+855 92 92 1000
Logo
ឆ្នេរកែបថ្មីប្រវែង២,៧គីឡូម៉ែត្រត្រៀមស្វាគមន៍សាធារណជនពេលចូលឆ្នាំខ្មែរ
Updated on: June 7, 2022, 1:37 a.m.
Published on: January 19, 2022, 7:49 a.m.

ឆ្នេរកែបថ្មីប្រវែង២,៧គីឡូម៉ែត្រត្រៀមស្វាគមន៍សាធារណជនពេលចូលឆ្នាំខ្មែរ


គម្រោង​អភិវឌ្ឍន៍​ឆ្នេរ​ប្រវែង​ជាង​២​គីឡូម៉ែត្រ​ក្នុង​ខេត្ត​កែប​បាន​សម្រេច​ជិត​រួចរាល់​ហើយ ដោយ​គ្រោង​នឹង​បើក​ឱ្យ​ប្រជាពលរដ្ឋ​ចូល​កម្សាន្ត​នា​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​ក្នុង​ខែមេសា​ខាង​មុខ​នេះ ។ នេះ​បើ​យោង​តាម​ការ​ប្រកាស​ឱ្យ​ដឹង​របស់​រដ្ឋបាល​ខេត្ត​កែប ។

តាម​ប្រភព​អភិបាលខេត្ត​កែប​លោក សោម ពិសិដ្ឋ បាន​មាន​ប្រសាសន៍​ថា បច្ចុប្បន្ន​គម្រោង​អភិវឌ្ឍន៍​ឆ្នេរ​ដែល​មាន​ប្រវែង​២,៧​គីឡូម៉ែត្រ​នេះ​ត្រូវ​បាន​ក្រុមការងារ​កំពុង​ព​ន្លឿ​ន​ការ​ចាក់​ដី​ធ្វើ​សួនច្បារ និង​បន្ថែម​ខ្សាច់​ដើម្បី​ធ្វើ​ឆ្នេរ​ឱ្យ​កាន់តែ​មាន​សោ​ភណ្ឌ​ភាព ។

គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍន៍​ឆ្នេរ បាន​ចាប់ផ្តើម​ការងារ​លើ​គម្រោង​ផ្លាស់​ប្តូរ​ឆ្នេរ​ប្រវែង​២,៧ គីឡូម៉ែត្រ​ទៅ​ជា​រមណីយដ្ឋាន​ឆ្នេរ​សាធារណៈ ។ នៅ​ក្រោម​គម្រោង​នេះ ឆ្នេរ​ដ៏​វែង​មួយ​នឹង​ត្រូវ​បាន​បង្កើត​ឡើង​ជាមួយនឹង​សួនផ្កា និង​ដើមឈើ​សាធារណៈ​។

លោក​អភិបាលខេត្ត​កែប​បាន​មាន​ប្រសាសន៍​ឱ្យ​ដឹងផង​ដែរ​ថា ៖ «​នៅ​ក្នុង​ខេត្ត​កែប យើង​មាន​ឆ្នេរ​ខ្សាច់​ស​ប្រវែង ៣០០​ម៉ែត្រ​ប៉ុណ្ណោះ ដូច្នេះ​ហើយ​ឥឡូវនេះ​យើង​កំពុង​អភិវឌ្ឍ​ឆ្នេរ​ថ្មី​មួយ ដើម្បី​ផ្តល់​ជា​គោលដៅ​សម្រាប់​ភ្ញៀវ​ទេសចរ​» ។

លោក សោម ពិសិដ្ឋ បាន​បញ្ជាក់​ថា គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍន៍​ឆ្នេរ​បាន​យល់ព្រម​ជំរុញ​ការងារ​ដែល​បាន​ធ្វើ និង​បើក​ជា​សាធារណៈ​មុន​ចូល​ឆ្នាំ​ខ្មែរ ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​មាន​ជម្រើស​ក្នុង​ការ​ទៅ​លេង​ក្នុង​ខេត្ត​កែប ៕

Comments