+855 92 92 1000
Logo
ផ្លូវជាតិលេខ៧ចាប់ពីស្គន់ដល់ក្រុងកំពង់ចាមដែលពង្រីកទៅជាផ្លូវ៤គន្លងគ្រោងបើកការដ្ឋានឆាប់ៗ
Updated on: November 28, 2022, 6:03 a.m.
Published on: November 28, 2022, 6:03 a.m.

ផ្លូវជាតិលេខ៧ចាប់ពីស្គន់ដល់ក្រុងកំពង់ចាមដែលពង្រីកទៅជាផ្លូវ៤គន្លងគ្រោងបើកការដ្ឋានឆាប់ៗ


រាជធានីភ្នំពេញ ៖ ឯកឧត្តម លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូនបានអញ្ជើញ​ដឹកនាំ​កិច្ច​ប្រជុំ​ពិភាក្សា​លើក​ទី១ នៃគម្រោងលើកកម្ពស់គុណភាពផ្លូវជាតិលេខ៧ ពីស្គន់ដល់ក្រុងកំពង់ចាម ខេត្តកំពង់ចាម ដោយ​មានការ​អញ្ជើញ​ចូលរួមពីក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) និងមន្ត្រី ជំនាញ​ពាក់ព័ន្ធ​ជាច្រើន​រូបផង​ដែរ ។ កិច្ចប្រជុំនេះធ្វើឡើងនាទីស្ដីការក្រសួងកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅនេះ ។

កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងចំនួន៣ធំៗដើម្បីរៀបចំ និងបែងចែកក្រុមការងារដើម្បីដោះស្រាយបញ្ហា​ប្រឈមសម្រាប់ការបើកការដ្ឋានសាងសង់នាពេលខាងមុខដូចជា ៖

ទី១)- ណែនាំសមាសភាពក្រុមការងារក្រសួងសាធារណការ និង ដឹកជញ្ជូន ទៅកាន់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) ដើម្បីឱ្យក្រុមការងារទាំងពីរ​អាចសហការ​ការងារ​បានរលូន​ប្រកប​ដោយ​ប្រសិទ្ធភាព

ទី២)- ធ្វើបទបង្ហាញពីលទ្ធផលនៃការសិក្សាគម្រោងលើកកម្ពស់គុណភាពផ្លូវជាតិលេខ៧ ពីស្គន់ ដល់ក្រុងកំពង់ចាម

ទី៣)-បែងចែកក្រុមការងារសម្រាប់ដោះស្រាយការងារបន្ទាន់ ការរៀបចំ​សណ្ដាប់ធ្នាប់​ទីតាំង​ការ​ដ្ឋាន និងត្រៀម​ផ្សព្វ​ផ្សាយ​ជូនដំណឹងដល់ប្រជាពលរដ្ឋអំពីការបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ៧​នេះ​នា​ពេលឆាប់ៗខាងមុខ ។

សូមជម្រាបជូនថា គម្រោងលើកកម្ពស់គុណភាពផ្លូវជាតិលេខ៧ មានប្រវែង ៤៥,៥០ គីឡូម៉ែត្រ គិតចាប់ ពីស្គន់ ដល់​ក្រុងកំពង់ចាម ខេត្តកំពង់ចាម ពង្រីកទៅជាផ្លូវ៤គន្លង (ពីរគន្លងទៅពីរគន្លងមក) គ្រោងចំណាយថវិកា​សរុប​ប្រមាណ ១១៤,៨៩ លានដុល្លាសហរដ្ឋអាមេរិក ជាហិរញ្ញប្បទានពីសាធារណរដ្ឋប្រជាមានិតចិន គ្រោងចំណាយ​ពេល​សាងសង់ប្រមាណ៣៦ខែ អនុវត្តការងារសាងសង់ដោយក្រុមហ៊ុន សាជីវកម្មស្ពាន និងថ្នល់ចិន ៕

Comments