+855 92 92 1000
Logo
ដំណឹង​បន្ទាន់ ! ក្រសួង​ជូនដំណឹង​ហាម​បើកបរ​លើ​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុងព្រះសីហនុ​ព្រោះ​មូលហេតុ​នេះ
Updated on: July 12, 2022, 4:08 a.m.
Published on: July 12, 2022, 4:08 a.m.

ដំណឹង​បន្ទាន់ ! ក្រសួង​ជូនដំណឹង​ហាម​បើកបរ​លើ​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុងព្រះសីហនុ​ព្រោះ​មូលហេតុ​នេះ


រាជធានីភ្នំពេញ ៖ ក្រោយ​ពី​មាន​គ្រោះថ្នាក់​ចរាចរណ៍​ជា​បន្តបន្ទាប់​នៅ​លើ​ដងផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុងព្រះសីហនុ ជាក់ស្តែង​កាលពី​ថ្ងៃ​ទី​១១ ខែកក្កដា កន្លង​ទៅ​នេះ​ទើបតែ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​បាន​កើតឡើង ស្ថិត​ត្រង់​ចំណុច​ភូមិ​កុមារ​ពេទ្យ ឃុំ​អូរ ស្រុក​ភ្នំស្រួច (​លើ​ផ្លូវ​ល្បឿន​លឿន​) ដែល​បណ្ដាល​ឱ្យ​រង​របួស​មនុស្ស​ចំនួន​០៦​នាក់​(​ស្រី​២​នាក់​) ដោយ​មាន​អ្នក​របួសធ្ងន់​៣​នាក់ (​ស្រី​១) ពេល​នេះ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បាន​ចេញ​សេចក្តីជូនដំណឹង​ហាម​មិន​អនុញ្ញាត​ឱ្យធ្វើ​ចរាចរ​យានយន្ត​គ្រប់​ប្រភេទ​លើ​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុងព្រះសីហនុ​នេះ ។​

យោង​តាម​ប្រភព​សេចក្តីជូនដំណឹង​របស់​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បានឱ្យ​ដឹង​ថា គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុងព្រះសីហនុ​ដែល​វិនិយោគ​សាងសង់​ដោយ​ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន​ថ្នល់​ចិន (CRBC) បាន និង​កំពុង​ដំណើរការ​សាងសង់​មិន​ទាន់​បញ្ចប់​ទាំងស្រុង​ទេ ជា​ពិសេស​នៅ​មិន​ទាន់​បាន​បំពាក់​បរិក្ខារ​សុវត្ថិភាព​ចរាចរណ៍​នៅឡើយ ។​

សេចក្តីជូនដំណឹង​របស់​ក្រសួង​បានឱ្យ​ដឹង​បន្ត​ថា បច្ចុប្បន្ន​ការ​ធ្វើ​ចរាចរ​យានយន្ត​របស់​សាធារណជន និង​ប្រជាពលរដ្ឋ​មួយ​ចំនួន​បាន​ចូល​ប្រើប្រាស់​ផ្លូវ​នេះ​មានការ​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់ និង​បាន​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​ជា​ញឹកញាប់ ។ ដើម្បី​ចៀសវាង​ការ​រំខាន​ដល់​ដំណើរការ​ធ្វើ​ដំណើរ ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បាន​សម្រេច​ឱ្យ​ក្រុមហ៊ុន​សាងសង់​បិទ​គ្រប់​ច្រកចេញ​-​ចូល​ដោយ​មិន​អនុញ្ញាត​ឱ្យ​យានយន្ត​គ្រប់​ប្រភេទ ចូល​ប្រើប្រាស់​ផ្លូវ​ល្បឿន​លឿន​ក្រៅពី​យានយន្ត​ដែល​បម្រើ​ការងារ​ឱ្យ​គម្រោង និង​យានយន្ត​មាន​តម្រូវការ​ចាំបាច់​ដែល​មានការ​អនុញ្ញាត​ពី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​ចាប់ពី​ពេល​ជូនដំណឹង​នេះ​តទៅ ៕

Comments