ក្រសួងរៀបចំដែនដីបានបញ្ជូនក្រុមបច្ចេកទេស និងមន្ត្រីជំនាញដោយមានការសហការជាមួយមន្ត្រីរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមជាមួយអាជ្ញាធរមូលដ្ឋានដើម្បីចុះទៅដោះស្រាយបញ្ហាអ្នកកាន់កាប់សំណង់ខុសច្បាប់ និងដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរ (បរិវេនស្រះស្រង់ មុខប្រាសាទបន្ទាយក្តី) ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា ក្នុងក្រុងសៀមរាប ខេត្តសៀមរាប ។
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងរៀបចំការចាប់ឆ្នោតទទួលដីឡូតិ៍ទៅរស់នៅតំបន់ថ្មី សម្រាប់ពលរដ្ឋសង់សំណង់ខុសច្បាប់ក្នុងតំបន់អង្គរ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ នៅរដ្ឋបាលខេត្តសៀមរាប។
សេចក្ដីប្រកាសដែលចេញផ្សាយដោយក្រសួងដែនដី នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ នេះបានឱ្យដឹងថា ចាប់ពីថ្ងៃទី១៨ ដល់២៣ ខែសីហា សកម្មភាពវាស់វែងកំណត់និយាមកាក្បាលដី និងកំណត់អត្តសញ្ញាណអ្នកកាន់កាប់ដី និងសំណង់ខុសច្បាប់ក្នុងតំបន់អង្គរ មានចំនួន ២០០៣១ ក្បាលដី ក្នុងនោះក្បាលដីមានសំណង់ ១២៣១៥ក្បាល ក្បាលដីគ្មានសំណង់ចំនួន ៦៧៣៧ ក្បាលដី ក្នុងទំហំសរុប ៤០១១៨ ហិកតា ។
ក្នុងនោះបានបំពេញសម្រង់ព័ត៌មានរបស់អ្នកសាងសង់ និងកាន់កាប់ដីចំនួន ១៧ ៣២២គ្រួសារ។ ពលរដ្ឋបានស្ម័គ្រចិត្តរុះរើតូបលក់ដូរចំនួន ៤៤តូប ក្នុងនោះ ៣៤តូប ដែលភាគច្រើនលក់វត្ថុអនុស្សាវរីយ៍ នៅលើខឿនជុំវិញស្រះស្រង់ និង១០តូប ស្មើនឹង ៧៩ខ្ចុះ នៅភូមិកស្សិណត្បូង និងភូមិវាល សង្កាត់គោកចក ។
សេចក្តីប្រកាសក៏បានបញ្ជាក់ផងដែរថា ប្រជាពលរដ្ឋដែលតាំងទីលំនៅខុសច្បាប់សរុប ៦៨៩ គ្រួសារ ដោយបានស្ម័គ្រចិត្តទៅរស់នៅភូមិធម្មជាតិរុនតាឯក ។ ពលរដ្ឋជិត៧០០គ្រួសារនេះ ក្នុងនោះនៅភូមិ២៣៤គ្រួសារនៅភូមិទក្សិណត្បូង និង៤៥៥គ្រួសារ នៅភូមិត្រពាំងសេះ ដោយពួកគេត្រូវចូលរួមចាប់ឆ្នោតទទួលយកដីឡូតិ៍នៅថ្ងៃទី២៥ ខែសីហា វេលាម៉ោង ៨ និង៣០នាទី នៅរដ្ឋបាលខេត្តសៀមរាប ៕
Comments