+855 92 92 1000
Logo
ចំណាំ​មុខ​ទុក កុំឱ្យ​ចាញ់បោក ! អគ្គនាយកដ្ឋាន​ពន្ធដារ​បង្ហាញមុខ​ជន​ក្លែងបន្លំ​ឆបោក
Updated on: June 7, 2022, 4:14 a.m.
Published on: May 12, 2022, 9:13 a.m.

ចំណាំ​មុខ​ទុក កុំឱ្យ​ចាញ់បោក ! អគ្គនាយកដ្ឋាន​ពន្ធដារ​បង្ហាញមុខ​ជន​ក្លែងបន្លំ​ឆបោក


អគ្គនាយកដ្ឋាន​ពន្ធដារ​បាន​ចេញ​សេចក្តីជូនដំណឹង​ដល់​សាធារណជន និង​អ្នក​ជាប់ពន្ធ​ទាំងអស់​ដោយពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ​មាន​មនុស្ស​មួយ​ក្រុម​ដែល​ក្នុង​នោះ​បាន​ប្រើប្រាស់ និង​ជាប់​ពាក់ព័ន្ធ​នឹង​គណនី​ក្នុង​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក​ដែល​មានឈ្មោះ​ថា Thyrith Sochantha, Thirith Kong, ហម ផល្គុន និង Princess Small បាន​បង្ហោះ​ក្នុង​បណ្តាញ​សង្គម​របស់​ខ្លួន​ដោយ​មាន​សកម្មភាព​ដូច​ជា ៖ ស្លៀកពាក់​ឯកសណ្ឋាន​ដែល​មាន​ទម្រង់​ជា​មន្ត្រីរាជការ​ពន្ធដារ​, បង្ហោះ​រូបភាព​ក្នុង​ឯកសណ្ឋាន ឬ​មាន​ពាក់​កាត​សម្គាល់​អង្គភាព​នៅ​មុខ​រដ្ឋបាល​ខេត្ត​មួយ​ចំនួន ហើយ​គណនី Thyrith Sochantha និង Princess Small ក៏​បាន​បង្ហាញ​ក្នុង​គណនី​របស់​ខ្លួន​ថា កំពុង​បម្រើ​ការងារ​នៅ​អគ្គនាយកដ្ឋាន​ពន្ធដារ ។

ពាក់ព័ន្ធ​នឹង​ការ​លើក​ឡើង​ខាងលើ អគ្គនាយកដ្ឋាន​ពន្ធដារ​បាន​ធ្វើការ​ជូនដំណឹង​ដល់​សាធារណជន​ទាំងអស់ និង​អ្នក​ជាប់ពន្ធ មេត្តា​ជ្រាប​ថា មនុស្ស​មួយ​ក្រុម​នេះ​មិនមែន​ជា​មន្ត្រីរាជការ​ពន្ធដារ ឬ​ជា​មន្ត្រី​ជាប់កិច្ចសន្យា​នៃ​អង្គភាព​ក្រោម​ឱវាទ​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​ណាមួយ​ឡើយ ។ ករណី​នេះ​គឺជា​ករណី​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សម្លៀក​បំពាក់​ឯកសណ្ឋាន​ក្នុង​គោលដៅ​ទុច្ចរិត​ណាមួយ ដូច​ជា​ការ​ក្លែងបន្លំ ឬ​ឆបោក សាធារណជន ឬ​អ្នក​ជាប់ពន្ធ​តាម​រូបភាព​ណាមួយ​ជាយថាហេតុ និង​ធ្វើ​ឱ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​នូវ​កិត្តិយស​សេចក្តី​ថ្លៃ​ថ្លូ​រ និង​ការ​បំពេញការងារ​ស្របច្បាប់​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ ។

បច្ចុប្បន្ន​អគ្គនាយកដ្ឋាន​ពន្ធដារ​បាន​និង​កំពុង​សហការ​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច និង​ស្ថាប័ន​ពាក់ព័ន្ធ​ដើម្បី​ចាត់វិធានការ​តាម​ច្បាប់​ជា​ធរមាន ។ ក្នុង​ន័យ​នេះ អគ្គនាយកដ្ឋាន​ពន្ធដារ សូម​ក្រើនរំលឹក​ជូន​សាធារណជន និង​អ្នក​ជាប់ពន្ធ សូម​ចៀសវាង​ការ​ពាក់ព័ន្ធ​ជាមួយ​មនុស្ស​មួយ​ក្រុម​នេះ ដើម្បី​កុំឱ្យ​មានការ​ឆបោក​ក្លែងបន្លំ ឬ​កេងប្រវ័ញ្ច​ក្នុង​រូបភាព​ណាមួយ​ជាយថាហេតុ និង​សូម​លើកទឹកចិត្ត​ដល់​សាធារណជន និង​អ្នក​ជាប់ពន្ធ​ដែល​ទទួល​បាន​ព័ត៌មាន​ពី​ការ​ក្លែងបន្លំ​ខាងលើ​សូម​រាយការណ៍​ទៅ​កាន់​អគ្គនាយកដ្ឋាន​ពន្ធដារ​តាម​រយៈ​លេខ​ទូរស័ព្ទ​១២៧៧ ។

ក្នុង​នោះ​ផង​ដែរ អគ្គនាយកដ្ឋាន​ពន្ធដារ​ក៏​បាន​គោរព​ជូន​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត អគ្គស្នងការ​នគរបាល​ជាតិ អំពី​បណ្តឹង​លើ​ករណី​ប្រើប្រាស់​ដោយ​ក្លែងបន្លំ​នូវ​សម្លៀក​បំពាក់ និង​ឯកសណ្ឋាន​របស់​មន្ត្រីរាជការ នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ។

យោង​តាម​មាត្រា​៦២៦ នៃ​ក្រមព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ការ​ក្លែងបន្លំ​នេះ​គឺ​បាន​ធ្វើ​ឱ្យ​ខូចខាត​ដោយ​ចេតនា​នូវ​ការ​ពិត​ដែល​សម្តែង​ចេញ​ជាក់ស្តែង​ដោយ​មានកម្ម​វត្ថុ​ច្បាស់លាស់ និង​អាច​បណ្តាល​ឱ្យ​មានការ​ខាតបង់​ដល់​ចំណូល​ពន្ធ​រដ្ឋ​យ៉ាងធ្ងន់ធ្ងរ​តាម​រយៈ​ការ​ក្លែងបន្លំ​នេះ ។ ការ​ក្លែងបន្លំ​នូវ​សម្លៀក​បំពាក់ និង​ឯកសណ្ឋាន​របស់​មន្ត្រីរាជការ នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​នេះ ជា​អំពើ​ល្មើស​ធ្ងន់ធ្ងរ​ដូច​មាន​ចែង​ក្នុង​មាត្រា​៦១០, មាត្រា​៦១២ នៃ​ក្រមព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ៕

អត្ថបទដោយ

Comments