+855 92 92 1000
Logo
លែងស្ទះហើយ ! ពេលនេះក្រសួងរកបានវិធីថ្មីបង់លុយផ្លូវល្បឿនលឿនដោយមិនបាច់រងចាំ
Updated on: November 17, 2022, 6:53 a.m.
Published on: November 17, 2022, 6:53 a.m.

លែងស្ទះហើយ ! ពេលនេះក្រសួងរកបានវិធីថ្មីបង់លុយផ្លូវល្បឿនលឿនដោយមិនបាច់រងចាំ


រាជធានីភ្នំពេញ ៖ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បាន​អញ្ជើញ​ដឹក​នាំកិ​ច្ចប្រជុំ ដើម្បីពិនិត្យពិភាក្សាលើវិធីធ្វើឱ្យប្រសើរឡើងលើការគ្រប់គ្រងការចេញចូល ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បានលឿនរហ័ស កាត់បន្ថយការកកស្ទះ ដោយមានការចូលរួមពី លោក Zhou Yang អគ្គនាយក​ក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន លោក Mo Kun អគ្គនាយកក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញព្រះសីហនុ ថ្នាក់ដឹក​នាំក្រសួង និងមន្ត្រីជំនាញនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ ។ កិច្ចប្រជុំនេះ​ធ្វើឡើង​នាទីស្តី​ការ​ក្រសួងកាលពីព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ ។

កិច្ចប្រជុំបានផ្តោតសំខាន់ទៅលើការធានាលំហូរយានយន្តចូលចេញដែលកន្លងទៅតម្រូវឱ្យបង់ជាសាច់ប្រាក់នៅគ្រប់គន្លងច្រកចេញ ពីផ្លូវល្បឿនលឿន ជាបច្ច័យអាចធ្វើឱ្យការកកស្ទះ នៅពេលមានតម្រូវការចរាចរណ៍ខ្ពស់ ជា​ពិសេស​ថ្ងៃបុណ្យទាន និងថ្ងៃឈប់សម្រាកនានា ។

អង្គប្រជុំបានធ្វើការពិភាក្សាយ៉ាងផុសផុល ដោយលើកយកបញ្ហាប្រឈមមួយចំនួន ដែលបានកើតឡើង​ក្នុងរយៈ​ពេល​ពីរ​សប្តាហ៍កន្លងទៅ និងពិភាក្សាលើដំណោះស្រាយថ្មី តាមប្រព័ន្ធបច្ចេកវិទ្យា DIP អនុញ្ញាតឱ្យបញ្ចូល​ប្រាក់​តាម​ផ្លាក​លេខ ANPR មុនចូលចូលប្រើប្រាស់ផ្លូវល្បឿនលឿន ដែលបានប្រកាសដាក់ឱ្យសាកល្បង កាលពីថ្ងៃទី១៤ វិច្ឆិកា ២០២២ កន្លងទៅ ។

សូមជម្រាបជូនថា ប្រព័ន្ធបច្ចេកវិទ្យា DIP គឺជាគំនិតផ្តួចផ្តើមមួយ ត្រូវបានដាក់ចេញដើម្បី ធានាការ​ធ្វើអាជីវកម្ម​របស់​ក្រុមហ៊ុន កាន់តែមានតម្លាភាព ក្នុងការគ្រប់គ្រងការងារផ្តល់សេវាប្រើប្រាស់ផ្លូវ ការកត់ត្រាការប្រមូល​​ចំណូល​សម្រាប់​​​​​​ការបង់ពន្ធជូនរាជរដ្ឋាភិបាល ឱ្យបានត្រឹមត្រូវ ។ ប្រព័ន្ធនេះក៏នឹងធានា​ឱ្យការ​ធ្វើដំណើរ​កាន់តែ​មាន​សុវត្ថិ​ភាពខ្ពស់ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងទទួលបានសេវាប្រើប្រាស់ផ្លូវបានលឿនរហ័ស ជៀសផុតពីជំងឺកូវី-១៩ កាត់បន្ថយភាពស្មុគស្មាញ និងកាត់បន្ថយការរង់ចាំយូរដែលបណ្តាលមកពីការកកស្ទះចរាចរណ៍ ជាដើម…។ល។

ដើម្បីឱ្យការចេញពីផ្លូវបានលឿនរហ័ស ក្រោមការចង្អុលបង្ហាញពី ឯកឧត្តមទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណ​ការ និងដឹកជញ្ជូន អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ បានសហការរួមគ្នាជាមួយ​ក្រុមហ៊ុនផ្លូវ​ល្បឿនលឿន បានសម្រួលផ្តល់លទ្ធភាព ឱ្យអ្នកបើកបរ អាចធ្វើការបញ្ចូលសមតុល្យទឹកប្រាក់ជាមុនទៅក្នុង ផ្លាកលេខសម្គាល់យានយន្ត មុនចូលប្រើប្រាស់ផ្លូវល្បឿនលឿន។ នេះគឺជាផ្នែកមួយនៃ ប្រព័ន្ធបច្ចេកវិទ្យា DIP របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ។

ការបញ្ចូលទឹកប្រាក់ក្នុងផ្លាកលេខ ជាមុន (Prepaid License Plate Top-Up) ត្រូវបានផ្តល់លទ្ធភាពឱ្យធ្វើ តាមកម្មវិធីទូរសព្ទដៃទូទាត់ប្រាក់អេឡិចត្រូនិក (Mobile Banking) ឬបញ្ជរបង់ប្រាក់ របស់គ្រឹះស្ថានហិរញ្ញវត្ថុ និងធនាគារដៃគូ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ៕

Comments