+855 92 92 1000
Logo
ក្រសួងកោះប្រជុំស្វែងរកដំណោះស្រាយលើបញ្ហាប្រឈមនានាសម្រាប់គម្រោងផ្លូវល្បឿនលឿនទី២
Updated on: November 1, 2022, 6:52 a.m.
Published on: November 1, 2022, 6:52 a.m.

ក្រសួងកោះប្រជុំស្វែងរកដំណោះស្រាយលើបញ្ហាប្រឈមនានាសម្រាប់គម្រោងផ្លូវល្បឿនលឿនទី២


រាជធានីភ្នំពេញ ៖ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញ​ដឹកនាំ​កិច្ច​​​​ប្រជុំពិភាក្សាជាមួយថ្នាក់ដឹកនាំក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន (CRBC) ទាក់ទងនឹងកិច្ចព្រមព្រៀង​សម្បទាន​​សម្រាប់គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រ​ចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថ្នាក់ដឹក​នាំ​ក្រសួង សមាជិកសមាជិកាគណៈកម្មការអន្តរក្រសួង និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូប ។ កិច្ចប្រជុំស្តីពី​កិច្ច​ព្រម​ព្រៀង​​សម្បទាន​​សម្រាប់គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិតនេះធ្វើឡើងនារសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន ។

កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងពិភាក្សារិះរកដំណោះស្រាយធ្វើយ៉ាងណាឱ្យកិច្ចព្រមព្រៀងនេះមានខ្លឹមសារគ្រប់ជ្រុងជ្រោយអាចទទួលយកបាន និងអាចអនុវត្តដោយរលូននៅពេលអនាគត ប្រកបដោយគុណភាព និងប្រសិទ្ធ​ភាពការងារខ្ពស់ ជាពិសេសដើម្បីជំរុញឱ្យគម្រោងការងារនេះអាចសម្រេចបានតាមផែនការ​ដែល​បាន​គ្រោងទុក ។

អង្គប្រជុំបានពិភាក្សាយ៉ាងផុសផុលលើចំណុចសំខាន់ៗមួយចំនួនដែលមិនទាន់ទទួលបានការសម្រេចជាផ្លូវការ ជាពិសេស​ការវិភាគលើការព្យាករណ៍ទំហំចរាចរណ៍ដែលនឹងអាចកើតមាននៅពេលអនាគត ។

សូមជម្រាបជូនថា គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិតនឹងក្លាយជាផ្លូវល្បឿនលឿនទីពីរនៅក្នុង​ព្រះរាជាណា​ចក្រ​កម្ពុជា​បន្ទាប់ពីផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ។ ផ្លូវល្បឿនលឿនខ្សែទីពីរនេះ នឹងក្លាយជា​ខ្សែ​ផ្លូវ​ដ៏​សំខាន់​មួយ​ទៀតសម្រាប់បម្រើឱ្យសកម្មភាពដឹកជញ្ជូន និងពាណិជ្ជកម្ម​ឆ្លងកាត់ព្រំដែនរវាងកម្ពុជា និងវៀតណាមផងដែរ ៕

Comments