កំណើនការទទួលកម្ចីដោយផ្ទាល់ពីម្ចាស់បុរី ឬក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ បានធ្វើឲ្យមន្រ្តីជាន់ខ្ពស់ពីធនាគារកណ្តាលកម្ពុជាបង្កើនការយកចិត្តទុកដាក់ ហើយបានក្រើនរំឭកដល់អ្នកទិញផ្ទះឲ្យបង្កើនការប្រុងប្រយ័ត្ននិងពិចារណាឲ្យបានហ្មត់ចង់ពី អត្រាការប្រាក់។
ថ្លែងក្នុងឱកាសនៃការធ្វើបទបង្ហាញពីលទ្ធផលឆមាសទីមួយឆ្នាំ ២០១៩ របស់ធនាគារជាតិនៃកម្ពុជាកាលពីថ្ងៃសៅរ៍ លោកស្រី ជា សិរី អគ្គនាយិកាធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍ថាវិស័យអចលនទ្រព្យនៅកម្ពុជាមានការកើនឡើងយ៉ាងខ្លាំង ហើយតម្រូវការប្រាក់កម្ចីទិញផ្ទះក៏កំពុងកើនឡើង។ លោកស្រីបានបន្តថា គូស្រករវ័យក្មេងកាន់តែច្រើន តែងចង់បានរបៀបនៃការរស់នៅថ្មីដោយរស់នៅដាច់ដោយឡែកពីឱពុកម្តាយតាមរយៈការមានផ្ទះដោយខ្លួនឯង ដោយការទទួលកម្ចី។
តាមរយៈនិន្នាការនេះ លោកស្រី សិរី បានជំរុញឱ្យអ្នកទិញអចលនទ្រព្យធ្វើការស្រាវជ្រាវដោយខ្លួនឯងឲ្យបានលម្អិតមុនពេលសម្រេចចិត្ត ដោយសារថាការទិញផ្ទះបង់រំលស់ពីម្ចាស់បុរី ដោយផ្ទាល់តែងមានអត្រាការប្រាក់ខ្ពស់ជាងឆ្ងាយធៀបនឹងការទទួលកម្ចីពីធនាគារ។
គម្រោងតែងតែចង់ឲ្យអ្នកទិញបង់ផ្ទាល់
ដោយមិនបញ្ចេញចំឈ្មោះ លោកស្រី សិរី បានលើកឡើងថាមានក្រុមហ៊ុនអភិវឌ្ឍន៍ខ្លះមានចេតនាអូសបន្លាយពេលអ្នកទិញផ្ទះឲ្យបង់កម្ចីតាមក្រុមហ៊ុនជៀសជាងតាមធនាគារ ដោយអូសបន្លាយការផ្តល់ប្លង់កម្មសិទ្ធ។
លោកស្រីថ្លែងថា៖«ម្ចាស់គម្រោងខ្លះ គាត់អត់ចង់ចេញប្លង់ហ្នឹងឲ្យយើងទេ គាត់អត់ជួយសម្រួលយើងជាមួយធនាគារ ព្រោះគាត់ចង់ទុកយើងឲ្យខ្ចីលុយគាត់ ហើយឲ្យការប្រាក់គាត់»។
លោកស្រីបន្តថា៖«មានគម្រោងខ្លះ [អ្នកទិញ] បានលុយកម្ចីពីធនាគារ ហើយយកទៅឲ្យម្ចាស់គម្រោង តែម្ចាស់គម្រោងអត់យកភ្លាមៗទេ។ គាត់ទុកឲ្យយើងចិញ្ចឹមគាត់មួយឆ្នាំ ១៨ ភាគរយ»។
ដោយសារក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យស្ថិតនៅក្រោមដែនសមត្ថកិច្ចរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនៅកម្ពុជា ដូច្នេះធនាគារជាតិនៃកម្ពុជាមិនមានទិន្នន័យទំហំ ប្រាក់កម្ចីទិញផ្ទះដែលអ្នកទិញ ធ្វើតាមក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យនោះទេ។
