+855 92 92 1000
Logo
វិវាទដីធ្លី ! ប្រជាពលរដ្ឋ៧០០គ្រួសារសុំអន្តរាគមន៍បន្ទាន់ពីសម្តេច និងឯកឧត្តម ជា សុផារ៉ា ព្រោះមិនហ៊ានចូលដី
Updated on: June 5, 2022, 1:58 a.m.
Published on: May 10, 2022, 8:39 a.m.

វិវាទដីធ្លី ! ប្រជាពលរដ្ឋ៧០០គ្រួសារសុំអន្តរាគមន៍បន្ទាន់ពីសម្តេច និងឯកឧត្តម ជា សុផារ៉ា ព្រោះមិនហ៊ានចូលដី


ក្រុម​ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់​បាន​ប្រមូលផ្តុំ​គ្នា​នៅ​មុខក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ដើម្បី​ស្នើ​សុំ​អន្តរាគមន៍​បញ្ចប់ទំនាស់​ដីធ្លី​រវាង​អ្នក​ភូមិ និង​ក្រុម​ទាហាន ដែល​បាន​កើតឡើង​ក្នុង​សហគមន៍​ឧត្តម​ស្រែ​ខ្ទរ ក្នុងស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ ដោយ​ប្រជាពលរដ្ឋ​បាន​ចោទ​ថា ក្រុម​ទាហាន​បាន​ទន្ទ្រាន​យក​ដី​របស់​ពួក​គាត់​ដែល​អាស្រ័យ​ផល​ធ្វើស្រែ​ចម្ការ​ជាង​២០​ឆ្នាំ​មក​ហើយ ដោយ​មាន​ទំហំ​ជាង​២០០​ហិ​កតា ។

លោក សុខ លី ប្រជាពលរដ្ឋ​ម្នាក់​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ដែល​បាន​ប្រមូលផ្តុំ​គ្នា​បាន​ស្នើ​សុំ​អន្តរាគមន៍​ពី​សំណាក់​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី និង​ឯកឧត្តម ជា សុ​ផា​រ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ឱ្យ​ជួយ​ស្វែងរក​ដំណោះស្រាយ​ស្រាប់​ពួក​គាត់​ផង ព្រោះ​ពួក​គាត់​ជា​ប្រជាពលរដ្ឋ​ក្រីក្រ​តស៊ូ​លំបាក​ក្នុង​ការ​ថែរក្សា​ដី​សហគមន៍​នេះ​សម្រាប់​ក្មេង​ជំនាន់​ក្រោយ ។

ជម្លោះដីធ្លី​ដ៏​រាំ​រ៉ាំ​នេះ​បាន​កើត​ឡើងជា​យូរណាស់​មក​ហើយ​រវាង​អ្នក​ភូមិ​ចំនួន​៧០០​គ្រួសារ និង​ក្រុម​ទាហាន ។ មិនតែប៉ុណ្ណោះ​ក៏​ធ្លាប់​បាន​ស្នើ​ទៅ​កាន់​រដ្ឋបាល​ខេត្ត​ឱ្យ​ជួយ​ដោះស្រាយ​ផង​ដែរ ប៉ុន្តែ​មិន​មាន​លទ្ធផល​អ្វី​សោះឡើយ ។ ហើយ​ក្រុម​ទាហាន​ក៏​បាន​ធ្វើការ​គំរាម​កំ​ហែល​មក​លើ​ប្រជាពលរដ្ឋ ថែម​ទាំង​រារាំង​មិន​ឱ្យ​ពួក​គាត់​ចូល​ព្រៃ​រក​ទឹកឃ្មុំ​ថែម​ទៀត ។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​បន្ត​ពី​លោក សុខ លី ។

ប្រជាពលរដ្ឋ​ខាងលើ​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា មាន​តែ​ការ​អន្តរាគមន៍​ពី​សំណាក់​សម្តេច​តេ​ជោ ហ៊ុន សែន និង​ក្រសួង​តែ​ប៉ុណ្ណោះ​អាច​ដោះស្រាយ​ជម្លោះដីធ្លី​សហគមន៍​នេះ​បាន ។ តំណាង​ក្រសួង​រៀបចំ​ដែនដី បាន​ទទួលយក​ញត្តិ​របស់​យើង ហើយ​សន្យា​ថា​នឹង​ដោះស្រាយ​បញ្ហា​ដីធ្លី​នេះ ។ បច្ចុប្បន្ន​ប្រជាពលរដ្ឋ​មិន​ហ៊ាន​ចូល​ដី​ដែល​កំពុង​មាន​ជម្លោះ​នោះ​ទេ ព្រោះតែ​ក្រុម​ទាហាន​កំពុង​នៅ​ទីនោះ ។ យើងខ្ញុំ​នឹង​រង់ចាំ​មើល​ដំណោះស្រាយ​ពី​សម្តេច​តេ​ជោ និង​រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី ។

គួរ​រម្លឹក​ផង​ដែរ​ថា កាលពី​ថ្ងៃ​ទី​២០ ខែសីហា ឆ្នាំ​២០២១ រដ្ឋាភិបាល​បាន​ចេញ​អនុក្រឹត្យ​អនុញ្ញាត​ឱ្យ​ទាហាន​កាត់​ផ្ទៃដី​ជាង២៦០ហិ​កតាពី​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ ក្នុងស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ ដែល​មាន​ប្រជាពលរដ្ឋ​ប្រហែល ៤១ គ្រួសារ​រស់នៅ និង​ដាំ​ដុះ​នៅ​ទីនោះ ៕

Comments