គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិតដែលជាផ្លូវសេដ្ឋកិច្ចដ៏សំខាន់នឹងត្រូវតភ្ជាប់រវាងប្រទេសកម្ពុជា និងវៀតណាម មានប្រវែង១៣០គីឡូម៉ែត្រ ពេលនេះបានបញ្ចប់ការសិក្សាលើគម្រោងសាងសង់ផ្លូវនេះជាស្ថាពរហើយ ដោយគ្រោងនឹងចំណាយថវិការប្រមាណ២៥០០លានដុល្លារ ។ នេះបើយោងតាមថ្នាក់ដឹកនាំក្រុមហ៊ុន China Railway ប្រចាំនៅកម្ពុជា ។
ថ្នាក់ដឹកនាំក្រុមហ៊ុន China Railway ប្រចាំនៅកម្ពុជាក៏បានឱ្យដឹងផងដែរថា គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិតនេះត្រូវចំណាយថវិការច្រើនរហូតដល់២៥០០លានដុល្លារដោយសារតែផ្លូវនេះមានប្រវែងវែង និងថែមទាំងត្រូវសាងសង់ស្ពានច្រើនកន្លែងផងដែរ ។
ថ្នាក់ដឹកនាំក្រុមហ៊ុន China Railway ប្រចាំនៅកម្ពុជាបន្តថា ៖«គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិតនេះត្រូវបានដាក់ឆ្លងប្រមុខថ្នាក់ដឹកនាំកម្ពុជារួចហើយ និងត្រូវបានបញ្ចួលសំណើរទៅកាន់រដ្ឋាភិបាលចិន ដើម្បីសិក្សាពីលទ្ធភាពហិរញ្ញប្បទានដើម្បីសាងសង់ផ្លូវនេះឬយ៉ាងណា» ។
គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិតនេះត្រូវសិក្សាប្រើរយៈពេលយូរដោយសារតែកម្រិតនៃផលចំណេញផ្នែកសេដ្ឋកិច្ចរបស់ផ្លូវនេះ ខណៈបច្ចុប្បន្នផ្លូវជាតិលេខ១ក៏បានដើរតួនាទីសំខាន់ផងដែរដើម្បីតភ្ជាប់រវាងកម្ពុជា-វៀតណាមផងដែរ ។
គួររម្លឹកផងដែរថា ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន ធ្លាប់បានមានប្រសាសន៍ថា គម្រោងសាងសង់ផ្លូវល្បឿនលឿនផ្លូវជាតិលេខ១ពីភ្នំពេញទៅបាវិតនេះ ព្រោះតែប្រទេសកម្ពុជាស្ថិតនៅចន្លោះរវាងប្រទេសវៀតណាម និងថៃ ដូច្នេះបើប្រទេសទាំង២ចង់ចរាចរទំនិញត្រូវឆ្លងកាត់កម្ពុជាតាមរយៈផ្លូវអាស៊ានហាយវេលេខ១ គឺការតភ្ជាប់ពីចិន ភូមា ថៃ កម្ពុជា ទៅវៀតណាម តាមរយៈផ្លូវជាតលេខ៥ និងលេខជាតិ១របស់កម្ពុជា ៕
Comments