ការទិញផ្ទះដោយការបង់រំលស់ពីម្ចាស់បុរី ឬ ម្ចាស់គម្រោងអភិវឌ្ឍន៍អចលនទ្រព្យដោយផ្ទាល់បានចាប់ផ្តើម កក្រើកខ្លាំងនៅរយៈពេលបី ទៅបួនឆ្នាំចុងក្រោយ។ ជាទូទៅ ម្ចាស់បុរីបានអនុញ្ញាត្តិឲ្យអ្នកទិញផ្ទះ ទិញដោយមានលក្ខខណ្ឌងាយស្រួល ដោយមិនចាំបាច់មានប្រាក់តម្កល់ដំបូង មិនមានការត្រួតពិនិត្យប្រវត្តិឥណទាន ឬមិនមានវាយតម្លៃពីលទ្ធភាពសងត្រលប់ ព្រមទាំងអនុញ្ញាត្តិឲ្យមានការបង់រំលស់រយៈពេលវែងដល់ទៅ ២០ ឬ ៣០ ឆ្នាំ។
ការប្រាក់អាចកើនពីរដង ឬបីដងនៃថ្លៃដើម
ទោះបីប្រាក់កម្ចី ពីបុរី ឬ ម្ចាស់គម្រោងអចលនទ្រព្យទាំងនេះដំបូងមើលទៅគួរឱ្យចាប់អារម្មណ៍សម្រាប់អ្នកទិញក៏ដោយ តែអត្រាការប្រាក់គឺកើនឡើងទ្វេដង ឬបីដងនៃតម្លៃផ្ទះ នៅពេលប្រាក់កម្ចីត្រូវបានសងត្រលប់ទាំងស្រុង។
ខុសគ្នាពី ម្ចាស់បុរី ធនាគាររបស់ប្រទេសកម្ពុជាជាធម្មតាតម្រូវឱ្យអ្នកទិញផ្ទះត្រូវមានប្រាក់យ៉ាងហោចណាស់ ៣០ ភាគរយនៃតម្លៃផ្ទះ និងមានការត្រួតពិនិត្យរយៈពេលវែងលើប្រវត្តិឥណទាន និងសមត្ថភាពក្នុងការសង។ តែអត្ថប្រយោជន៍គឺ អត្រាការប្រាក់សម្រាប់ប្រាក់កម្ចីពីធនាគារមានអត្រាចន្លោះពី ៧ ទៅ ១២ ភាគរយក្នុងមួយឆ្នាំ។
យោងតាមទិន្នន័យចុងក្រោយរបស់ការិយាល័យឥណទានកម្ពុជា (ស៊ីប៊ីស៊ី) ប្រាក់កម្ចីទិញផ្ទះនៅកម្ពុជាបានកើនដល់ចំនួន ៣.២ ពាន់លានដុល្លារគិតត្រឹមដំណាច់ខែមីនាឆ្នាំនេះ គឺការកើនឡើង ៣៤ ភាគរយធៀបនឹងដំណាច់ខែមិនាឆ្នាំមុន។
លោកអឿសុធារ័ត្ន នាយកប្រតិបត្តិ ស៊ីប៊ីស៊ី បានប្រាប់ Realestate.com.kh ថា «ការផ្តល់កម្ចីទិញផ្ទះដោយស្ថាប័នហិរញ្ញវត្ថុកំពុងដំណើរការយ៉ាងល្អនៅក្នុងទីផ្សារប្រទេសកម្ពុជា»។លោកបន្តថា៖«និន្នាការនេះកំពុងកើនឡើងក្នុងល្បឿនដូចឆ្នាំមុនហើយស្របនឹងកំណើនវិស័យអចលនទ្រព្យទូទៅ»។
ស្វែងរកអចលនទ្រព្យសម្រាប់លក់នៅក្នុងទីក្រុងភ្នំពេញ និងអចលនទ្រព្យសម្រាប់ជួលនៅក្នុងទីក្រុងភ្នំពេញនៅថ្ងៃនេះ!
Comments